សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រ Fukushima ទៅសមុទ្រជាដំណោះស្រាយ?
31, Aug 2023 , 9:29 am        
រូបភាព
អ្នកសារព័ត៌មានបរទេសត្រូវបានអញ្ជើញទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដើម្បីទស្សនាកន្លែងប្រើប្រាស់សម្រាប់ចម្រោះទឹកសំណល់វិទ្យុសកម្ម។ រូបភាពពី AFP ។
អ្នកសារព័ត៌មានបរទេសត្រូវបានអញ្ជើញទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដើម្បីទស្សនាកន្លែងប្រើប្រាស់សម្រាប់ចម្រោះទឹកសំណល់វិទ្យុសកម្ម។ រូបភាពពី AFP ។
កាលពីថ្ងៃទី ២៤ ខែសីហា ជប៉ុនចាប់ផ្ដើមបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចរាល់ពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ស្របពេលដែលការមិនពេញចិត្តជាខ្លាំងពីសំណាក់ចិន និងសាធារណមតិខ្លះនៅកូរ៉េខាងត្បូង។​ នៅសេអ៊ូល ប៉ូលិសក៏បានចាប់ខ្លួនមនុស្សមួយចំនួនដែលរត់ចូលអាគារដែលជាទីតាំងស្ថានទូតជប៉ុន ខណៈចិនឯណោះក៏ប្រកាសហាមចូលគ្រឿងសមុទ្រពីជប៉ុនតែម្ដង។




១. តើមានហេតុផលអ្វីដែលជំរុញឱ្យជប៉ុនបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រ Fukushima ?
 
កាលពីខែមីនា ឆ្នាំ២០១១ ជប៉ុនបានទទួលរងនូវគ្រោះមហន្តរាយពីរដងនៃការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបណ្តាលឱ្យស្នូលរ៉េអាក់ទ័រចំនួន ៣ បានរលាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដោយបានបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើនចូលទៅក្នុងបរិយាកាសជុំវិញ។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ដែលដំណើរការរោងចក្រនេះ ត្រូវតែប្រើប្រាស់ទឹកក្នុងបរិមាណដ៏ច្រើនដើម្បីធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់ ហើយប្រមូលវាទុកក្នុងធុងស្តុកទុកជាច្រើនក្នុងបរិវេណរោងចក្រ។
 
ក្រុមហ៊ុន TEPCO បានសាងសង់អាងធំៗជាង ១០០០អាង ដើម្បីផ្ទុកទឹកកខ្វក់ចំនួន ១,៣២លានតោនសម្រាប់ធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់ ដែលទំហំនេះវាស្មើអាងហែលទឹកស្តង់ដារបស់អូឡាំពិកជាង ៥០០អាង ។
 
ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុន TEPCO មិនមានដីសម្រាប់សាងសង់ធុងស្តុកបន្ថែមទេ។ ពួកគេក៏ត្រូវការរំដោះទឹកដើម្បីកន្លែងទំនេរសម្រាប់ដំណើរការរោងចក្របន្តទៀត ។ TEPCO និយាយថា ទឹកសំណល់វិទ្យុសកម្មមានសារធាតុគ្រោះថ្នាក់មួយចំនួន ប៉ុន្តែពួកវាត្រូវបានចម្រោះយកចេញមុនពេលបង្ហូរទៅសុមុទ្រ។
 
២. តើការបង្ហូរទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima មានគ្រោះថ្នាក់អ្វីខ្លះ?
 
បញ្ហាពិតប្រាកដនៃទឹកចម្រោះដែលចេញទឹកពីរោងចក្រ Fukushima គឺសារធាតុទ្រីទីយ៉ូម (tritium) ដែលជាទម្រង់វិទ្យុសកម្មនៃអ៊ីដ្រូសែន (H) ដែលពិបាកបំបែកចេញពីទឹក។ សារធាតុទ្រីទីយ៉ូមនេះ​ មានអាយុកាលជាង ១២ឆ្នាំ ដូច្នេះការរក្សាទុកពួកវាក្នុងរយៈពេលយូរអាចបង្កើនហានិភ័យនៃការលេចធ្លាយដែលមិនអាចគ្រប់គ្រងបាន ខណៈពេលដែលមិនមានបច្ចេកវិទ្យាណាដែលអាចដកសារធាតុនេះ ចេញពីបរិមាណទឹកដ៏ច្រើនបែបនេះបានទេ។
 
