កីឡាជាតិ
ជាតិ
លោក ភា សុភ័ត្រ្តា សរសើរភ្នំពេញក្រោន ពូកែរៀបចំបាល់ Set Piece
31, Aug 2023 , 11:04 am        
រូបភាព
ការប្រជែងបាល់រវាងខ្សែបម្រើភ្នំពេញក្រោន Takaki Ose(ក្រហម) និងខ្សែប្រយុទ្ធទ័ព Tetsuaki Misawa(ខ្មៅ)។រូបពី CPL
ការប្រជែងបាល់រវាងខ្សែបម្រើភ្នំពេញក្រោន Takaki Ose(ក្រហម) និងខ្សែប្រយុទ្ធទ័ព Tetsuaki Misawa(ខ្មៅ)។រូបពី CPL
ដោយ:
លោក ភា សុភ័ត្រ្តា គ្រូបង្វឹកក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) និយាយថាការរបូតបាល់១គ្រាប់ដែលនាំឱ្យបាត់បង់៣ពិន្ទុជាការធ្វេសប្រហែសចំពោះការរៀបចំប្រព័ន្ធលេង(Set Piece) របស់ភ្នំពេញក្រោន។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនសរសើរកក្រុមភ្ញៀវ ទ័ព ពូកែការពារ និងមិនងាយស្រួលក្នុងការរកគ្រាប់បាល់។

 
ម្ចាស់ផ្ទះភ្នំពេញក្រោន បានយកឈ្នះ ទ័ព ក្នុងលទ្ធផល ១-០ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Rafael Andres Nieto Rondon នៅនាទី៥១ ក្នុងវគ្គទី២នៃការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ (CPL) សប្តាហ៍ទី៣ នៅថ្ងៃទី៣០ ខែសីហា នាកីឡដ្ឋានស្មាត អរ អេស អិន។ ១គ្រាប់នេះជួយឱ្យភ្នំពេញក្រោនហក់ឡើងទៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបណ្តោះអាសន្ន។
 
បរាជ័យក្រៅដីដែលនាំឱ្យបាត់បង់៣ពិន្ទុ លោក ភា សុភ័ត្រ្តា គ្រូបង្វឹកក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ លើកឡើងថាដោយសារកូនក្រុមបិទបាល់ Set Piece របស់ភ្នំពេញក្រោនមិនបានល្អ។ «ជាការពិតណាស់១គ្រាប់ដែលជាកំហុសគឺពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធលេងដែលមិនមានការប្រុងប្រយ័ត្នក្នុងការចាប់លើកីឡាករដែលពូកែក្បាល​ពិសេសដូចជាកីឡាករលឹម ពិសុទ្ធ»។ គ្រូទ័ពបន្ថែមថានេះជាការធ្វេសប្រហែសធ្វើឱ្យក្រុមបាត់បង់៣ពិន្ទុ។
  
លោក ភា សុភ័ត្រ្តា ឈរបញ្ជាកូនក្រុមប្រកួតទល់នឹងភ្នំពេញក្រោន(ក្រហម)។ រូបពី CPl
យ៉ាងណាលោក សុភ័ត្រ្តា ថាសម្រាប់ក្រុមរបស់លោកនឹងបន្តពង្រឹងសមត្ថភាពបន្ថែមដើម្បីឱ្យមានតុល្យភាពក្នុងការប្រជែងពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាលថ្មីនេះ។ 
ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតថាការទទួលបាន៣ពិន្ទុពីក្រុមភ្ញៀវទ័ពជារឿងដ៏សែនលំបាកសម្រាប់ក្រុម ហើយលោកមើលឃើញថាការដឹកនាំរបស់គ្រូបង្វឹកថ្មីធ្វើឱ្យក្រុមទ័ពមានភាពខ្លាំង ដែលខុសប្លែកពីរដូវកាលមុន។
 
គ្រូបង្វឹកភ្នំពេញក្រោននិយាយថា៖«យើងដឹងហើយថានេះជាការប្រកួតដ៏លំបាក។ រដូវកាលថ្មីនេះគេបាននាំយកកីឡាករថ្មីល្អៗមួយចំនួនមកចូលរួមជាមួយក្រុមធ្វើឱ្យក្រុមមានភាពប្រសើរឡើងផងដែរក្រោមការដឹកនាំរបស់លោកគ្រូសុភ័ត្រ្តា ហើយខ្ញុំគិតថាក្រុមTiffy Army នឹងឡើងទៅកាន់ចំណាត់ថ្នាក់លេខ៤(Top4)»។
 
ចំណែកកីឡាករ Takaki Ose លើកឡើងថាការប្រកួតជាមួយក្រុមកងយោធពលខេមរភូមិន្ទជាការប្រកួតមួយដ៏តានតឹងដែលធ្វើឱ្យក្រុមទាំងមូលពិបាកក្នុងការលេង ជាពិសេសកីឡាករមិនងាយស្រួលក្នុងការរកគ្រាប់បាល់។
 

ការប្រកួតរវាងក្រុមបាល់ទាត់ភ្នំពេញក្រោន(ក្រហម) និងទ័ព(ខ្មៅ)។ រូបពី CPL
ខ្សែបម្រើ Takaki Ose និយាយថា៖«វាជាការប្រកួតដ៏លំបាក និងតានតឹង។ យើងរកបានតែ១គ្រាប់ទេ ហើយការប៉ះបាល់ចុងក្រោយរបស់ក្រុមយើងមានបញ្ហា ដែលមិនមានគុណភាព»។ Takaki បន្តថាការសម្រាករយៈពេលពីរសប្តាហ៍ក្រុមទាំងមូលនឹងបន្តពង្រឹងបន្ថែមសម្រាប់ការប្រកួតក្នុងលីគ និងពានរង្វាន់ AFC Cup។
 
គួបញ្ជាក់ថា សម្រាប់ការប្រកួតបន្ទាប់ក្នុងសប្តាហ៍ទី៥ ក្រុមបាល់ទាតកងយោធពលខេមរភូមិន្ទ(ទ័ព) នឹងត្រូវបន្តដំណើរទៅកាន់កីឡដ្ឋានខេត្តព្រៃវែង ដើម្បីប្រកួតជាមួយក្រុមព្រៃវែង ថ្ងៃទី១៦ ខែកញ្ញា វេលាម៉ោង ៣ និង៤៥នាទី ចំណែកក្រុមភ្នំពេញ នឹងត្រូវជួបប្រកួតជាមួយម្ចាស់ផ្ទះវិសាខា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាចនាកីឡដ្ឋានព្រីនស៍។
 
ពិន្ទុបណ្តោះអាសន្ន៖ ព្រះខ័នរាជស្វាយរៀង ឈរលេខ១ មាន១២ពិន្ទុ នាំមុខវិសាខា ឈរលេខ២ មាន៩ពិន្ទុស្មើភ្នំពេញក្រោន ដែលឈរលេខ៣។ ព្រៃវែង ឈរលេខ៤ មាន៧ពិន្ទុស្មើបឹងកេត ឈរលេខ៥។ កងយោធពលសេមរភូមិន្ទ ឈរលេខ៦ មាន៤ពិន្ទ។ អាយអេសអាយដង្កោសែនជ័យ ឈរលេខ៧​ រួមជាមួយ ណាហ្គាវើលដ៍ ឈរលេខ៨ និងអង្គរថាយហ្គឺរ ឈរលេខ៩ មាន៣ពិន្ទុដូចគ្នា ខណៈគីរីវង់សុខសែនជ័យ នៅបាតតារាង មាន១ពិន្ទុ៕
 

Tag:
 បាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com