កីឡាអន្តរជាតិ
អន្តរជាតិ
Pavard ខ្សែការពារលេចធ្លោ World Cup ២០១៨ ផ្លាស់ទៅក្លិប Inter Milan
31, Aug 2023 , 5:59 pm        
រូបភាព
ខ្សែការពារស្លាប Benjamin Pavard បានចុះកិច្ចសន្យាទៅចូលរួមជាមួយនឹងក្លិប Inter Milan ជាមួយនឹងកិច្ចសន្យារយៈពេលវែង ដោយផ្ទេរពីក្រុម Bayern Munich។ នេះបើតាមក្លិបស្ថិតក្នុងក្របខណ្ឌ Serie A បានប្រកាសនាថ្ងៃទី៣០ ខែសីហា។



Pavard វ័យ ២៧ឆ្នាំ ជាកីឡាករជើងឯក World Cup ឆ្នាំ ២០១៨ ជាមួយនឹងក្រុមជម្រើសជាតិបារាំង ដោយរូបគេបានរួមរស់ជាមួយក្រុមជើងខ្លាំងលីគកំពូលអាល្លឺម៉ង់ រយៈពេល ៤ឆ្នាំ ហើយបានឈ្នះពានរង្វាន់ Bundesliga ចំនួន ៤ដង និង Champions League ១ដងដូចគ្នា។ Pavard ឈ្នះក្លិប Club World Cup, European Super Cup និង German Cup អំឡុងប្រកបអាជីពនៅ Bayern ដោយបង្ហាញខ្លួន ១៦៣លើក រកបាន ១២គ្រាប់។
 
តាមរយៈប្រធានក្លិប Bayern Munich លោក Jan-Christian Dreesen បាននិយាយថាខ្សែការពារស្លាបស្តាំសញ្ជាតិបារាំង បានក្លាយជាផ្នែកដ៏សំខាន់ នាពេលកន្លងមក។
 
«យើងពិតជាចង់អរគុណដល់ ​Benjamin Pavard សម្រាប់រយៈពេល ៤ឆ្នាំ ដែលបានរួមសុខទុក្ខជាមួយនឹងយើងទាំងអស់គ្នា។ យ៉ាងហោចណាស់ក្នុងប្រវត្តិសាស្ត្ររបស់យើង គេគឺជាផ្នែកមួយដ៏សំខាន់នៃក្រុម ជាពិសេសគេគឺជាអ្នកឈ្នះការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ World Cup យើងគោរពការសម្រេចចិត្តសម្រាប់ការចង់ទទួលបានការប្រកួតប្រជែងថ្មីរបស់គេ ដោយការផ្លាស់ទៅកាន់ Inter Milan យើងជូនពរគេឱ្យទទួលបានជោគជ័យ។»។ ​នេះបើតាមលោក Dreesen បានលើកឡើង។
 
Pavard ចាប់ផ្តើមអាជីពបាល់ទាត់របស់គេដំបូងនៅក្លិប Lille មុនពេលចូលរួមជាមួយនឹងក្រុម Bayern Munich ។ រូបគេ ក៏បានចំណាយពេលវេលារយៈពេល ៣ឆ្នាំ នៅក្លិប VFB Stuttgart នៃក្របខណ្ឌ Bundesliga។ គ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្សែការពារសញ្ជាតិបារាំងរូបនេះ ដែលធ្វើឱ្យគេមានភាពល្បីល្បាញខ្លាំង គឺការស៊ុតបាល់ Volley (ការស៊ុតបាល់ក្នុងអាកាស) ពីចម្ងាយបញ្ចូលទីទល់ក្រុមអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍ World Cup 2018៕
 

Tag:
 Benjamin Pavard
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com