កីឡាជាតិ
ជាតិ
សម្រេចសុបិនជាប់ជម្រើសជាតិ ចន្ថា ចន្ទាកា ប្តេជ្ញាមិនឱ្យគ្រូ និងអ្នកគាំទ្រខកចិត្ត
30, Aug 2023 , 8:19 pm        
រូបភាព
កីឡាករ ចន្ថា ចន្ទាកា ខ្សែប្រយុទ្ធ ក្លិបបឹងកេត ពាក់ឈុតពណ៌ស រូបពី Cambodian Premier League
កីឡាករ ចន្ថា ចន្ទាកា ខ្សែប្រយុទ្ធ ក្លិបបឹងកេត ពាក់ឈុតពណ៌ស រូបពី Cambodian Premier League
កីឡាករ ចន្ថា ចន្ទាកា ខ្សែប្រយុទ្ធក្លិបបឹងកេត ជាប់ឈ្មោះក្នុងក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិ ទល់ហុងកុង និងម៉ាកាវ នៅថ្ងៃទី៧ និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ជាប់ជម្រើសជាតិឈុតធំលើកដំបូង ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បង្ហាញក្តីរំភើប ដែលសម្រេចក្ដីសុបិនដ៏ធំរបស់ខ្លួន ចាប់តាំងពីប្រឡូកក្នុងវិស័យបាល់ទាត់ ឆ្នាំ២០០៦មក។ ចន្ទាកា  ពិតជាស្រេកឃ្លាន បញ្ចេញសមត្ថភាពលើទីលានជាមួយក្រុមជម្រើសជាតិកម្ពុជា។



នៅថ្ងៃទី៧ ខែកញ្ញា ម៉ោង ៧ យប់ កម្ពុជា ត្រូវស្វាគមន៍ ហុងកុង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងជំនួបមិត្តភាពអន្ដរជាតិ។ ៤ថ្ងៃបន្ទាប់ ពោលនៅថ្ងៃទី១១ ខែកញ្ញា វេលាម៉ោង ដដែរ គោព្រៃកម្ពុជា ត្រូវជួបជាមួយ ម៉ាកាវ។ ទាំងពីរប្រកួតនេះ ដើម្បីកម្ពុជា ហុងកុង និងម៉ាកាវ កម្តៅសាច់ដុំ ត្រៀមប្រកួតជម្រុះ FIFA World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាស៊ី។ 
 
ការជាប់ជាក្រុមជម្រើសជាតិកម្ពុជា គឺជាក្ដីសុបិនរបស់កីឡាករបាល់ទាត់គ្រប់រូប ប៉ុន្ដែ​ កីឡាករ ដែលជាប់ក្រុមជម្រើសជាតិ មិនបានឱកាសនោះ ដោយសំណាង ឬចៃដន្យទេ គឺបានមកដោយការប្រឹងប្រែង និងសមត្ថភាព។ ចំណែក ចន្ទាកា អតីតកីឡាករ Futsal ក៏មានក្ដីសុបិនដូចជាកីឡាករផ្សេងទៀតដែរ គឺចង់ជាប់ជាមួយក្រុមជម្រើសជាតិ ប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិ។
 
កីឡាករ ចន្ថា ចន្ទាកា ខ្សែប្រយុទ្ធក្លិបបឹងកេត ពាក់ឈុតពណ៌ស រូបពី Cambodian Premier League

កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា រូបគេ ពិតជាសប្បាយចិត្ត ដោយក្ដីស្រម៉ៃចង់ជាប់ជាមួយក្រុមជម្រើសជាតិកម្ពុជា បានសម្រេច។ ជាមួយនិងការសម្រេចក្ដីសុបិន ខ្សែប្រយុទ្ធរូបនេះ​ ប្ដេជ្ញាថា នឹងប្រឹងប្រែងអស់ពីសមត្ថភាព មិនឲ្យគ្រូបង្វឹក និងអ្នកគាំទ្រទាំងអស់ ខកចិត្តចំពោះការលេងនៅលើទីលានរបស់ខ្លួន និងមិត្តរួមក្រុមផ្សេងទៀត។
 
«ខ្ញុំ មិននឹកស្មានថា បានជាប់ជាមួយក្រុមជម្រើសជាតិ ខ្ញុំ ពិតជារំភើបខ្លាំងណាស់ ព្រោះពីមុនមកខ្ញុំ មិនដែលមានឱកាសបែបនេះទេ។ នេះ គឺជាលើកដំបូងរបស់ខ្ញុំ ដែលលេងតំណាងឲ្យប្រទេសជាតិ។ ខ្ញុំ នឹងប្រឹងប្រែងលេងឲ្យបានល្អ ដើម្បីឲ្យគ្រូ​បង្វឹក មិត្តរួមក្រុម និងអ្នកគាំទ្រទាំងអស់ពេញចិត្ត ការលេងរបស់ខ្ញុំ។»។ ខ្សែប្រយុទ្ធដែលកំពុងលេចធ្លោក ក្រោយរកបាន២គ្រាប់ ជួយបឹងកេត ឈ្នះវិសាខា បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កីឡាករ ចន្ថា ចន្ទាកា បានប្រឡូកក្នុងវិស័យបាល់ទាត់ ចាប់ពីឆ្នា២០០៦ ប៉ុន្ដែជាកីឡាករ លេងបាល់ Futsal។ នៅអំឡុងឆ្នាំ២០១៨ កីឡាកររូបនេះ ​បានជាប់ជម្រើសជាតិ Futsal។ លុះចូលដល់ឆ្នាំ ២០១៩ ចន្ទាកា បានចូលរួមជាមួយ ក្រុមអគ្គិសនីកម្ពុជា ហើយបានជួយឲ្យក្រុមនេះ ក្លាយជាម្ចាស់ជើងឯកលីគ២ កម្ពុជា នៅរដូវកាល២០២២។ បច្ចុប្បន្ន ឆ្នាំ២០២៣ ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបបឹងកេត ហើយក៏ដើរតួសំខាន់ នៅតំបន់ប្រយុទ្ធ ផងដែរ៕
 

Tag:
 បាល់ទាត់
  ចន្ថា ចន្ទាកា
© រក្សាសិទ្ធិដោយ thmeythmey.com