ភ្នំពេញ៖ គិតចាប់តាំងពីឆ្នាំ២០០៣ ដែលជាឆ្នាំដំបូង នៃការចុះកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក កម្ពុជាទទួលបានសមុច្ច័យជាង១០០ដុំហើយ ពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា កិច្ចការស្វែងរកវត្ថុបុរាណខ្មែរ មកកាន់ទឹកដីកំណើតវិញនេះ ពុំមែនជាការងាយស្រួលឡើយ។ នោះក៏ដោយសារតែវត្ថុបុរាណទាំងនេះ មានតម្លៃថ្លៃខ្លាំង ដូច្នេះអ្នកកាន់កាប់វត្ថុបុរាណទាំងនោះ ពុំចង់ផ្ដល់មកឱ្យកម្ពុជាវិញទេ។
ស្ថានទូតអាមេរិកនៅភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកទី៥ ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ នេះជាការបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា។
ប្រទេសកម្ពុជា គឺជាប្រទេសតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងនេះ។ អនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាលើកដំបូងត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០៣។
លោកស្រី ភឿង សកុណា បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកទី៥ ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលវត្ថុបុរាណរបស់កម្ពុជា ត្រូវបានលួច និងទទួលទិញ ដោយអ្នកធ្វើសមុច្ច័យ ជាលក្ខណៈឯកជន និងបណ្ដាសារមន្ទីរ នៅទូទាំងពិភពលោក។
លោកស្រីបន្ថែមថា វិធានការដ៏មានប្រសិទ្ធិភាព ប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវវត្ថុបុរាណ និងសម្បត្តិវប្បធម៌ ត្រូវពឹងផ្អែកលើសហប្រតិបត្តិការជិតស្និទ្ធ។ លោកស្រីសង្កត់ធ្ងន់ថា កិច្ចសហការគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា មានសារសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង និងការជួញដូរវត្ថុបុរាណខុសច្បាប់។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីអះអាងថា កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ មិនងាយស្រួលដូចចិត្តចង់បានឡើយ ព្រោះវត្ថុបុរាណទាំងនោះមានតម្លៃថ្ងៃខ្លាំង ដូច្នេះអ្នកកាន់កាប់ខ្លះ មិនចង់ឱ្យមកកម្ពុជាវិញឡើយ។
លោកស្រី ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោកស្រី ភឿង សកុណា ពន្យល់បន្ថែម៖«វត្ថុបុរាណរបស់ខ្មែរ ដែលនៅសហរដ្ឋអាមេរិក មានទាំងនៅក្នុងផ្ទះប្រជាជនធម្មតា និងនៅក្នុងសារមន្ទីរ។ កិច្ចសហប្រតិបត្តិការ មិនមែនស្រួលដូចចិត្តយើងគិតទេណា។ យើងត្រូវជជែកពិភាក្សាគ្នាតឹងតែង ព្រោះជួនកាលនៅលើដៃគេ គេមិនចង់ឱ្យក៏មានដែរ។ អ្នកខ្លះគេយល់ គេស្ម័គ្រចិត្តឱ្យ។ អ្នកខ្លះគេមិនស្ម័គ្រចិត្តឱ្យទេ ដូច្នេះត្រូវការពិភាក្សាគ្នា ត្រូវការពន្យល់គ្នាច្រើន។ ពិបាកជជែកទាំងខាងសារមន្ទីរ ទាំងខាងប្រជាជនធម្មតា។ ព្រោះវត្ថុទាំងនោះថ្លៃៗខ្លាំងណាស់»។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក បានប្រកាសក្នុងពិធីចុះហត្ថលេខាខាងលើ នូវជំនួយថវិកា ចំនួន ៤៥ ម៉ឺនដុល្លារ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ ជូនដល់ក្រសួងវប្បធម៌កម្ពុជា សម្រាប់បន្តការងារអភិរក្ស នៅប្រាសាទភ្នំបាខែង។
លោក Murphy បន្ថែមដូច្នេះ៖«ប្រទេសយើងទាំងពីរ មើលឃើញអំពីអំណាចនៃវប្បធម៌ ក្នុងការធ្វើឱ្យមនុស្សមានការរួបរួមគ្នា។ សហរដ្ឋអាមេរិក មានមោទកភាពចំពោះការរួមចំណែករបស់ខ្លួន ក្នុងការជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ នៃព្រះរាជាណាចក្រ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា
