កីឡាជាតិ
ជាតិ
CPL៖ គ្រូទ័ព នឹងប្រើទម្រង់ការពារ ស្របពេលគ្រូភ្នំពេញក្រោនស្រេកឃ្លានជ័យជម្នះ
30, Aug 2023 , 3:09 pm        
រូបភាព
ដោយ៖ ហៀក ឆក​ និង គឹម មករា
 
លោក ភា សុភ័ត្រ្តា គ្រូបង្គោលក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ចាត់ទុកក្រុមម្ចាស់ការពារជើងឯកភ្នំពេញក្រោន ជាក្រុមខ្លាំងមួយក្នុងលីគកំពូលកម្ពុជា ស្របពេលលោកត្រៀមទម្រង់ការពារក្នុងជំនួបរវាងក្រុមទាំងពីរក្នុងការប្រកួតលីគ។ ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ដាក់គោលដៅការពារជើងឯករដូវកាលនេះ ដោយធ្វើយ៉ាងណារកឱ្យបានជ័យជម្នះជាបន្ដបន្ទាប់។ នេះជាការអះអាងរបស់គ្រូទាំងពីរ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតបាល់ទាត់ពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល ២០២៣-២០២៤ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។



នេះជាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ខេមបូឌានព្រីមៀរលីគសប្តាហ៍ទី៣ រវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងភ្ញៀវកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាច នាកីឡដ្ឋានស្មាត អរ អេស អិន។ នេះជាជំនួបបង្គ្រប់សប្តាហ៍ទី៣ ដោយសា ភ្នំពេញក្រោន ជាប់ភារៈកិច្ចប្រកួត AFC Cup វគ្គជម្រុះ (Play-Off) ជាមួយក្រុម Tampines Rover FC នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៣ ខែសីហា។ 
 
«ចំពោះការប្រកួតរវាង ទ័ព និងភ្នំពេញក្រោន សម្រាប់អារម្មណ៍ខ្ញុំពិតជាមានមោទនាភាពមែនទែនដែលបានប្រកួតជាមួយក្រុមខ្លាំងមួយដែលបានឆ្លងទៅដល់វគ្គប្រកួតក្នុងពូល AFC Cup»។ លោក ភា សុភ័ត្ត្រា បង្ហាញអារម្មណ៍រំភើបចិត្តបែបនេះ​ ហើយលោកបន្ថែមថាសម្រាប់ក្រុមទាំងពីរសុទ្ធសឹងតែជាក្រុមដែលមិនមានពេលសម្រាកយូរនោះទេ គឺបេសកម្មជាប់រហូត។
 


គ្រូបង្គោលក្រុមកងយោធពលខេមរភូមិន្ទ និយាយថា៖«ចំពោះស្ថានភាពក្រុមទាំងពីរគឺមិនខុសគ្នាទេពាក់ព័ន្ធនឹងភាពមមារញឹកនឹងការប្រកួតមានរយៈពេលខ្លី។ ទ័ព ទើបត្រលប់មកពីទឹកដីសៀមរាបប្រកួតជាមួយអង្គរថាយហ្គឺរ ដោយឡែកភ្នំពេញក្រោន ក៏មានភាពនឿយហត់ច្រើនដែរ»។ យ៉ាងណាសម្រាប់ការប្រកួតនៅថ្ងៃទី៣០ ខែសីហា នេះគ្រូបង្គោលកងយោធពលខេមរភូមិន្ទថាខ្លួនបានត្រៀមប្រព័ន្ធការពារក្នុងការទប់ស្កាត់ការប៉ុនប៉ងគ្រាប់បាល់របស់ម្ចាស់ផ្ទះភ្នំពេញក្រោន។
 
