កីឡាអន្តរជាតិ
អន្តរជាតិ
Danelle Tan កីឡាការិនីអាស៊ីដំបូង រកបាន Hat-Trick នៅអឺរ៉ុប ក្នុងជ័យជម្នះរបស់ Dortmund
04, Sep 2023 , 5:49 pm        
រូបភាព
កីឡាការិនី Danelle Tan សញ្ជាតិសិង្ហបុរីរកបានគ្រាប់បាល់ ៣គ្រាប់ (Hat-Trick) នៅការប្រកួតរបស់ក្រុម Borussia Dortmund យកឈ្នះលើក្រុម DJK Spvgg Herten លទ្ធផល ១៣-០ នៃលីគបាល់ទាត់ស្ត្រីទី៥ របស់ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី៣ ខែកញ្ញា។



ក្នុងជ័យជម្នះ ១៣-០ កីឡាការិនីខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំ រកបានគ្រាប់បាល់ទី៤ នៅនាទី៤២ ទី៧ នាទី៥៧ និងទី១០ នៅនាទី៦៤ នៃការប្រកួត។ Danelle ក៏បានបញ្ជូនបាល់ចំនួន ៣គ្រាប់ដល់មិត្តរួមក្រុមដូចគ្នាដែរសម្រាប់មិត្តរួមក្រុមរបស់នាងដូចជា Mandy Reinhardt, Marie Grothe និង Merle Greulich។
 
កីឡាការិនីសញ្ជាតិសិង្ហបុរីរូបនេះ បានផ្លាស់ទៅកាន់ក្រុមនារី Borussia Dortmund Frauen (BVB Frauen) ​កាលពីដើមឆ្នាំ ២០២៣ ហើយបានចូលរួមបង្ហាញខ្លួនឱ្យក្លិបថ្មីរបស់នាងនៅក្នុងខែកក្កដា។ 
 
Danelle Tan ជាកីឡាការិនីពីតំបន់អាស៊ីអាគ្នេយ៍លើកដំបូងដែលបានប្រកបអាជីពនៅក្នុងបាល់ទាត់អាល្លឺម៉ង់ ហើយការប្រកួតដំបូងបំផុតរបស់នាងនៅក្នុងលីគ បានជួយក្រុមឈ្នះការប្រកួតលើក្រុម SC Drolshagen លទ្ធផល ៥-១ កាលពីថ្ងៃទី២៧ ខែសីហា។
 
ក្រុមដែលកីឡាការិនីរូបនេះកំពុងប្រកបអាជីព ក៏ជាក្រុមល្បីឈ្មោះមួយនៅក្នុងប្រទេសអាល្លឺម៉ង់គឺក្រុមបុរស Borussia Dortmund ប៉ុន្តែក្រុមនារី BVB Frauen ទើបតែបង្កើតឡើងរយៈពេល ២ឆ្នាំ តែប៉ុណ្ណោះ ហើយបច្ចុប្បន្នពួកគេជាក្រុមស្ថិតនៅលីគបាល់ទាត់ស្រ្តីលំដាប់ទី៥ នៃប្រទេសអាល្លឺម៉ង់។ ក្រុម ​BVB Frauen ក៏ជាក្រុមជើងឯក ២លើកជាប់គ្នាផងដែរចាប់តាំងពីបង្កើតឡើង ហើយបច្ចុប្បន្នក៏កំពុងស្ថិតនៅកំពូលតារាងក្រោយឆ្លងកាត់ ២ប្រកួតរួចមកនៃរដូវកាលថ្មី៕
 

Tag:
 Danelle Tan
  Borussia Dortmund
© រក្សាសិទ្ធិដោយ thmeythmey.com