កីឡាជាតិ
ជាតិ
គ្រូបង្វឹកភ្នំពេញក្រោន បារម្ភខ្លាចជួបផលអវិជ្ជមានលើការប្រកួត AFC Cup តែជឿជាក់លើកូនក្រុម
31, Aug 2023 , 3:39 pm        
រូបភាព
គ្រូបង្វឹកក្លិបភ្នំពេញក្រោន លោក Oleg Starynskyi
គ្រូបង្វឹកក្លិបភ្នំពេញក្រោន លោក Oleg Starynskyi
បញ្ហារបួសរបស់កីឡាករ ក្នុងការប្រកួតនីមួយៗ គឺចៀសមិនផុត។ ប៉ុន្តែលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បារម្ភថា បញ្ហារបួស និងលទ្ធផលមិនល្អ នឹងក្លាយជាការប្រឈមរបស់ក្រុម ដែលត្រូវត្រៀមប្រកួត ពានរង្វាន់ AFC Cup វគ្គចែកពូល។ កីឡាករភ្នំពេញក្រោនជាច្រើនរូប ត្រូវជួយជម្រើសជាតិ សម្រាប់ការប្រកួតនាដើមខែកញ្ញា។



ភ្នំពេញក្រោន នៅក្នុងពូល F ត្រូវប្រកួតពានរង្វាន់ AFC Cup វគ្គចែកពូល ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយ ៣ក្រុមផ្សេងទៀត គឺ DH Cebu របស់ហ្វីលីពីន, Macharthur FC របស់អូស្ដ្រាលី និង Shan United របស់មីយ៉ាន់ម៉ា។ ជាមួយនិងការត្រៀមខ្លួន របស់ភ្នំពេញក្រោន ក្រុមជម្រើសជាតិកម្ពុជា ក៏មានប្រកួតមិត្តភាពអន្ដរជាតិ ជាមួយ ហុងកុង នៅថ្ងៃទី៧ ខែកញ្ញា និងប៉ះ ម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ បន្ថែមពីនេះ ឈុតក្រុមបាល់ទាត់កម្ពុជាក្រោម ២៣ឆ្នាំ ក៏ត្រូវប្រកួតពានរង្វាន់ AFC U23 Asian Cup Qatar វគ្គចែកពូល នៅអារ៉ាប៊ី សាអូឌីត ចាប់ពីថ្ងៃទី៦ ខែកញ្ញា ផងដែរ។
 
ដោយឡែក ភ្នំពេញក្រោន មានកីឡាករ ចំនួន ៦រូប ត្រូវបានកោះហៅឲ្យចូលព្រឹត្តិការណ៍ ទាំង២នេះ។ ៦រូបនោះ មាន អ៊ន ចាន់ប៉ូលីន, លឹម ពិសុទ្ធ, យ៉ើ មូស្លីម, ផាច សុជាវីឡា, ជួន ចាន់ចាវ និង កើត ពេជ្រ ក្រុមជម្រើសជាតិក្រោម ២៣ឆ្នាំ។ ពួកគេទាំងនេះ សុទ្ធតែជាកីឡាករសំខាន់របស់ក្លិបភ្នំពេញក្រោន។
 
លោក Oleg Starynskyi បាននិយាយថា ក្រុមជម្រើសជាតិកម្ពុជា ២-៣ឆ្នាំនេះ ធ្វើមិនសូវបានល្អប៉ុន្មានទេ ដូច្នេះរូបលោក ព្រួយបារម្ភខ្លាំង លើការប្រមូលអារម្មណ៍ និងស្មារតីរបស់កីឡាករ ក្រោយបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ។ 
 
