កីឡាអន្តរជាតិ
អន្តរជាតិ
ម្តាយ លោក Rubiales ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយធ្វើកូដកម្មបង្អត់អាហារ៣ថ្ងៃ ដើម្បីជួយកូន
31, Aug 2023 , 1:59 pm        
រូបភាព
អ្នកស្រី Angeles Bejar ម្តាយរបស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF ) ដែលកំពុងមានរឿងរ៉ាវអាស្រូវចំពោះការថើបកីឡាការិនីឈ្នះជើងឯក World Cup 2023 ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនាថ្ងៃទី៣១ ខែសីហា។ អ្នកស្រី Bejar  បានធ្វើកូដកម្មបង្អត់អាហារយៈពេល ៣ថ្ងៃ ដើម្បីជួយគាំទ្រ និងការពារកូនប្រុស ដែលត្រូវបានមជ្ឈដ្ឋានបាល់ទាត់អេស្ប៉ាញ និងពិភពលោកទាមទារឱ្យចុះចេញពីតំណែងប្រធាន RFEF។



អ្នកស្រី Angeles Bejar បានចាក់សោរបង្អត់អាហារខ្លួនឯងនៅក្នុងព្រះវិហារសាសនាមួយកន្លែងនៅក្នុងទីក្រុង Motril ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ តាំងពីថ្ងៃទី២៨ ខែសីហាដើម្បីប្រឆាំង នឹងការតវ៉ា ជុំវិញករណីកូនប្រុសរបស់អ្នកស្រី ថើបលើកីឡាការិនី Jenni Hermoso នៅលើបបូរមាត់ដែលនាំឱ្យមានការព្យួរការងារពីសំណាក់សហព័ន្ធបាល់អន្តរជាតិ FIFA កាលពីសប្តាហ៍មុន។
 
បន្ទាប់ពីបង្អត់អាហារខ្លួនរយៈពេល ៣ថ្ងៃ អ្នកស្រីត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Santa Ana ក្នុងទីក្រុង Motril នាវេលាល្ងាចថ្ងៃទី៣០ ខែសីហា។ លោកអាចារ្យដែលបានគ្រប់គ្រងនៅក្នុងព្រះវិហារមួយកន្លែងនោះ បានប្រាប់មកអំពីការបញ្ជូនអ្នកស្រី Bejar មកមន្ទីរពេទ្យ ប៉ុន្តែមិនបានបញ្ជាក់ឱ្យលម្អិតលើបញ្ហាបន្ថែមទៀត។ ចំណែកមន្ទីរពេទ្យ Santa Ana ក៏បានបញ្ជាក់អំពីវត្តមានអ្នកស្រី Bejar នោះទេ​ ឬក៏អនុញ្ញាតឱ្យអ្នកកាសែតចូលក្នុងមន្ទីរពេទ្យដូចគ្នាដែរ។
  


រឿងអាស្រូវនៃការថើបនេះបានឈានដល់មេសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នាថ្ងៃទី៣០ ខែសីហា លោក Aleksander Ceferin បានចាក់ទុកទង្វើររបស់លោក Rubiales មិនសមរម្យ តែលោកអះអាងថា UEFA មិនចង់ជ្រៀតជ្រែកក្នុងការស៊ើប​អង្កេត​របស់ FIFA លើបុរសវ័យ ៤៦ឆ្នាំរូបនេះឡើយ។
 
ចាប់តាំងពីបញ្ចប់ព្រឹត្តិការណ៍ Women’ World Cup 2023 លោក Luis Rubiales ត្រូវបានអ្នកគាំទ្របាល់ទាត់អេស្ប៉ាញ ក៏ដូចជាមន្រ្តីក្នុងរដ្ឋាភិបាលអេស្ប៉ាញបានទាមទារឱ្យលោកចុះចេញពីតំណែង ចំពោះទង្វើរនៃការថើបលើកីឡាការិនី Jenni Hermoso ត្រង់បបូរមាត់។ នាយករដ្ឋមន្ត្រីអេស្ប៉ាញបានជំរុញឱ្យមេបាល់ទាត់អេស្ប៉ាញចុះចេញពីតំណែង ក្រោយក្រុមកីឡាការិនីអេស្ប៉ាញម្ចាស់ World Cup 2023 បានវិលត្រលប់មកដល់ប្រទេសវិញ។
  


សហព័ន្ធ FUTPRO ដែលជាសមាគមបាល់ទាត់ស្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុនបានធ្វើសេចក្តីថ្លែងការណ៍រួមជាមួយនឹងកីឡាការិនី Hermoso អំពាវនាវឱ្យមានការប្រឆាំងតវ៉ានឹងទង្វើររបស់លោក Rubiales ដែលបានថើបខ្លួន។ រឿងរ៉ាវទាំងនេះបានឈានដល់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA រហូតធ្វើឱ្យស្ថាប័នបាល់ទាត់ពិភពលោកមួយនេះសម្រេចដាក់ទណ្ឌកម្មព្យួរការងារប្រធានបាល់ទាត់អេស្ប៉ាញរយៈពេល ៣ ខែ និងបន្តបើកការស៊ើប​អង្កេត​។
 
ប៉ុន្មានថ្ងៃចុងក្រោយ រឿងអាស្រូវនៃការថើបនេះកំពុងបន្តយ៉ាងក្តៅកគុក ដោយកាលពីថ្ងៃទី២៩ ខែសីហា មន្ត្រីជាន់ខ្ពស់សហព័ន្ធ RFEF បានអំពាវនាវឱ្យលោក Rubiales ចុះចេញពីតំណែងដូចគ្នា។ ក្របខណ្ឌលីគកំពូលបាល់ទាត់ស្ត្រីអេស្ប៉ាញ​ ក៏ដូចជា La Liga ក៏ស្នើឱ្យមេបាល់ទាត់រូបនេះចុះចេញពីតំណែង៕
 

Tag:
 Luis Rubiales
  អេស្ប៉ាញ
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com