លោកស្រី ភឿង សកុណា បានកោតសរសើរដល់សហរដ្ឋអាមេរិក ដែលប្រឹងប្រែងជួយកម្ពុជា ក្នុងការប្រមូលវត្ថុបុរាណខ្មែរ ត្រឡប់មកកម្ពុជាវិញ។
«សហរដ្ឋអាមេរិកគឺជាប្រទេសមួយសកម្ម ក្នុងការជួយរឿងនេះ ដូច្នេះមានជាង១០០រូបហើយ ដែលយើងបានទទួល។ ឥឡូវវត្ថុបុរាណមួយចំនួន យើងកំពុងតម្កល់ទុកនៅអាមេរិក ពេលបានជុំគ្នា យើងនឹងដឹកមកម្ដងទៀត។ នេះជាការរៀនសូត្រមួយ សម្រាប់យុវជនជំនាន់ក្រោយ ថាសង្គ្រាមនាំមកនូវការបែបបាក់អ៊ីចឹង។ នៅពេលមានសន្តិភាព មិនមែនមានតែប្រជាជនទេ សូម្បីតែវត្ថុបុរាណក៏អាចជួបជុំគ្នាបានដែរ។ នេះជួយទៅលើសេដ្ឋកិច្ច ទាក់ទាញភ្ញៀវទេសចរណ៍ ដើម្បីការកសាងប្រទេសយើង ដែលមានសារសំខាន់សម្រាប់ប្រទេសកម្ពុជាទាំងមូលតែម្ដង»។ នេះជាការពន្យល់បន្ថែមរបស់លោកស្រី សកុណា។
ការបន្ត MOU រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាលើកទី៥នេះ ទាក់ទងនឹង ការដាក់កម្រិតហាមប្រាម នូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពិន្ធុវិទ្យា និងកាត់បន្ថយការលួចប្លន់ វត្ថុបុរាណដ៏ល្អឯក ពីប្រទេសកម្ពុជា។ MOU នេះ នឹងបន្តការផ្លាស់ប្ដូរគ្នា នូវវត្ថុបុរាណ និងវត្ថុជាតិពិន្ធុសាស្ត្រ សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដើម្បីធ្វើឱ្យសាធារណជន កាន់តែយល់ និងផ្ដល់តម្លៃ ហើយស្វែងយល់ ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
២០ឆ្នាំកន្លងមក MOU រវាងកម្ពុជានិងសហរដ្ឋអាមេរិក ផ្នែកវប្បធម៌ បានជួយសម្រួល ដល់ការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ ដុំ និងបានកសាងសមត្ថភាពរបស់ជនជាតិខ្មែរ ដែលធ្វើការងារថែរក្សា និងគាំពារបេតិកភណ្ឌវប្បធម៌។
សូមបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ជាមួយប្រទេសផ្សេងទៀតដែរ ដូចជាប្រទេសថៃ និងចិន ប៉ុន្តែពុំទាន់បានសកម្មដូចសហរដ្ឋអាមេរិកឡើយ ព្រោះទើបតែចុះកិច្ចព្រមព្រៀងថ្មីៗនេះ។ នៅថ្ងៃខាងមុខ កម្ពុជាក៏មានបំណងពង្រីក កិច្ចសហប្រតិបត្តិការវប្បធម៌បែបនេះ ទៅកាន់ប្រទេសផ្សេងៗទៀត ដែលមានរក្សាទុកវត្ថុបុរាណរបស់កម្ពុជា ។
លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការស្វះស្វែងរកវត្ថុបុរាណ ត្រឡប់មកកម្ពុជាវិញ គឺជារឿងដ៏សំខាន់បំផុតមួយ ក្នុងការប្រមូលផ្ដុំដួងព្រលឹងរបស់ដូនតា ឱ្យមកជុំគ្នាក្នុងទឹកដីកំណើត។
លោកស្រី បន្ថែមដូច្នេះ៖«ការប្រមូលវត្ថុបុរាណមកវិញ មានសារសំខាន់សម្រាប់ជាតិ គឺអនុញ្ញាតឱ្យកម្ពុជា បានស្វែងរកដួងព្រលឹងវិញ្ញាណខណ្ឌរបស់ដូនតា វត្ថុបុរាណរបស់ខ្មែរ ដែលបានបាត់ បែកបាក់ ខ្ចាត់ខ្ចាយក្នុងសម័យសង្គ្រាម ត្រឡប់មកទឹកដីកំណើតវិញ។ បានឱ្យកូនខ្មែរបានរៀនសូត្រ និងគោរពអ្វីដែលជាមរតកដូនតា នូវផ្នែកស្មារតីដួងព្រលឹង និងជាការវិលជួបជុំគ្នាវិញ របស់វត្ថុបុរាណខ្មែរ ដែលបានបែកបាក់រាប់សតវត្សរ៍មកហើយ។
សូមរំលឹកថា តាំងពីឆ្នាំ២០០១មក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាថវិកាជិត ៦លានដុល្លារអាមេរិក សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ។ ជាពិសេសជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈ នៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយ ដល់សាធារណជន លើការការពារបេតិកភណ្ឌវប្បធម៌៕