ជាតិ
អន្តរជាតិ
អាស៊ាន
សម្តេច ហ៊ុន ម៉ាណែត ចេញទៅក្រៅប្រទេសលើកដំបូង ក្រោយកាន់តំណែងជានាយករដ្ឋមន្ត្រី
04, Sep 2023 , 8:10 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត និង​លោកស្រី ពេជ ចន្ទមុនី ដែលជាភរិយា នៅមុន​ចេញ​ដំណើរពីអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ
សម្តេច ហ៊ុន ម៉ាណែត និង​លោកស្រី ពេជ ចន្ទមុនី ដែលជាភរិយា នៅមុន​ចេញ​ដំណើរពីអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ
សម្តេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅក្រុងហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។ នេះជាដំណើរទៅកាន់ក្រៅប្រទេសជាលើកដំបូង នារយៈពេល២សប្តាហ៍ បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្ត្រី។



តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ សម្តេច ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងចំណោមថ្នាក់ដឹកនាំក្នុងតំបន់ទាំង១០ ដែលមានវ័យ៤៥ឆ្នាំ។ សម្តេចក៏ជាថ្នាក់ដឹកនាំថ្មីមួយរូបផងដែរ រួមជាមួយនាយករដ្ឋមន្ត្រីថៃ Srettha Thavisin ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី២២ ខែសីហា ដូចគ្នា។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅនៅហ្សាការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា។ កិច្ចប្រជុំកំពូលអាស៊ាន ធ្វើឡើងក្រោមមូលបទ «សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទី ចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅ ស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា ក៏ស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំផងដែរ ដោយក្រៅពីនេះ នឹងមានការពិភាក្សាលើទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម។

នៅហ្សាការតា សម្តេច ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ រួមទាំងជំនួបទ្វេភាគីជាមួយសមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកមួយចំនួនទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com