ក្នុងជំនួបទល់នឹងក្រុមបាល់ទាត់ភ្នំពេញក្រោន អតីតគ្រូជំនួយជម្រើសជាតិកម្ពុជាមើលឃើញពីចំនុចខ្លាំងរបស់ក្រុមសិង្ហក្រហមមួយនេះថា ទាំងគ្រូបង្វឹក និងកីឡាករសុទ្ធតែមានឆន្ទៈ ពិសេសកីឡាករដែលលេងនៅលើទីលានមានគុណភាព។ «និយាយចម្បងទៅចំនុចខ្លាំងរបស់គេគឺកីឡាករមានគុណភាព កីឡាករនីមួយៗគាត់មានរបៀបលេង និងចរិតលក្ខណៈលេងនៅលើទីលានរបស់គាត់គឺមានគ្រប់នៅក្នុងតំបន់ទាំងបី»។ លោក សុភ័ត្រ្តា កត់សម្គាល់ចំនុចទាំងអស់នេះដែលជាកត្តានាំឱ្យក្រុមមួយនេះខ្លាំង និងមានស្មារតីក្រុមល្អ។
 
សម្រាប់ក្រុមដែលកំពុងត្រូវការជ័យជម្នះក្នុងសប្តាហ៍ទី៤នេះ គ្រូបង្គោល Tiffy Army FC ថាក្រុមភ្នំពេញក្រោនជាក្រុមមួយដែលលោកចាត់ទុកជាក្រុមខ្លាំងជាងគេក្នុងលីគកំពូលកម្ពុជានាពេលបច្ចុប្បន្ន ពិសេសកីឡាករអាចលេងបានក្នុងតំបន់មួយមានកីឡាករពីរនាក់។
 
«លោក Oleg គាត់មានពេលច្រើននៅជាមួយកីឡាករដែលនាំឱ្យកីឡាករលេងបានគ្រប់ស្ថានការណ៍។ និយាយដោយត្រង់ ចំពោះខ្ញុំភ្នំពេញក្រោនជាក្រុមដែលល្អហើយនឹងលើគេផងដែរនៅក្នុងរដូវកាលនេះ បើឱ្យនិយាយក្រុមដែលមានចំនុចខ្លាំងតែម្តងភ្នំពេញក្រោមសាកសម»។ លោក ភា សុភ័ត្ត្រា និយាយដូច្នេះ។
 
ក្រឡេកមកមើលការធ្វេសប្រហែសសម្រាប់ពីរប្រកួតដំបូងរបស់ក្រុមទ័ព គ្រូបង្គោលចំណូលថ្មី ភា សុភ័ត្រ្តា ថាក្រុមរបស់ខ្លួនគឺផ្តោតលើការការពារខ្លាំងពេកដែលជាហេតុធ្វើឱ្យក្រុមគ្មានឱកាសវាយបកទៅកាន់គោលដៅគូប្រកួត។ យ៉ាងណាលោកថាការការពារខ្លាំងជារបៀបដែលធ្វើឱ្យក្រុមអាចរកបាន៣ពិន្ទុពីក្រុមអង្គរថាយហ្គឺរតែការពារដើម្បីវាយបក ដែលជាទម្រង់មួយក្រុមបានត្រៀមទុកតតាំងជាមួយភ្នំពេញក្រោន។
 
ដោយឡែកចំពោះការរៀបចំការលេងឱ្យមានរបៀបបែប (Set Piece) សម្រាប់កូនក្រុមទ័ពគឺបានពង្រឹង និងស្វែងយល់រៀបចំបានល្អទាំងបាល់ទាត់ចេញពីជ្រុង ការទាត់បាល់ពិន័យ១១ម៉ែត្រ និងទាត់ពិន័យចម្ងាយឆ្ងាយ(Freekick)លោក ភា សុភ័ត្រ្តា បញ្ជាក់ថាក្រុមគឺរៀបរយរួចរាល់អស់ហើយសម្រាប់ការប្រកួតក្រៅដីសប្តាហ៍ទីបួននេះ។
 
