កីឡាអន្តរជាតិ
អន្តរជាតិ
AFC Champions League៖ ក្លិបពីអារ៉ាប៊ីសាអូឌីតដែលមាន Ronaldo, Neymar អាចប្រកួតនៅអ៊ីរ៉ង់វិញ ក្រោយដកបម្រាម
05, Sep 2023 , 3:59 pm        
រូបភាព
ក្លិបនៃក្របខណ្ឌ Saudi Pro League នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់សម្រាប់ការប្រកួតក្នុង AFC Champions League បន្ទាប់ពីសហព័ន្ធបាល់អាស៊ី (AFC) នៅថ្ងៃទី៤​ ខែសីហា បានអះអាងថាការប្រកួតរវាងក្រុមមកពីប្រទេសរអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ នឹងត្រូវអនុញ្ញាតឡើងវិញលើកដំបូងចាប់តាំងពីជាប់បម្រាមនៅឆ្នាំ ២០១៦ មក។



ការប្រកាសរបស់ AFC នេះ បានន័យថាខ្សែប្រយុទ្ធ Cristiano Ronaldo ក៏នឹងត្រូវបង្ហាញវត្តមានសម្រាប់ក្រុម Al Nassr ក្នុងការប្រកួត AFC Champions League ទល់នឹងក្រុម Persepolis នៅក្នុងកីឡដ្ឋាន Azadi នាទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី១៩ ខែកញ្ញា។ ចំណែកក្រុម Al Hilal ដែលមាន Neymar និង Al Ittihad ដែលមាន Karim Benzema ក៏ត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ សម្រាប់ការប្រកួតវគ្គចែកពូល AFC Champions League ដូចគ្នា។
 
កាលពីឆ្នាំ ២០១៦ ការប្រកួតដែលត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានជំនួសនៅទឹកដីអព្យាក្រឹត (ប្រទេសកណ្តាល) ដោយសារតែកាលនោះទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ មានភាពតានតឹងខ្លាំង។ ប្រជាជនអារ៉ាប៊ីសាអូឌីតមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ឡើយ។ ប៉ុន្តែនៅឆ្នាំ២០២៣នេះ បម្រាមនៃការធ្វើដំណើរនៃប្រទេសទាំងពីរត្រូវបាន AFC ដកចេញនាថ្ងៃទី៤ ខែកញ្ញា។
  


«នេះជាប្រវត្តិសាស្រ្ត ព្រោះរឿងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងសហគមន៍បាល់ទាត់រៀងៗខ្លួន។ ក្លិបបាល់ទាត់នឹងទទួលធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាការធ្វើការដំណើរទៅប្រកួតនៅកីឡដ្ឋានក្រៅទឹកដីវិញផងដែរ ដែលនេះនឹងបង្កើត និងទាក់ទាញអ្នកគាំទ្រឱ្យទទួលបាននូវបទពិសោធន៍ថ្មី។»។
 
Al Nassr ស្ថិតក្នុងពូល E ដែលមានក្រុម Persepolis ជាក្រុមមកពីប្រទេសអ៊ីរ៉ង់ ចំណែកក្រុម Al Hilal ដែលបានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Neymar Jr មកចូលរួមក្រុមដោយផ្លាស់ពី Paris Saint Germain ក៏ត្រូវធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ ដោយត្រូវប្រកួតទល់នឹងក្រុម Nassaji Mazandaran ក្នុងពូល D នៅថ្ងៃទី៣ ខែតុលា។
  


ក្រុមម្ចាស់ជើងឯក Al Ittihad ដែលមានខ្សែប្រយុទ្ធ Karim Benzema អតីតកីឡាករ Real Madrid ក៏ត្រូវបានចាប់ឆ្នោតចូលក្នុងពូល C ដោយត្រូវជួបក្រុម Sepahan ស្ថិតក្នុងទីក្រុង Isfahan ក្នុងប្រទេសអ៊ីរ៉ង់នៅថ្ងៃទី២ ខែតុលា។ ក្លិបមកពី Saudi Pro League សុទ្ធសឹងជាក្រុមជោគជ័យនៅក្នុងការប្រកួត AFC Champions League ហើយក្លិប Al Hilal ជាក្រុមម្ចាស់ជើងឯក ៤សម័យកាលច្រើនជាងក្រុមណាទាំងអស់ ខណៈដែល Al Ittihad ម្ចាស់ជើងឯក​ ២សម័យ។
 
ក្រុម ​Persepolis ដែលត្រូវជួបក្រុម Al Nassr ក៏ជាក្រុមល្បីមួយស្ថិតក្នុងប្រទេសអ៊ីរ៉ង់ ដែលមានការគាំទ្រដ៏អស្ចារ្យផងដែរ ដោយក្រុមមួយនេះ បានលេងចំពោះមុខអ្នកគាំទ្រជាង ១សែននាក់ក្ នុងកីឡដ្ឋាន Azadi កាលជំនួបជើងទីពីរវគ្គផ្តាច់ព្រ័ត្រ AFC Champions League ក្នុងឆ្នាំ ២០១៨ ដោយកាលនោះក្រុម ​Kashima Antlers របស់ជប៉ុនឈ្នះជើងឯក៕
 

Tag:
 Saudi Pro League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com