កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាត់ការ ​Man United ផ្ទុះកំហឹងក្រោយចាញ់ Arsenal ក្នុងនាទីបន្ថែម ចំណែក Liverpool បន្តរកបាន ៣ពិន្ទុ
04, Sep 2023 , 10:13 am        
រូបភាព
ក្រុម Manchester United រងបរាជ័យនៅក្នុងជំនួបទឹកដីកីឡដ្ឋាន Emirate ទីក្រុងឡុងដ៍ក្រោមថ្វីជើងម្ចាស់ផ្ទះ Arsenal នៅក្នុងនាទីបន្ថែមបង្គ្រប់ ដោយលទ្ធផល ៣-១ ធ្វើឱ្យលោក Erik ten Hag ចាកចេញដោយផ្ទុះកំហឹង​ ។ លោកបានចោទប្រកាន់ថា ការប្រកួតនេះ មានបញ្ហាគ្រប់យ៉ាងប្រឆាំងមកលើក្រុមរបស់លោក។



ការប្រកួតដែលមានរយៈពេល ៩០នាទី ក្រុមទាំងសងខាងបានរក្សាលទ្ធផលស្មើ ១-១ តាំងតែពីវគ្គទីមួយ មកមុនពេលខ្សែបម្រើ Declan Rice រកបានគ្រាប់បាល់នាំមុននៅនាទី៩០+៦ និងខ្សែប្រយុទ្ធ Gabriel Jesus រក្សាជ័យជម្នះគ្រាប់បាល់ទី៣ នៅនាទី៩០+១១​ សម្រាប់ក្រុមកាំភ្លើងធំ។ Marcus Rashford ស៊ុតបើកការនាំមុខនៅនាទី២៧ ប៉ុន្តែត្រូវបានខ្សែបម្រើប្រធានក្រុម Martin Odegaard តាមស្មើមកវិញនៅនាទី២៨ ក្រោយពេលការធ្វេសប្រហែសរបស់ក្រុមបិសាចក្រហម។
 
Man United នៅនាទី៨៨ បានគិតថាពួកគេនឹងដណ្តើមបានជ័យជម្នះពីទឹកដីក្រុម Arsenal បានរួចទៅហើយ នៅពេលដែល Alejandro Garnacho រកបានឱកាសស៊ុតបាល់បំប៉ោងសំណាញ់ទី ប៉ុន្តែជារឿងដ៏គួរឱ្យសោកស្តាយនោះ គឺគ្រាប់បាល់ត្រូវបានបដិសេធដោយស្ថិតក្នុងតំបន់ Offside។ ការសម្រេចចិត្តមិនផ្តល់គ្រាប់បាល់នេះ ធ្វើឱ្យលោក Erik ten Hag ផ្ទុះកំហឹងយ៉ាងខ្លាំង។
 
«ប្រាកដណាស់ យើងត្រូវតែធ្វើឱ្យប្រសើរឡើងជាងនេះ ប៉ុន្តែអ្នកបានមើលឃើញ ហើយក៏អ្វីដែលយើងបានមើលឃើញកាលពីឆ្នាំមុន យើងអាចបំបាក់គ្រប់គ្នា។ វាមានចំណុចដ៏តូចមួយនៅថ្ងៃនេះ ដូច្នេះវាក៏អាចជាភាគីរបស់យើងផងដែរ នៅពេលដែល Garna បានបញ្ចប់ទី (គ្រាប់បាល់ដែលត្រូវបានបដិសេធដោយ Offside) វាគឺជាគោលដៅដែលយើងកំពុងឈ្នះការប្រកួត។
យើងត្រូវការសំណាងបន្តិចក្នុងការយកឈ្នះការប្រកួត គ្រាប់បាល់នោះមិន Offside ឡើយ វាគឺស្ថិតនៅមុំខុសនៃការត្រួតពិនិត្យប៉ុណ្ណោះ។»។ លោក Ten Hag បាននិយាយក្រោយចប់ការប្រកួតបែបនេះ។
 
អ្នកចាត់ការសញ្ជាតិហូឡង់ ក៏ខឹងសម្បារចំពោះការកាត់សេចក្តីរបស់អាជ្ញាកណ្តាលការប្រកួត ចំពោះការប៉ះទង្គិចពីសំណាក់ខ្សែការពារ Gabriel ទៅលើខ្សែប្រយុទ្ធចំណូលថ្មី Rasmus Hojlund នៅក្នុងប្រអប់គ្រោះថ្នាក់ ដោយលោក Ten hag ទាមទារឱ្យការពិន័យស៊ុតបាល់ពិន័យ ១១ម៉ែត្រ ប៉ុន្តែអាជ្ញាកណ្តាលមិនសម្រេចចិត្តផ្តល់បាល់នោះឡើយ។
 
ដោយឡែកការប្រកួតក្នុងក្របខណ្ឌ Premier League ដទៃផ្សេងទៀត ក្រុម Liverpool រកបាន ៣ពិន្ទុបន្ថែមទៀតពីការប្រកួតក្នុងទឹកដី Anfield ដោយយកឈ្នះលើ Aston Villa លទ្ធផល ៣-០។ ៣គ្រាប់ជ័យជម្នះដ៏សំខាន់កើតឡើងដោយកីឡាករ Dominik Szoboszlai តាំងតែនាទី៣ និងការភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯងកីឡាករ Matty Cush នាទី២២ ហើយ Mohamed Salah សម្រេចគ្រាប់ទី៣ នៅនាទី៥៥។
 
Liverpool បន្តប្រជែងពិន្ទុនៅក្នុងតំបន់កំពូលតារាង ក្រោយរកបាន ៣ពិន្ទុ មុនការសម្រាក FIFA Day ដោយពួកគេរកបាន ១០ពិន្ទុពីចំនួន ៤ប្រកួតនៅក្នុងក្របខណ្ឌ Premier League ដូចទៅនឹងក្រុម Tottenham Hotspur, West Ham United និង Arsenal ខណៈដែល Man City មាន ១២ពិន្ទុពីជ័យជម្នះ ៤លើកជាប់គ្នាតែម្តង៕
 

Tag:
 Manchester United
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com