កីឡាអន្តរជាតិ
អន្តរជាតិ
អនាគត Sancho នៅ Man Utd រង្គោះរង្គើ ក្រោយមានការឆ្លើយឆ្លងគ្នានឹងលោក Ten Hag
05, Sep 2023 , 12:29 pm        
រូបភាព
អនាគតរបស់ Jadon Sancho ជាមួយក្រុម Manchester United ស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីខ្សែបម្រើរូបនេះ បានឆ្លើយតបទៅនឹងការសម្រេចរបស់អ្នកចាត់ការទូទៅលោក Erik ten Hag ជុំវិញការដករូបគេចេញពីក្រុម ក្នុងការប្រកួតទល់ Arsenal ក្នុងក្របខណ្ឌ Premier League។ លោក Ten Hag មិនបញ្ចូលឈ្មោះ Sancho ព្រោះហ្វឹកហាត់មិនដល់កម្រិត។



ខ្សែបម្រើស្លាបវ័យ ២៣ឆ្នាំ បានឆ្លើយតបទៅអ្នកចាត់ការសញ្ជាតិហូឡង់ ថារូបគេ​ត្រូវបានរងការចោទប្រកាន់ បន្ទាប់ពីគ្មានវត្តមានក្នុងបញ្ជីឈ្មោះកីឡាករធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ សម្រាប់ជំនួបលីគសប្តាហ៍ទី៤ ដែល Arsenal យកឈ្នះ Man United ៣-១ កាលពីថ្ងៃទី៣ ខែកញ្ញា។
 
Sancho ត្រូវបានអ្នកគាំទ្រមានភាពងឿងឆ្ងល់ចំពោះអវត្តមានរបស់គេសម្រាប់ក្រុមបិសាចក្រហម ស្របពេលខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ មិនស្ថិតក្នុងបញ្ជីកីឡាករក្នុងកៅអីបម្រុងចំនួន ៣ប្រកួតដំបូងរបស់លោក Ten Hag។នៅតំបន់បម្រើប្រយុទ្ធ​ លោក Ten Hag មានកីឡាករចំណូលថ្មី Rasmus Hojlund, Alejandro Garnacho និង Facundo Pellestri សម្រាប់ដោះដូរពេលប្រកួត។
 
នៅពេលត្រូវបានគេសួរនាំអំពីការអវត្តមានរបស់ Sancho កាលពីក្រោយចប់ការប្រកួតទល់ Arsenal អ្នកចាត់ការសញ្ជាតិហូឡង់បានលើកឡើងថា ដោយសារកីឡាករហាត់មិនដល់កម្រិតដែលក្រុមចង់បាន។ 
 
« Sancho ស្ថិតនៅលើទម្រង់លេងរបស់គេនៅពេលហ្វឹកហាត់ យើងមិនអាចជ្រើសយកគេឡើយ។ អ្នកត្រូវតែធ្វើឱ្យដល់កម្រិតជារៀងរាល់ថ្ងៃនៅ Manchester United ហើយយើងអាចបង្កើតជម្រើសនៅតំបន់ជួរមុខបាន ដូច្នេះការប្រកួតនេះគេមិនត្រូវបានជ្រើសរើស។»។ លោក Ten Hag បាននិយាយដូច្នេះ។
 
ក្រោយពេលរងការរិះគន់ពីសំណាក់អ្នកចាត់ការ Sancho បានបង្ហោះសារនៅលើបណ្តាញសង្គម X អតីត Twitter ដោយបានឆ្លើយតបទៅវិញថាគេបានរងការចោទប្រកាន់។
 
«សូមកុំជឿទៅលើអ្វីទាំងអស់ដែលអ្នកបានអាន ខ្ញុំនឹងមិនអនុញ្ញាតឱ្យមនុស្សណាម្នាក់មកនិយាយអ្វីដែលមិនមែនជាការពិតនោះទេ។ ខ្ញុំបានគ្រប់គ្រង ក៏ដូចជាការខិតខំអំឡុងការហ្វឹកហាត់របស់ខ្ញុំបានយ៉ាងល្អរៀងរាល់សប្តាហ៍។ ខ្ញុំជឿថានឹងមានហេតុផលផ្សេងទៀតសម្រាប់រឿងនេះ ដែលធ្វើឱ្យខ្ញុំគ្មានឈ្មោះ​ ខ្ញុំត្រូវបានរងការចោទប្រកាន់យូមកហើយ វាពិតជាអយុត្តិធន៌។»។ Sancho បានឆ្លើយតបបែបនេះ។
 
Sancho បានជួបបញ្ហាចំពោះទម្រង់លេង ចាប់តាំងពីបានផ្លាស់មកកាន់ទឹកដី Old Trafford ដោយផ្លាស់មកពីក្រុម ​​Borussia Dortmund ក្នុងតម្លៃ ៧៣លានផោន (៩២លានដុល្លារ) កាលពីឆ្នាំ ២០២១។ បង្ហាញខ្លួនចំនួន ៨២ប្រកួតសម្រាប់ក្រុម គេរកបានត្រឹម ១២គ្រាប់ប៉ុណ្ណោះ។
 
យ៉ាងណា Sancho អតីតយុវជនក្រុម Manchester City រូបនេះមិនត្រូវបានស្ថិតក្នុងការបង្ហាញខ្លួនរបស់ក្រុមបិសាចក្រហមអំឡុងខែតុលា ដល់ខែកុម្ភៈកាលពីរដូវកាលមុន បើទោះជាក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Ten Hag ចាប់ផ្តើមការប្រកួតក្នុងរដូវកាលបានយ៉ាងល្អក៏ដោយក្តី។ Sancho បានអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ World Cup 2022 ហើយរូបគេបានទៅហ្វឹកហាត់ដើម្បីបំពេញទម្រង់លេងល្អឡើងវិញក្នុងប្រទេសហូឡង់កាលនោះ។ 
 
ក្រោយវិលត្រលប់មកបង្ហាញខ្លួនជាមួយក្រុមវិញ Sancho ក៏បានចូលលេងក្នុងការប្រកួត League Cup វគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Newcastle United ហើយនៅចុងបញ្ចប់រដូវកាល ២០២២-២៣ រូបគេរកបាន ៧គ្រាប់ និងបញ្ជូនបាល់ ៣គ្រាប់។ ទោះជាយ៉ាងណាក្រោយមានបញ្ហាជាមួយនឹងអ្នកចាត់ការមក ​កីឡាករវ័យ ២៣ឆ្នាំ អាចនឹងជួបបញ្ហាចំពោះអនាគតរបស់គេនៅក្នុងក្រុមបិសាចក្រហម៕
 
 
 
 

Tag:
 Manchester United
  Jadon Sancho
© រក្សាសិទ្ធិដោយ thmeythmey.com