លោក Tim Mousseau សាស្ត្រាចារ្យផ្នែកជីវសាស្រ្តនៅសាកលវិទ្យាល័យ South Carolina ក្នុងសហរដ្ឋអាម៉េរិកបាននិយាយថា មិនមានការសិក្សាគ្រប់គ្រាន់ណាមួយ ជុំវិញផលប៉ះពាល់នៃសារធាតុទ្រីទីយ៉ូមចំពោះបរិស្ថាន និងអាហារនោះទេ ទោះបីជាការបញ្ចេញទឹកសំណល់វិទ្យុសកម្ម គឺជាសកម្មភាពធម្មតាចំពោះរោងចក្រនៅជុំវិញពិភពលោកក៏ដោយ។
 
គណៈកម្មការសុវត្ថិភាពនុយក្លេអ៊ែរកាណាដានិយាយថា ទ្រីទីយ៉ូមអាចជ្រាបចូលទៅក្នុងស្បែកបានតិចតួចបំផុត ប៉ុន្តែទទួលស្គាល់ថា វាអាចបង្កើនហានិភ័យនៃជំងឺមហារីក ប្រសិនបើស្រូបចូលស្បែកមនុស្សក្នុងបរិមាណច្រើន ។ ចំណែកគណៈកម្មាការនិយតកម្មនុយក្លេអ៊ែររបស់អាម៉េរិកក៏ទទួលស្គាល់ដែរថា ការប៉ះពាល់នឹងវិទ្យុសកម្មណាមួយសុទ្ធតែអាចបង្កហានិភ័យដល់សុខភាព។ 
 
ទន្ទឹមនឹងនេះ លោក Robert H. Richmond នាយកមន្ទីរពិសោធន៍សមុទ្រ Kewalo នៅសាកលវិទ្យាល័យ Hawaii បាននិយាយថា ផែនការបញ្ចេញរបស់ជប៉ុននេះគឺ មិនសមហេតុផល និងមិនទាន់ដល់ពេល ។ លោក Richmond គឺជាផ្នែកមួយនៃក្រុមអ្នកប្រាជ្ញអន្តរជាតិដែលធ្វើការជាមួយវេទិកាកោះប៉ាស៊ីហ្វិក (PIF) ដើម្បីវាយតម្លៃផែនការបញ្ចេញឧស្ម័នរបស់ទីក្រុងតូក្យូ។
 
លោក​ប​បន្ត​ថា ការ​ចម្រោះទឹក​សំណល់​ដែល​មាន​សារធាតុទ្រីទីយ៉ូម អាច​ធ្វើឱ្យមានផល​ប៉ះពាល់​ដល់​ជីវិត​ក្នុង​សមុទ្រ​នោះ​ទេ។ ទ្រីទីយ៉ូមអាចជ្រាបចូលទៅក្នុងកម្រិតជាច្រើននៃខ្សែច្រវាក់អាហារសមុទ្រដែលកកកុញនៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។
 
អ្នកជំនាញរូបនេះបារម្ភថា ហានិភ័យដែលអាចកើតមានពីការផ្លាស់ប្តូរការបំភាយឧស្ម័នរបស់ជប៉ុន នឹងប៉ះពាល់ដល់តំបន់ផ្សេងទៀតនៃពិភពលោក។ ការសិក្សាឆ្នាំ ២០១២ ដោយជំនាញមកពីសាកលវិទ្យាល័យអាម៉េរិកបានរកឃើញភស្តុតាងដែលបង្ហាញថា ត្រីធូណាមានជាតិពុលទ្រីទីយ៉ូមនៅតំបន់ Fukushima ដែលបានផ្លាស់ទីទៅមហាសមុទ្រប៉ាស៊ីហ្វិកដែនទឹកនៃរដ្ឋ California សហរដ្ឋអាម៉េរិក។
 
៣. តើជប៉ុនពន្យល់យ៉ាងណាចំពោះព្រឹត្តិការណ៍នេះ?
 
រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) និយាយថា ទឹកដែលមានសមាសធាតុវិទ្យុសកម្មពីរោងចក្រ Fukushima  ត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ និងបញ្ចេញបន្តិចម្តងៗទៅក្នុងមហាសមុទ្រក្នុងរយៈពេលច្រើនឆ្នាំ។​ ជប៉ុនបានកំណត់ថា កំហាប់ទ្រីទីយ៉ូមដែលនៅក្នុងទឹកសំណល់វិទ្យុសកម្មនេះមានទាបជាង ១៥០០Becquerelក្នុង១លីត្រ (Becquerel គឺជាឯកតានៃវិទ្យុសកម្មនៅក្នុងប្រព័ន្ធអន្តរជាតិ) ទាបជាងកម្រិតដែលបានណែនាំរបស់អង្គការសុខភាពពិភពលោកចំនួន ៧ដងនៃកម្រិត ១០ ០០០ Becquerel ក្នុង១លីត្រ សម្រាប់ទឹកផឹក។
 