«កីឡាករយើង បានចូលរួមជាមួយក្រុមជម្រើសជាតិ ហើយត្រលប់មកវិញមានអារម្មណ៍បែបណា? ខ្ញុំ ឃើញថា ប្រសិនជាគេចូលរួមហើយ គេនាំគ្នាលេងបានល្អ ដោយឈ្នះ ប្រកួតខ្លះ ពួកគេមានអារម្មណ៍ និងស្មារតីល្អ។ ប៉ុន្ដែ ខ្ញុំ ឃើញ ២-៣ឆ្នាំចុងក្រោយនេះ ធ្វើមិនបានល្អ ហើយធ្វើឲ្យកីឡាករ មានអារម្មណ៍មិនល្អ។ ខ្ញុំ គិតថានេះ បានកែប្រែហើយ ដោយសារ យើង មានការប្រកួតខាងក្នុងខ្លាំង ដូចជាការ CPL បានជួយឲ្យកីឡាករ រីកចម្រើន ហើយមានសមត្ថភាពកាន់តែប្រកួតប្រជែង ហើយថែមទាំងអាចប្រកួតប្រជែងជាមួយការប្រកួតខាងក្រៅ ដែលនឹងមកដល់នេះ ជាពិសេស ដូចជាការប្រកួតជម្រុះជាដើម។ ដូច្នេះ ខ្ញុំ មានតែបន់ឲ្យក្រុមជម្រើសជាតិ ទទួលបានជោគជ័យច្រើន ហើយជូនពរលោកគ្រូ Felix ផងដែរ។»។ លោក Oleg Starynskyi បាននិយាយបែបនេះ។
 
ចំពោះបញ្ហារបួសកីឡាករវិញ គ្រូបង្វឹករូបនេះ ចាត់ទុកជាផ្នែកមួយ នៃវិស័យកីឡាប៉ុណ្ណោះ។ លោកបានអះអាងថា ភ្នំពេញក្រោន បានត្រៀមខ្លួនប្រកួត AFC Cup ដោយមានសមាសភាពកីឡាករ គុណភាពជាច្រើន ដែលអាចផ្លាស់ប្ដូរ និងលេងតាមតួនាទីបាន។ លោក Oleg Starynskyi បានលើកឧទាហរណ៍ជាក់ស្ដែងថា ភ្នំពេញក្រោន បានយកឈ្នះលើ កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ១-០ ដោយអវត្តមាន Yudai Ogawa។ ការអវត្តមាននេះ ខ្សែបម្រើរូបនេះ ដើម្បីឱ្យរូបគេ​បានសម្រាកព្យាបាលរបួស និងត្រៀមលក្ខណៈប្រកួតព្រឹត្តិការណ៍ AFC Cup នៅហ្វីលីពីន។
 
ក្នុងសន្និសីទក្រោយការប្រកួតរវាងភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន​ Smart RSN គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយដូច្នេះថា៖ «Yudai គឺជាកីឡាករ សំខាន់បំផុត ប៉ុន្ដែប្រសិនជាមានអ្វីកើតឡើង យើងត្រូវតែដោះស្រាយ យើង ត្រូវគិតពីកីឡាករណាចេញ កីឡាករណាចូល។ បន្ទាប់ពីការប្រកួតនៅសិង្ហបុរី Yudai រងរបួស ហើយឥឡូវគាត់ បានសម្រាកបាន ២សប្ដាហ៍ហើយ។ ការប្រកួត ដូចរត់ម៉ារ៉ាតុង ព្រោះយើងគ្មានពេលសម្រាក់ ហើយអំឡុងពេលនេះ យើង មានពេលតែ ប៉ុន្មានថ្ងៃប៉ណ្ណោះសម្រាប់សម្រាក់ វែងគ្រាន់ជាងពេលមុនដែរ។»។
 
គួរបញ្ជាក់ផងដែរ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ DH Cebu នៅថ្ងៃទី២១ ខែកញ្ញា នៅកីឡដ្ឋាន Rizal Memorial ហើយត្រូវស្វាគមន៍ Shan United នៅថ្ងៃទី៥ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នៅថ្ងៃទី២៥ ខែតុលា ភ្នំពេញក្រោន ត្រូវទទួល Macarthur FC នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចំណែកថ្ងៃទី៩ ខែតុលា ត្រូវប្រកួត ជាក្រុម Macarthur FC នៅកីឡដ្ឋាន Campbelltown។ ចូលមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ភ្នំពេញក្រោន ត្រូវស្វាគមន៍ DH Cebu នៅកីឡដ្ឋានជាតិអូឡាំពិក និងថ្ងៃទី១៤ ធ្នូ ប្រកួតជាមួយ Shan United នៅកីឡដ្ឋាន Thuwunna៕
 

Tag:
 បាល់ទាត់
  AFC Cup
  Oleg Starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com