ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចរាចរណ៍! លោក ជួន ណារិន្ទ ឱ្យលុបបំបាត់ការពួនស្ទាក់ចាប់អ្នកធ្វើដំណើរតាមផ្លូវ
04, Sep 2023 , 3:12 pm        
រូបភាព
លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំមន្ត្រីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ ដែលអនុវត្តច្បាប់តាមគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លុបបំបាត់ការពួនស្ទាក់ចាប់ពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ។ នេះបើតាមការផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។



នាពេលដឹកនាំកិច្ចប្រជុំជាមួយផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ផងដែរនោះ លោក ជួន ណារិន្ទ ក៏បានរំលឹកដល់មន្ត្រីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យមានកាយវិការ ពាក្យសំដីទន់ភ្លន់ និងមិនត្រូវធ្វើអំពើហិង្សាលើប្រជាពលរដ្ឋនោះឡើយ។

ការពួនចាប់ស្ទាក់ដើម្បីផាកពិន័យ បានក្លាយជាប្រធានបទនៃការរិៈគន់របស់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយអ្នកខ្លះប្រៀបធៀបមន្ត្រីមានសមត្ថកិច្ចថា ជា «នាងពួន»។ កន្លងមកក៏មានការបង្ហោះវីដេអូមួយចំនួនផងដែរ អំពីការស្ទាក់ចាប់ផាកពិន័យ ប៉ុន្តែសមត្ថកិច្ចបែរជាមិនមានចំណាត់ការ ក្រោយឃើញយានយន្តបំពាក់កាមេរ៉ា។

លោក ជួន ណារិន្ទ អតីតស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ តាមអនុក្រឹត្យចុះថ្ងៃទី២៣ ខែសីហា ហើយមួយថ្ងៃបន្ទាប់ លោកត្រូវបានតែងតាំងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការដោះដូរថ្នាក់ដឹកនាំនគរបាលជាតិ បន្ទាប់ពីលោក នេត្រ សាវឿន ឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងអណត្តិទី៧ ហើយនាអំឡុងពេលនេះ លោកជានាយករដ្ឋមន្ត្រីស្តីទី ខណៈសម្តេច ហ៊ុន ម៉ាណែត ចេញទៅចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

តំណែងជាអគ្គស្នងការនគរបាលជាតិរបស់លោក នេត្រ សាវឿន ត្រូវបានជំនួសដោយ លោក ស ថេត។ ខណៈលោក ជួន ណារិន្ទ ជំនួសលោក ស ថេត ជាស្នងការនគរបាលរាជធានីភ្នំពេញ តំណែងស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានទៅលើលោក ស រដ្ឋា ដែលមានឋានៈជាអគ្គស្នងការរងនគរបាលជាតិផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com