កីឡាជាតិ
ជាតិ
ព្រឹទ្ធាចារ្យល្បុក្កតោ ស៊ុំ វណ្ណគិន មរណភាព នៅវ័យ៧៥ឆ្នាំ
31, Aug 2023 , 5:29 pm        
រូបភាព
រូបពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
រូបពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
ព្រឹទ្ធាចារ្យគុនល្បុក្កតោ ស៊ុំ វណ្ណគិន បានទទួលអនិច្ចកម្ម នៅជន្មាយុ ៧៥ឆ្នាំ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំ ដោយសាររោគាពាធ ។



លោក ស៊ុំ វណ្ណនេទ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ឪពុករបស់លោក បានទទួលអនិច្ចកម្ម ដោយសារជម្ងឺ ទឹកនោមផ្អែម និងជម្ងឺចាស់ជរា ។ កូនប្រុសពៅរូបនេះ បានប្រាប់ថា មុនទទួលមរណភាព ឪពុករបស់ខ្លួន បានសម្រចក្ដីប្រាថ្នា ដែលបានតស៊ូ តាំងពីឆ្នាំ២០០០ រហូតមកទល់ពេលនេះ ដើម្បីពង្រីក និងផ្សព្វផ្សាយគុនល្បុក្កតោកម្ពុជា ឲ្យពិភពលោក ទទួលស្គាល់។
 
ក្ដីប្រាថ្នាលោកគ្រូ វណ្ណគិន ក៏ដូចជាព្រឹទ្ធាចារ្យគុនល្បក្កតោច្រើនរូបនានា ដូចជាលោកគ្រូ សាន គឹមស៊ាន ជាដើមដែរ សុទ្ធតែចង់ឲ្យអន្ដរជាតិស្គាល់គុនបុរាណមួយនេះ។ ជាលទ្ធផល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ គុនល្បុក្កតោកម្ពុជា ត្រូវបានអង្គការ UNESCO ដាក់ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបិយ៍ នៃមនុស្សជាតិ។ នេះចាត់ទុកថា លោកព្រឹទ្ធាចារ្យ បានសម្រេចក្ដីប្រាថ្នាមួយ។
 
កូនប្រុសពៅរបស់លោកព្រឹទ្ធាចារ្យ បានប្រាប់បន្ដទៀតថា នៅក្នុងខេត្តកំពង់ឆ្នាំ លោកគ្រូ វណ្ណគិន បានបណ្ដុះបណ្ដាលសិស្សជាច្រើន ហើយក៏បានបង្កើតក្លិបហ្វឹកហាត់គុនល្បុក្កតោផងដែរ។

លោក ស៊ុំ វណ្ណនេទ ប្រាប់ថា ក្លិបរបស់លោកគ្រូ មានឈ្មោះថា «កុមាទេព មានរិទ្ធ»។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កូនសិស្សលោកព្រឹទ្ធាចារ្យ បានឈ្នះមេដាយមាស ហើយបានធ្វើឲ្យរូបលោក សប្បាយចិត្តជាខ្លាំង។ លោក ស៊ុំ វណ្ណនេទ មិនបានស្គាល់ឈ្មោះកូនសិស្សទាំងអស់នោះទេ។ កូនប្រុសរូបនេះ បន្ថែមថា នេះជាការសម្រេចក្ដីប្រាថ្នា ១ទៀត សម្រាប់លោកឪពុកខ្លួន។
 
«ឪពុកខ្ញុំ ពេលឃើញ កូនសិស្សគាត់ ឈ្នះមេដាយមាស គាត់សប្បាយចិត្តជំនួស។ គាត់ ឃើញការប្រឹងប្រែងគាត់ មានលទ្ធផល។»។ កូនប្រុសពៅរូបនេះ បាននិយាយដូច្នេះ។
គួរបញ្ជាក់ផងដែរថា​ លោកព្រឹទ្ធាចារ្យ ស៊ុំ វណ្ណគិន មានកូន៥នាក់ ក្នុងនោះប្រុស៣ នាក់ និងស្រី២នាក់៕
 

Tag:
 ស៊ុំ វណ្ណគិន
  គុនល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com