កីឡាអន្តរជាតិ
អន្តរជាតិ
​​UEFA ថាខ្លួននឹងមិនអនុវត្តច្បាប់បន្ថែមម៉ោងរបស់អង់គ្លេស ព្រោះមិនសមហេតុផល
31, Aug 2023 , 9:29 pm        
រូបភាព
ការប្រកួតបាល់ទាត់ក្របខណ្ឌក្រុមជើងខ្លាំងតំបន់អឺរ៉ុប នឹងមិនប្រើប្រាស់ច្បាប់បន្ថែមពេលវេលានៃការប្រកួត ដែលបាល់ទាត់នៃប្រទេសអង់គ្លេស ទើបតែតាក់តែងឡើង ដើម្បីជៀសវាងការគេងចំណេញពេលវេលា ក្នុងការប្រកួតនោះឡើយ។ នេះបើតាមសម្តីលោក ​Zvonimir Boban ដែលជាមន្ត្រីរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី៣០ ខែសីហា។



តាមរយៈការប្រកួតនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ទាំងបុរស និងស្ត្រី ដែលមានការបន្ថែមពេលវេលានៃការប្រកួតច្រើនលើសលុប ព្រោះតែការខាតបង់ពេលវេលា អំឡុងពេលអបអរការស៊ុតបញ្ចូលទី ការផ្លាស់ប្តូរកីឡាករ និងវេលារងរបួស។ មុនចាប់ផ្តើមរដូវកាលថ្មី ២០២៣-២៤ សមាគមបាល់ទាត់អង់គ្លេស FA ក៏បានអនុវត្តច្បាប់បន្ថែមពេលវេលាក្នុងការប្រកួត​។
 
ការប្រកួតបាល់ទាត់នៅក្នុងក្របខណ្ឌនៃប្រទេសអង់គ្លេស នារដូវកាលថ្មីនេះ មានពេលវេលានៃការប្រកួតច្រើនជាង ១០០នាទីក្នុងការប្រកួតនីមួយៗ។ ទាក់ទងនឹងការបន្ថែមពេលវេលានេះ ខ្សែបម្រើក្រុម Manchester City កីឡាករ Kevin De Bruyne និងខ្សែការពារ Raphael Varane ក៏ដូចជា FIFPRO បានរិះគន់ចំពោះច្បាប់បន្ថែមពេលវេលាប្រកួតថ្មី នៅក្នុងប្រទេសអង់គ្លេស។
  


«វាពិតជារឿងមិនសមរម្យទាល់តែសោះ! ទាក់ទងនឹងសុខុមាលភាពកីឡាករ វាជាប្រភេទនៃសោកនាដកម្មតូច ឬ​សោកនាដកម្មធំ ព្រោះយើងកំពុងបន្ថែមនាទីជិត ១២, ១៣ ឬ ១៤នាទី។

នៅពេលដែលអ្នកលេងរយៈពេល ៦០ ឬ ៦៥នាទី ខ្ញុំនិយាយពីបទពិសោធន៍របស់ខ្ញុំ ជាពិសេសជាខ្សែបម្រើ នៅពេលអ្នកនឿយហត់ខ្លាំង ពេលវេលា ៣០នាទីចុងក្រោយនៃការប្រកួត អ្នកត្រូវខំប្រឹងបន្ថែមទៀត តែបន្ទាប់មកមានមនុស្សម្នាក់ចូលមកហើយបន្ថែមម៉ោង ១៥នាទីថែមទៀត វាពិតជាលើសលុបខ្លាំងចំពោះកីឡាករដែលមានកាលវិភាគប្រកួតច្រើន។»។ នេះបើតាមសម្តីលោក Bodan អតីតកីឡាករខ្សែបម្រើនៅក្រុម AC Milan និងក្រុមជម្រើសជាតិក្រូអាស៊ី។
 
លើសពីនេះប្រធានអាជ្ញាកណ្តាលរបស់ UEFA លោក Roberto Rosetti បានគាំទ្រដល់ការលើកឡើងរបស់លោក Bodan ហើយបានអះអាងថា ស្ថាប័នរបស់លោកបានធ្វើការងាររយៈពេល ៥ឆ្នាំចុងក្រោយ ដើម្បីបង្កើនពេលវេលាក្នុងការលេងបាល់អំឡុងការប្រកួត ហើយក៏មិនអនុវត្តនូវច្បាប់ពេលវេលា មិនសមរម្យផងដែរ។
 
លោក Rosetti បានលើកឡើងដូច្នេះ ៖« មានរឿងដែលសំខាន់ជាងភាពត្រឹមត្រូវនៃការបន្ថែមពេលវេលាទៅទៀត។ ហេតុអ្វីបានជាមនុស្សគ្រប់គ្នាចូលចិត្ត Champions League ខ្លាំង? ព្រោះតែភាពខ្លាំងនៃការប្រកួត វាអស្ចារ្យខ្លាំង ហើយកីឡាករលេងមិនដែលឈប់នោះទេ។ យើងប្រាប់អាជ្ញាកណ្តាលយើងឱ្យបង្កើនល្បឿននៃការចាប់ផ្តើមលេងវិញជាជាងផ្តោតលើពេលវេលាបញ្ឈប់។»។
 
ការចាប់ឆ្នោតនៃក្របខណ្ឌ UEFA Champions League សម្រាប់រដូវកាល ២០២៣-២៤ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា នាទីក្រុងម៉ូណាកូ វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)៕
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com