អន្តរជាតិ
លោក Tharman Shanmugaratnam ជាប់ឆ្នោតជាប្រធានាធិបតីសិង្ហបុរីទី៩ 
លោក Tharman Shanmugaratnam ប្រធានាធិបតីទី៩ របស់សិង្ហបុរី។ រូបថត Xinhua
×![]()
លោក Tharman Shanmugaratnam អតីតមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលនាយករដ្ឋមន្រ្តី លី សៀនឡុង បានឈ្នះការបោះឆ្នោតប្រធានាធិបតីសិង្ហបុរីដោយសំឡេងភ្លូកទឹកភ្លូកដី។ លោក Shanmugaratnam នឹងក្លាយជាប្រធានាធិបតី៩ របស់សិង្ហបុរី។
ក្នុងការរាប់សន្លឹកឆ្នោតក្រោយការបោះឆ្នោតថ្ងៃទី១ ខែកញ្ញា លោក Tharman Shanmugaratnam ទទួលបានសំឡេងគាំទ្រ៧០,៤ភាគរយនៃចំនួនសន្លឹកឆ្នោតទាំងអស់ ដោយផ្ដួលបេក្ខជន២នាក់ដែលទទួលសំឡេង១៥,៧២ភាគរយ និង១៣,៨៨ភាគរយ។
លោក Shanmugaratnam នឹងធ្វើជាប្រធានាធិបតីបន្តពីលោកស្រី Halimah Yacob ដែលអស់អាណត្តិ៦ឆ្នាំ។
ក្នុងសំណេរតាម Facebook ក្រោយការប្រកាសលទ្ធផល លោក Shanmugaratnam ចាត់ទុកការបោះឆ្នោតពេលនេះ ជាការផ្ដល់ទំនុកចិត្តមួយសម្រាប់លោក និងចំពោះសិង្ហបុរី។ ប្រធានាធិបតីជាប់ឆ្នោតរូបនេះបន្តថា វាក៏ជាអនាគតដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមកដោយមិនប្រកាន់ពូជសាសន៍ និងសមិទ្ធផលនៃការអប់រំ ហើយលោកនឹងបំពេញតួនាទីជាប្រធានាធិបតីដើម្បីជួយសិង្ហបុរីឆ្ពោះទៅមុខទៀត។
តាមរដ្ឋធម្មនុញ្ញសិង្ហបុរី ប្រធានាធិបតីជាប្រមុខរដ្ឋ និងមិនដឹកនាំរដ្ឋាភិបាលឡើយ។ ប៉ុន្តែប្រធានាធិបតីមានសិទ្ធិបញ្ចេញលុយបម្រុងតាមការស្នើរបស់នាយករដ្ឋមន្រ្តី និងអាចជំទាស់ការតែងតាំងមន្រ្តីថែមទៀត។
លោក Shanmugaratnam ជាអតីតមន្ត្រីជាន់ខ្ពស់របស់បក្សសកម្មភាពប្រជាជនកំពុងកាន់អំណាច និងក្នុងជួររដ្ឋាភិបាលរបស់លោក លី សៀនឡុង ផងដែរ។ លោកធ្លាប់ធ្វើជារដ្ឋមន្រ្តីហិរញ្ញវត្ថុ រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចជាដើម។
លោក លី បានអបអរលោក Shanmugaratnam ហើយរំពឹងថា ប្រធានាធិបតីថ្មីនឹងបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវ ហើយរដ្ឋាភិបាលរបស់លោកត្រៀមខ្លួនសហការជាស្រេច៕
Tag:
លោក Tharman Shanmugaratnam ជាប់ឆ្នោតជាប្រធានាធិបតីសិង្ហបុរីទី៩
© រក្សាសិទ្ធិដោយ thmeythmey.com