កីឡាជាតិ
ជាតិ
ក្លាយជាគ្រូ សៀមរាបយូណាយធីតថ្មី លោក Oriol ដាក់គោលដៅពង្រឹងក្រុម U14 តាមស្តង់ដាអន្តរជាតិ
31, Aug 2023 , 8:59 am        
រូបភាព
យុវជនថ្នាលអាយុក្រោម១៤ឆ្នាំ ហ្វឹកហាត់នាពេលកន្លងទៅ
យុវជនថ្នាលអាយុក្រោម១៤ឆ្នាំ ហ្វឹកហាត់នាពេលកន្លងទៅ
ដោយ:
លោក Oriol Mohedano Segura ក្លាយជាគ្រូបង្វឹកថ្មី និងជានាយកបច្ចេកទេសកីឡាថ្មីរបស់ក្លិបបាល់ទាត់សៀមរាបយូណាយធីត (SRU) ជាផ្លូវការនៅថ្ងៃទី២៩ ខែសីហា។ ក្លាយជាគ្រូក្រុមបាល់ទាត់ក្នុងខេត្តសៀមរាប លោក Oriol ដែលចាត់ទុកកម្ពុជា ដូចជាផ្ទះរបស់ខ្លួន នឹងពង្រឹងក្រុមថ្នាល អាយុក្រោម១៤ឆ្នាំ SRU តាមស្តង់ដាអន្តរជាតិ។



«ខ្ញុំគិតថាទីនេះដូចជាផ្ទះរបស់ខ្ញុំដែលខ្ញុំវិលត្រលប់មកប្រទេសកម្ពុជាវិញ»។ លោក Oriol Mohedano Segura លើកឡើងដូច្នេះក្នុងពិធីចុះកុងត្រារយៈពេល៥ឆ្នាំ ក្នុងការរួមការងារជាមួយក្លិបបាល់ទាត់សៀមរាបយូណាយធីត(SRU) ហើយលោកចង់មានការប្រកួតប្រជែងមួយដ៏ពិតប្រាកដនៅលើទីលានក្នុងប្រទេសកម្ពុជា។ អតីតគ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរាង រូបនេះថាបាល់ទាត់នៅកម្ពុជាគឺពិតជាមានការប្រកួតប្រជែងខ្លាំង។
 
គ្រូបង្វឹកមានវ័យ ៣៧ឆ្នាំសញ្ជាតិអេស្ប៉ាញ និយាយថា៖«ការប្រកួតប្រជែងនៅទីនេះគឺត្រូវមានទំនួលខុសត្រូវខ្ពស់ដើម្បីឱ្យកីឡាករថ្នាលមានអនាគតល្អ»។ លោក Oriol Mohedano បញ្ជាក់ជំហរគោលដៅក្នុងការដឹកនាំយុវជនថ្នាលអាយុក្រោម១៤ឆ្នាំសៀមរាបយូណាយធីតដូច្នេះ ដែលជាគោលដៅជំរុញឱ្យយុវជនថ្នាលទទួលបានការហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ។



ក្នុងពិធីចុះកុងត្រានោះដែរ លោក ម៉េត មករា ប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីត(Siem Reap United)លើកឡើងថាលោក Oriol មានគុណសម្បត្តិគ្រប់គ្រាន់​ដែលជាក្តីរំពឹងសម្រាប់​សៀមរាបយូណាយធីត​ក្នុងការសម្រេចគោលដៅ ក្លាយជាក្រុមបាល់ទាត់ដ៏មានស្តង់ដារមួយ ដើម្បីប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិ។ «ខ្ញុំយល់ថាបទពិសោធរបស់ Oriol គឺដូចខ្ញុំដែលស្រលាញ់វិស័យបាល់ទាត់។ ខ្ញុំជឿជាក់ថាការដឹកនាំរបស់គាត់រយៈពេលវែងនឹងនាំឱ្យសៀមរាបយូណាយធីតនឹងអាចលេងក្នុងលីគកម្ពុជាបាន»។
 
ប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីតបន្ថែមទៀតថា៖«លោកគ្រូ Oriol គាត់មានទាំងបទពិសោធមានទាំងជំនាញមានទាំងបេះដូងស្រលាញ់កម្ពុជាយើងទៀត។ ខ្ញុំរំពឹងថាគាត់នឹងពាំនាំនូវបច្ចេកទេសរបៀបលេងដូចនៅអេស្ប៉ាញមកជួយបណ្តុះបណ្តាលយុវជនយើងនៅកម្ពុជា ជាក់ស្តែងក្នុងក្លិបសៀមរាបយូណាយធីតតែម្តង»។ លោក មករា បន្តថាសម្រាប់ភាពខ្វះខាតរបស់ក្លិបតែងតែមានព្រោះពេលនេះកំពុងតែចាប់ផ្តើម ជាក់ស្តែងក្លិបកំពុងតែសាងសង់ទីលានដែលមានទីតាំងនៅស្រុកបន្ទាយស្រី។
 
គួបញ្ជាក់ថា លោក Oriol Mohadano Segura ជនជាតិអេស្ប៉ាញ មាន«License A» ទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។ 
ពីឆ្នាំ២០១១-២០១៤ គ្រូជំនួយក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំនៅប្រទេសអេស្ប៉ាញ Club Gimnastic De Tarragona ចន្លោះឆ្នាំ២០១៤-២០១៥ ជំនួយការក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់ Servette FC នៃប្រទេស្វីស នៅឆ្នាំ២០១៦ ជាគ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោន និងនៅឆ្នាំ២០១៦-២០១៧ ជាគ្រូជំនួយក្លិបបាល់ទាត់ Finlad Veikkausliiga នៃប្រទេសហ្វាំងឡង់។
 
នៅចន្លោះឆ្នាំ២០១៧ ដល់២០២១ លោក Oriol បានមកដឹកនាំក្រុមបាល់ទាត់អង្គរថាយហ្គឺរ។ នៅឆ្នាំ២០២២ ជាគ្រូជំនួយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងចុងក្រោយនៅឆ្នាំ២០២៣ លោកក្លាយជាគ្រូជំនួយក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំ Raufoss នៃប្រទេសន័រវេស៕
 

Tag:
 កីឡាបាល់ទាត់
 Oriol Mohedano Segura
© រក្សាសិទ្ធិដោយ thmeythmey.com