គ្រូបង្គោលTiffy Army និយាយថា៖«ចំពោះការរៀបចំបាល់ពិន័យនាពេលកន្លងទៅយើងបានរៀបចំបានយ៉ាងល្អលើការការពារ ទាំងការទាត់បាល់ចេញពីជ្រុង និងបាល់ពិន័យចម្ងាយឆ្ងាយ អីចឹង!យើងបានរៀបចំបានល្អតាមផែនការនេះដដែល»។ សម្រាប់ការត្រៀមខ្លួនចំពោះកីឡាករ Yudia ដែលទាត់បាល់ពីចម្ងាយ(Long Rank Time)របស់ភ្នំពេញក្រោន គ្រូបង្គោលទ័ពថាក្រុមទាំងមូលមិនផ្តោតខ្លាំងពេកទេកីឡាករមួយទប់កីឡាករមួយ។
 
សម្រាប់លោក Oleg Starynskyi វិញ បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា នៅដើមរដូវកាលទាំងកីឡាករ និងក្លិបទាំងអស់ សុទ្ធតែចង់ប្រកួតប្រជែង ដណ្ដើមយកលទ្ធផលល្អរៀងៗខ្លួន ចំណែក ភ្នំពេញក្រោន ក៏ដូចជាក្រុមផ្សេងដែរ ព្រោះជាក្រុមការពារតំណែងជើងឯក។ គ្រូបង្វឹករូបនេះ បន្ថែមទៀតថា ភ្នំពេញក្រោន នៅតែដាក់គោលដៅសំខាន់ គឺជ័យជម្នះ ក្នុងជំនួបជាមួយ កងយោធពលខេមរភូមិន្ទ ព្រោះដោលដៅលើកពានបន្តទៀត។
 
«កីឡាករ មានស្មារតីប្រកួតប្រជែងល្អ។ នៅដើមរដូវ គ្រប់ក្រុម និងកីឡាករទាំងអស់ ចង់ប្រកួតប្រជែងគ្នាជាខ្លាំង ហើយបង្ហាញ់ការប្រកួតយ៉ាងល្អ បំផុត។ ខ្ញុំ មានទំនុបចិត្តសម្រាប់ការប្រកួតថ្ងៃស្អែក ហើយបានត្រៀមលក្ខណៈជាស្រេចសម្រាប់ប្រកួត។ យើង ចង់រក្សាការឈ្នះរបស់យើង ហើយយើង ចង់ឈ្នះជើងឯកសម្រាប់រដូវកាលនេះផងដែរ។ នេះ គឺជាហេតុផល ដែលយើង ត្រូវតែការឈ្នះសម្រាប់ថ្ងៃពុធ។»។ លោក Oleg Starynskyi ដែលជួយភ្នំពេញក្រោនឆ្លងទៅវគ្គចែកពូល AFC Cup បន្ថែមដូច្នេះ។
 
សម្រាប់ពិន្ទុបណ្តោះអាសន្ន៖ ព្រះខ័នរាជស្វាយរៀង ឈរលេខ១ មាន១២ពិន្ទុ នាំមុខវិសាខា ឈរលេខ២ មាន៩ពិន្ទុ ខណៈព្រៃវែងឈរលេខ៣ មាន៧ពិន្ទុស្មើបឹងកេត ឈរលេខ៤។ ភ្នំពេញក្រោន ឈរលេខ៥ មាន៦ពិន្ទុនាំមុខ២ពិន្ទុ លើកងយោធពលខេមរភូមិន្ទដែលឈរលេខ៦ ដោយឡែកណាហ្គាវើលដ៍ ឈរលេខ៧ អង្គរថាយហ្គឺរ ឈរលេខ៨ និងអាយ អេស អាយ ដង្កោសែនជ័យ ឈរលេខ៩ មាន៣ពិន្ទុដូចគ្នា និងគីរីវង់សុខសែនជ័យ ឈរលេខ១០ មាន១ពិន្ទុ៕
 

Tag:
 កីឡាបាល់ទាត់
 ភា សុភ័ត្ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com