កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man City, Arsenal មានកីឡាករថ្លៃជាងគេលើស១ពាន់លានដុល្លារ ឯ Copenhagen ទាបបំផុតត្រឹម៦៥លានដុល្លារ
04, Sep 2023 , 9:59 pm        
រូបភាព
ក្លិប Manchester City ម្ចាស់ការពារតំណែងឯក និង Arsenal នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League សុទ្ធសឹងជាក្រុមមានតម្លៃខ្លួនកីឡាករសរុបថ្លៃជាងគេបំផុតសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤។ រីឯក្លិប FC Copenhagen និង Red Star Belgrade ជាក្រុមដែលមានតម្លៃខ្លួនកីឡាករសរុបទាបជាងគេ។



ការចាប់ឆ្នោតវគ្គចែកពូល UCL បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហា ដោយជាការប្រកួតដែលមានទម្រង់ជាវគ្គចែកពូលលើកចុងក្រោយនៅត្រឹមរដូវកាល ២០២៣-២៤។ ចាប់ពីរដូវកាល ២០២៤-២៥ Champions League នឹងប្រែក្លាយទៅជាលីគបាល់ទាត់មួយដែលមានក្រុម ៣៦ ប្រកួតប្រជែង។
 
ក្រោយការចាប់ឆ្នោតរួចមកក្រុមនីមួយៗបានរកឃើញដៃគូរបស់ខ្លួនសម្រាប់ប្រជែងពិន្ទុដណ្តើមកៅអីវគ្គសន្សំពិន្ទុ ៣២ក្រុម។ ពូលដែលពោរពេញទៅដោយក្រុមគីឡូធ្ងន់ក្នុងតំបន់អឺរ៉ុបគឺពូល F ដែលរួមមានក្រុម Paris Saint Germain, Borussia Dortmund, AC Milan និង Newcastle United។
  


ដើម្បីប្រជែងឈ្នះពានរង្វាន់ក្លិបជើងឯកកំពូលតំបន់អឺរ៉ុប ក្លិបជាច្រើនបានចំណាយប្រាក់ក្នុងការផ្ទេរកីឡាករជាច្រើនដើម្បីពង្រឹងក្រុមរបស់ខ្លួនឱ្យមានភាពមាំមួនទៅនឹងការប្រកួតប្រជែងលំដាប់តំបន់មួយនេះ។ ភាគច្រើនក្រុមដែលមកពីលីគកំពូលទាំង ៥ នៃតំបន់អឺរ៉ុបសុទ្ធសឹងតែចំណាយប្រាក់រាប់រយលានដុល្លារសម្រាប់កីឡាករដើម្បីប្រជែងឈ្នះពានរង្វាន់ដើម្បីកេរ្តិ៍ឈ្មោះល្បីល្បាញ។
 
ខាងក្រោមនេះជាក្រុមមានតម្លៃខ្លួនកីឡាករសរុបថ្លៃបំផុតទាំង ៥ ក្នុងការប្រកួត UCL រដូវកាល ២០២៣-២៤ បើតាមការចុះផ្សាយដោយគេហទំព័រ Transfermarkt៖
 
១ Manchester City ១,២៤ពាន់លានអឺរ៉ូ (១,៣៤ពាន់ដុល្លារ)
២ Arsenal ១,១៥ពាន់លានអឺរ៉ូ (១,២៤ពាន់លានដុល្លារ)
៣ Paris Saint Germain ១,០២ពាន់លានអឺរ៉ុប (១,១០ពាន់លានដុល្លារ)
 
៤ Real Madrid ៩៩៨លានអឺរ៉ូ (១,០៧ពាន់លានដុល្លារ)
៥ Bayern Munich ៩៣១លានអឺរ៉ូ (១ពាន់លានដុល្លារ)
ក្រុមមានតម្លៃខ្លួនកីឡាករសរុបទាបជាងគេក្នុងការប្រកួត៖
 
១ FC Copenhagen តម្លៃ ៦១លានអឺរ៉ូ (៦៥,៨លានដុល្លារ)
២ RB Leipzig តម្លៃ ៦៦លានអឺរ៉ូ (៧១,២លានដុល្លារ)
៣ BSC Young Boys តម្លៃ ៧២លានអឺរ៉ូ (៧៧,៧លានដុល្លារ)
 
៤ Royal Antwerp តម្លៃ ៩៥លានអឺរ៉ូ (១០២,៥លានដុល្លារ)
៥ Shakhtar Donetsk តម្លៃ ៩៩លានអឺរ៉ូ (១០៦,៩លានដុល្លារ)
 
 

Tag:
 UEFA Champions League
  UCL
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com