កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ថាជារដូវកាលដែលមិនអាចបំភ្លេចបាន ក្រោយឈ្នះកីឡាករល្អបំផុតប្រចាំឆ្នាំ PFA
30, Aug 2023 , 9:59 pm        
រូបភាព
Erling Haaland តារាបាល់ទាត់ក្រុម Manchester City បង្ហាញក្តីសប្បាយរីករាយក្រោយឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំ PFA Players’ Player of The Year របស់សហព័ន្ធកីឡាករបាល់ទាត់អាជីពអង់គ្លេស នាថ្ងៃទី២៩ ខែសីហា។ Haaland បានអះអាងថារដូវកាល ២០២២-២៣ ដែលគេបានជួយក្រុមឈ្នះពានរង្វាន់ ៣ ជារដូវកាលមិនអាចបំភ្លេចបាន។



Haaland រកបានគ្រាប់បាល់ចំនួន ៥៣គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៥២ប្រកួត រាល់ការប្រកួតទាំងអស់កាលរដូវកាលមុន ហើយបានក្លាយជាកីឡាករដែលមានទម្រង់លេងល្អបំផុតប្រចាំក្រុមថែមទៀត។ ខ្សែប្រយុទ្ធសញ្ជាតិន័រវែសបានជួយក្រុមដែលដឹកនាំដោយលោក Pep Guardiola ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល ដោយមានដូចជា Premier league, FA Cup និង UEFA Champions League។
 
បន្ទាប់ពីឈ្នះពានរង្វាន់ PFA Award រួចមក កីឡាករវ័យ ២៣ឆ្នាំ បាននិយាយថារដូវកាលមុន ពិតជារដូវកាលដ៏អស្ចារ្យរបស់គេ ហើយគេពិតជាមិនអាចបំភ្លេចបាន ក៏ដូចជាមិត្តរួមក្រុមរបស់គេថែមទៀត។
 
«វាពិតជារដូវកាលដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបានសម្រាប់ក្រុម Man City និងសម្រាប់ខ្ញុំផ្ទាល់។ ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាលគឺជាអ្វីដែលខ្ញុំមិនដែលស្រម៉ៃឃើញ ដូច្នេះការទទួលបានសមិទ្ធិផលបែបនេះគឺជារឿងពិសេសសម្រាប់ក្រុមទាំងមូល ពិតជាអស្ចារ្យ។»។ ​Haaland បាននិយាយបែបនេះក្នុងកម្មវិធី PFA។
 
ម្ចាស់កំណត់ត្រាគ្រាប់បាល់ ៣៦គ្រាប់ច្រើនជាងគេក្នុងមួយរដូវកាលនៅ Premier League រូបនេះក៏បានអះអាងបន្ថែមទៀតថាគេនឹងជួយក្រុម Man City ឈ្នះពានរង្វាន់ច្រើនបន្ថែមទៀតនៅក្នុងរដូវកាលថ្មី ២០២៣-២៤។ Haaland បានបន្ថែមដូច្នេះថា ៖«[…] យើងបានបង្កើតនូវការចង់ចាំដ៏ពិសេសនៅរដូវកាលមុន ប៉ុន្តែពេលនេះយើងចង់បានរឿងទាំងនេះម្តងទៀតនៅឆ្នាំនេះ យើងចាប់ផ្តើមរដូវកាលបានល្អ ហើយយើងនឹងបន្តដំណើរដូចនេះបន្តទៀត។»។
 
Manchester City បានចាប់ផ្តើមរដូវកាលថ្មីបានយ៉ាងល្អ ដោយឆ្លងកាត់ ៣ប្រកួត ពួកគេរកបាន ៩ពិន្ទុ ហើយក៏ជាក្រុមតែមួយគត់ដែលចាប់ផ្តើមរដូវកាលថ្មី ៣ប្រកួតឈ្នះទាំងអស់។ Man City នឹងធ្វើដំណើរនៅក្នុងរដូវកាល ២០២៣-២៤ ក្នុងនាមជាក្រុមការពារតំណែងជើងឯក នឹងក្នុងនាមជាក្រុមស្វែងរកការគ្រងជើងឯក Premier League លើកទី៤ ជាប់គ្នាផងដែរ៕
 

Tag:
 Erling Haaland
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com