ទីក្រុងតូក្យូមិនមានគម្រោងបញ្ចេញទឹកសំណល់ទាំងអស់ក្នុងពេលតែមួយនោះទេ។ យោងតាមកាលវិភាគ មានតែ ០,០៦ក្រាមនៃទ្រីទីយ៉ូមប៉ុណ្ណោះ ដែលត្រូវបានបញ្ចេញទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងមួយឆ្នាំ ហើយ IAEA ជា​អ្នក​តាមដាន​ការ​បញ្ចេញ​ទឹក​នេះផ្ទាល់តែម្តង ​។
 
IAEA និងទីភ្នាក់ងារផ្សេងទៀតរាយការណ៍ថារោងចក្រនុយក្លេអ៊ែរនៅជុំវិញពិភពលោកបានបញ្ចេញទឹកសំណល់ដែលត្រូវបានចម្រោះដូចគ្នា ដែលមានសុវត្ថិភាពជាមួយនឹងកម្រិតទ្រីទីយ៉ូមទាប ដោយលើកហេតុផលថា ទ្រីទីយ៉ូមក៏មាននៅក្នុងធម្មជាតិ នៅក្នុងទឹកសមុទ្រ ទឹកម៉ាស៊ីន សូម្បីតែនៅក្នុងខ្លួនមនុស្ស។
 
យ៉ាងណាមិញ ការវាយតម្លៃរបស់ IAEA និងជប៉ុនបានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើនក្នុងចំណោមសាធារណជន និងអ្នកជំនាញ ឮនៅពេលដែលអ្នកប្រាជ្ញមួយចំនួនបាននិយាយថា ទឹកសំណល់ដែលមានផ្ទុកសារធាតុទ្រីទីញ៉ូមនៅតែមានហានិភ័យដែលអាចកើតមានជាច្រើន។
 
៤.​ តើប្រទេស និងតំបន់ណាខ្លះដែលមានប្រតិកម្មជុំវិញរឿងនេះ ?
 
ខណៈពេលដែលអាម៉េរិក និងតៃវ៉ាន់គាំទ្រការសម្រេចចិត្តរបស់ជប៉ុនក្នុងការបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រ Fukushima នោះ ប្រទេសជិតខាងជាច្រើនបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លា។
 
ចិនបានប្រតិកម្មខ្លាំងៗជាងគេ ដោយអះអាងថា ការវាយតម្លៃរបស់ IAEA គឺ មិនសមហេតុផល និងភស្តុតាងផ្លូវច្បាប់ដោយបានព្រមានទីក្រុងតូក្យូថា ខ្លួននឹងទទួលនូវផលវិបាកទាំងអស់ប្រសិនបើជប៉ុននៅតែសម្រេចចិត្តបញ្ចេញទឹកវិទ្យុសកម្មទៅក្នុងសមុទ្រ។ មន្ត្រីជាន់ខ្ពស់ចិនបាននិយាយកាលពីខែមីនាថា មហាសមុទ្រប៉ាស៊ីហ្វិកមិនមែនជាលូរបស់ជប៉ុនដើម្បីបញ្ចេញកាកសំណល់នុយក្លេអ៊ែរទេ។
 
នៅថ្ងៃទី២២ ខែសីហា ក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនដើម្បីតវ៉ា ហើយអ្នកនាំពាក្យរដ្ឋាភិបាលបានហៅផែនការមួយនេះថាជារឿងអាត្មានិយមបំផុត និងគ្មានការទទួលខុសត្រូវ។  នៅថ្ងៃទី២៤ ខែសីហា គយចិនក៏ប្រកាសហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុនតែម្ដង។
 
ជារួមចិនបាននាំចូលអាហារសមុទ្រពីជប៉ុនចំនួន ២២,៥ភាគរយដែលមានតម្លៃ ៨៧ពាន់លានយ៉េន (៦០៤លានដុល្លារ) បន្ទាប់មកមានហុងកុងចំនួន ១៩,៥ភាគរយ និងអាម៉េរិកមាន ១៣,៩ភាគរយ។ នេះបើតាមសារព័ត៌មានរ៉យទ័រ​៕
 
នៅសេអ៊ូល បាតុករប្រមាណ១៦នាក់ ត្រូវបានចាប់ខ្លួនពេលសម្រុកចូលអាគារដែលជាទីតាំងស្ថានទូតជប៉ុនអំឡុងការតវ៉ា។ បដាមួយបានសរសេរថា សមុទ្រមិនមែនជាធុងសំរាមរបស់ជប៉ុនទេ។ ជាមួយគ្នានេះ  សាធារណជនកូរ៉េខាងត្បូង ក៏បានរិះគន់រដ្ឋាភិបាលដែលយល់ស្របតាមផែនការរបស់ជប៉ុន ទោះមានការព្រួយ​បារម្ភ​អំពី​ការ​បំពុលទៅលើ​អាហារ​សមុទ្រ និង​សមុទ្រ។ 
 
