កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ ៥ក្រុមមកពីចក្រភពអង់គ្លេស ទន្ទឹងរង់ចាំរកដៃគូប្រកួតរបស់ខ្លួន នៅវគ្គចែកពូល
31, Aug 2023 , 5:09 pm        
រូបភាព
ក្រុមចំនួន ៥ មកពីចក្រភពអង់គ្លេស កំពុងទន្ទឹងរង់ចាំមើលដៃគូប្រកួតប្រជែង នៅក្នុងវគ្គចែកពូលនៃការប្រកួតពានរង្វាន់ក្លិបបាល់ទាត់កំពូលតំបន់អឺរ៉ុប UEFA Champions League រដូវកាល ២០២៣-២៤។ ការចាប់ឆ្នោតវគ្គចែកពូល UCL នឹងធ្វើឡើងនៅថ្ងៃទី៣១​ ខែសីហា នាទីក្រុងម៉ូណាកូ វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)។



ម្ចាស់ការពារតំណែងជើងឯក Manchester City នឹងស្ថិតនៅក្នុងក្រឡក្រុមជើងជើងឯកមកពីលីគកំពូលនីមួយៗ ក្នុងតំបន់អឺរ៉ុប ខណៈ Manchester United, Arsenal និង Newcastle ជាក្រុមអង់គ្លេសមកពីក្របខណ្ឌ Premier League ដែលត្រូវបង្ហាញខ្លួនប្រកួតប្រជែង។
 
Newcastle បង្ហាញខ្លួនក្នុងក្របខណ្ឌ ​Champions League វគ្គចែកពូលចុងក្រោយបង្អស់នៅឆ្នាំ ២០០២-០៣ ខណៈដែលក្រុមកាំភ្លើងធំ Arsenal នឹងបង្ហាញខ្លួនវិញ ចាប់តាំងពីឆ្នាំ ២០១៦-១៧។



ក្រុមជើងឯកលីគកំពូលស្កុតឡែន Celtic ក៏ត្រូវស្ថិតក្នុងការចាប់ពូលប្រកួតប្រជែងពានរង្វាន់ Champions League ដោយក្រុមស្ថិតក្នុងចក្រភពអង់គ្លេសមួយនេះ អាចត្រូវជួបក្រុម Arsenal ឬក៏ក្រុមមួយមកពីទីក្រុង Manchester។
 
ក្រុមទាំង ៣២ នឹងត្រូវបែកចែកចេញពី ៨ពូល ដោយក្នុងមួយពូលមាន ៤ក្រុម ត្រូវប្រកួតប្រជែងតាមពូលនីមួយ ។ ក្រុមដែលមកពីប្រទេសដូចគ្នា នឹងមិនអាចស្ថិតក្នុងការប្រកួតប្រជែងពូលតែមួយបានឡើយ។ អេស្ប៉ាញមានក្រុមចំនួន ៥​ នៅក្នុងការប្រកួតប្រជែង UCL ដោយក្រុម Sevilla បានក្លាយជាជើងឯក Europa League ហើយឈ្នះសំបុត្រការប្រកួត មិនមែនតាមរយៈឈ្នះសំបុត្រពីការប្រជែងលីគឡើយ។
 
សម្រាប់សមាភាពក្រុមមកពីអាល្លឺម៉ង់វិញ ក្រុម Union Berlin នឹងបង្ហាញខ្លួនលើកដំបូងបំផុតនៅក្នុងពានរង្វាន់ UCL ខណៈដែលក្រុមជើងលីគកំពូលអ៊ុយក្រែន Shakhtar Donetsk នឹងត្រូវបន្តការប្រកួតរបស់ខ្លួននៅក្នុងទីក្រុង Humburg ប្រទេសអាល្លឺម៉ង់ដដែល ព្រោះតែបញ្ហាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន មិនទាន់ថមថយ។
 
ទោះយ៉ាងណា ការប្រកួតដែលមានរចនាសម្ព័ន្ធទម្រង់ការប្រកួតវគ្គចែកពូលនេះ នឹងត្រូវបញ្ចប់ត្រឹមរដូវកាល ២០២៣-២៤ នេះ ដោយចាប់ពីរដូវកាល ២០២៤-២៥ ទៅ ការប្រកួត UEFA Champions League មានការកើតឡើងដល់ទៅ៣៦ក្រុម ហើយចាប់ឱ្យស្ថិតក្នុងលីគតែមួយរួមគ្នាតែម្តង សម្រាប់ប្រជែងដណ្តើមកៅអីវគ្គ១៦ក្រុម។
 
ពីឆ្នាំ ២០២៤ ក្រុមណាដែលបញ្ចប់ចំណាត់កំពូលពីលេខ១ដល់៨នឹងត្រូវឆ្លងទៅវគ្គជម្រុះ ១៦ក្រុម ដោយស្វ័យប្រវត្តិ ។ចំណែកក្រុមដែលមានចំណាត់ថ្នាក់ពីលេខ ៩ ដល់ ២៤ នឹងត្រូវប្រជែង Playoffs ដណ្តើមកៅអីវគ្គ ១៦ក្រុម ដោយការប្រកួតធ្វើឡើងចំនួន ២ជើងទៅវិញទៅមក។
 
ខាងក្រោមនេះជាក្រុមដែលបានបែងចែកទៅតាមក្រឡចំនួន ៤ ត្រៀមសម្រាប់ចាប់ឆ្នោតវគ្គចែកពូល ៖
 
ក្រឡទីមួយ ៖ Manchester City (ការពារតំណែងជើងឯក UCL), Sevilla (ម្ចាស់ពាន Europa League), Barcelona (ជើងឯក La Liga), Napoli (ជើងឯក ​Serie A)​, ​Bayern Munich (ជើងឯក Bundesliga), Paris Saint Germain (ជើងឯក Ligue 1) និង Feyenoord (ជើងឯក Edivision1)
ក្រឡទីពីរ ៖ ​Real Madrid, Manchester United, Inter Milan, Borussia Dortmund, Atletico Madrid, RB Leipzig, Porto និង Arsenal
ក្រឡទីបី ៖ Shakhtar Donetsk, Salzburg, Milan, Braga, PSV Eindhoven, Lazio, Red Star Belgrade, FC Copenhagen
ក្រឡទីបួន ៖ Young Boys, Real Sociedad, Galatasaray, Celtic, Newcastle United, Union Berlin, Royal Antwerp និង RC Lens៕

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com