កីឡាអន្តរជាតិ
អន្តរជាតិ
​Ronaldo រកបាន​ដល់ទៅ៥គ្រាប់ ក្នុងការបង្ហាញខ្លួន២លើកចុងក្រោយ ឱ្យ Al-Nassr
30, Aug 2023 , 4:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់បាល់ ២គ្រាប់បន្ថែមទៀតសម្រាប់ក្រុម Al Nassr ដើម្បីយកឈ្នះ Al Shabab នៅក្នុងជំនួបក្របខណ្ឌ Saudi Pro League នាថ្ងៃទី២៩ ខែសីហា។ ២គ្រាប់នេះ ធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ រកបានគ្រាប់បាល់ចំនួន ៥គ្រាប់ ក្នុងការបង្ហាញខ្លួន២លើក។



Ronaldo រកបានគ្រាប់បាល់ Hat-Trick នៅក្នុងការប្រកួតជ័យជម្នះលទ្ធផល ៥-០ របស់  Al-Nassr លើក្រុម Al Fateh រួចមកហើយ កាលពីថ្ងៃទី២៥ ខែសីហា។ 
ក្រោយធ្វើបាន Hat-Trick ​ខ្សែប្រយុទ្ធព័រទុយហ្កាល់ សម្រេចបាន២គ្រាប់បន្ថែមទៀត ក្នុងជ័យជម្នះរបស់ លើ Al Shabab ក្នុងលទ្ធផល ៤-០ នាថ្ងៃទី២៩ ខែសីហា។ ២គ្រាប់ផ្សេងទៀតរកបានដោយ ខ្សែប្រយុទ្ធ Sadio Mane និងកីឡាករ Sultan Alganham។
 
នាការប្រកួតទល់ក្រុម Al Shabab កីឡាករមិត្តរួមក្រុម Abdulrahman Ghareeb របស់ Ronaldo បានស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូលនៅក្នុងនាទី៦៣ ប្រសិនបើគ្រាប់បាល់នោះត្រូវបានផ្តល់ឱ្យ Ronaldo នោះប្រធានក្រុមព័រទុយហ្កាល់នឹងអាចរកបានគ្រាប់បាល់ Hat-Trick សារជាថ្មីម្តងទៀត។
  


រកបាន ៣គ្រាប់ក្នុងការប្រកួតយកឈ្នះលើក្រុម Al Fateh និង ២គ្រាប់ទល់ Al Shabab ធ្វើឱ្យ Ronaldo រកបានគ្រាប់បាល់ ៥គ្រាប់ ពីការប្រកួត ២លើកចុងក្រោយឱ្យ Al Nassr។
អតីតខ្សែប្រយុទ្ធក្រុម Manchester United និង Real Madrid ដែលបានផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីតកាលពីខែមករា តារាបាល់ទាត់វ័យ ៣៨ឆ្នាំ​ តែងតែរកបានគ្រាប់បាល់ជារឿយៗនៅ Al Nassr នាដើមរដូវកាលថ្មី២០២៣-២៤។ 
 
ដោយឡែកការប្រកួតដទៃផ្សេងទៀតនៃក្របខណ្ឌ Saudi Pro League កីឡាករខ្សែប្រយុទ្ធ Riyad Mahrez បានជួយក្រុម Al Ahli រកបានជ័យជម្នះទី៤ ជាប់គ្នានៅក្នុងលីគ ដោយគេក៏រកបានគ្រាប់បាល់នៅនាទី ៣៩ ទល់នឹងក្រុម Al Tai។ អតីតខ្សែបម្រើក្រុម Barcelona កីឡាករ Franck Kessie ក៏ជាកីឡាករម្នាក់ជួយដល់ជ័យជម្នះរបស់ក្រុម Al Ahli។
 
ក្រុម Al Hilal ដែលទើបនាំយក Neymar Jr ទៅចូលរួមក្រុមបានប្រកួតយកឈ្នះលើក្រុមដែលដឹកនាំដោយលោក Steven Gerrard លទ្ធផល ២-០។ ខណៈដែលក្រុម Al Ittihad ក៏ឈ្នះលើក្រុម Al Wehda។ 
 
ទាំង Al Ahli និង Al Ittihad ឆ្លងកាត់ ៤ប្រកួតចុងក្រោយ ឈ្នះទាំង ៤ប្រកួតហើយប្រជែងគ្នានៅតំបន់កំពូលតារាងមាន ១២ពិន្ទុដូចគ្នា។ 
 
ក្រុម Al Hilal ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ រកបាន ១០ពិន្ទុ ពីរយៈ ៤ប្រកួតដែលទើបឆ្លងកាត់រួច​ ចំណែកក្លិប Al Nassr របស់ខ្សែប្រយុទ្ធ Ronaldo ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដោយមានត្រឹម ៦ពិន្ទុក្នុងដៃ៕
 

Tag:
 Cristiano Ronaldo
  Al-Nassr
© រក្សាសិទ្ធិដោយ thmeythmey.com