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Han Duck-soo ក៏ទាមទារឱ្យជប៉ុនបង្ហាញតម្លាភាពក្នុងការបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មនេះ។ លោក Han ក៏ឆ្លៀតច្រានចោលក្ដីបារម្ភហួសហេតុផងដែរ ដោយលោកអះអាងថា បើផែនការនេះអនុវត្តឱ្យបានត្រឹមត្រូវ វាមិនបង្កផលប៉ះពាល់ធំដុំឡើយ។ ទោះជាយ៉ាងណា កូរ៉េខាងត្បូងបន្តហាមការនាំចូលគ្រឿងសមុទ្រដដែល។
 
អគ្គលេខាធិការនៃវេទិការដ្ឋកោះប៉ាស៊ីហ្វិក លោកស្រី Meg Taylor កាលពីដើមឆ្នាំនេះក៏បានសម្តែងនូវក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ ហើយបាននិយាយថា ជប៉ុនគួរតែត្រូវការទិន្នន័យបន្ថែមទៀត មុនពេលដែលការហូរចូលទៅក្នុងមហាសមុទ្រអាចត្រូវបានអនុញ្ញាត។ គាត់លើកឡើងថា ៖« យើងជំពាក់កូនរបស់យើង ដើម្បីនូវការធានានៃអនាគតដ៏សុវត្ថិភាពដល់ពួកគេ » ។
ចំណែកការស្ទង់មតិនៅខែមីនារបស់កាសែតជប៉ុន Asahi បានរកឃើញថា ប្រជាជនជប៉ុន ៥១ភាគរយបានគាំទ្រការបញ្ចេញទឹកសំណល់ ខណៈដែល៤១ភាគរយបានជំទាស់ទីនឹងបញ្ហានេះ។
 
៥. តើ​ធ្លាប់​មាន​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ដែរ​ឬ​ទេ?
 
កន្លង​មក ជប៉ុន​ក៏ធ្លាប់​ទទួល​រង​ផល​វិបាក​នៃ​ការ​បំពុល​បរិស្ថាន​ពី​កាក​សំណល់​ឧស្សាហកម្ម ។ ពីឆ្នាំ ១៩៣២ ដល់ឆ្នាំ ១៩៥៨ ក្រុមហ៊ុនគីមី Chisso បានបញ្ចេញទឹកសំណល់យ៉ាងច្រើនចូលទៅក្នុងឈូងសមុទ្រ Minamata ក្នុងខេត្ត Kumamoto ដោយប្រែក្លាយទឹកនៃឈូងសមុទ្រ Minamata ទៅជាឈូងសមុទ្រដែលគ្មានជីវិត ។
 
កាកសំណល់ពីក្រុមហ៊ុន Chisso បានបំពុលប្រព័ន្ធអេកូឡូស៊ីឈូងសមុទ្រ Minamata  ជាមួយនឹងជាតិបារតដែលបណ្តាលឱ្យមនុស្សបរិភោគអាហារដែលមានមេរោគនៅទីនេះ។ មកទល់នឹងពេលនេះ ជប៉ុននៅមានទារកជាច្រើនដែលកើតមកមានភាពមិនប្រក្រតីនៃសារធាតុបារត ហើយមនុស្សរាប់ពាន់នាក់នៅតែទទួលរងនូវជំងឺសរសៃប្រសាទដោយសារតែ រោគសញ្ញាដែលពាក់ព័ន្ធនឹង Minamata។
 
៦. តើនាពេលអនាគតជប៉ុនអាចបញ្ឃប់ដំណើរការនេះដែរឬទេ ? 
 
តាមពិតទៅមិនមានអ្វីដែលអាចរារាំងជប៉ុនក្នុងការបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រ Fukushima នោះទេ បើទោះបីមានការប្រឆាំងតវ៉ាពីបណ្តាប្រទេសជិតខាងក៏ដោយ។ ជប៉ុនបានអះអាងថា ខ្លួនបានទទួលការយលើព្រមពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរួចរាល់ហើយមុនដំណើរការបញ្ចេញសកម្មភាពទាំងនេះ។ 
 
ជប៉ុនព្រមទាំងពិចារណាប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO)ទៀត ដើម្បីឱ្យប្រទេសមួយចំនួនដូចជាចិនដែលបានតវ៉ារារាំងការនាំចូលអាហារអាហារសមុទ្រទាំងអស់របស់ខ្លួនឱ្យលុបចេញជាបន្ទាន់ ៕ 
 

Tag:
 ជប៉ុន
  ចិន
  កូរ៉េខាងត្បូង
  Fukushima
© រក្សាសិទ្ធិដោយ thmeythmey.com