ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ស្នើជាថ្មីឱ្យម៉ាឡេស៊ី គាំទ្រការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ទៅសិង្ហបុរី
05, Sep 2023 , 5:10 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា សុំការគាំទ្រពីម៉ាឡេស៊ី លើការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រឆ្ពោះទៅសិង្ហបុរី។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato' Seri Anwar bin Ibrahim)នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្រោយកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៥ កញ្ញានេះ។



មេដឹកនាំទាំងពីរបានពិភាក្សាបន្ថែមអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ម៉ាឡេស៊ី ក្នុងទិដ្ឋភាពនយោបាយ, ពាណិជ្ជកម្មការវិនិយោគការអប់រំសន្តិសុខថាមពល, ការងារ និងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ 
 
ចំពោះវិស័យសន្តិសុខថាមពលវិញ សម្តេច ហ៊ុន ម៉ាណែត បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និង ឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី ។ 
 
ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime) និងបង្កើនការធ្វើពាណិជ្ជកម្ម និងលើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា ។
 
កាលពីខែមីនា កន្លងមក សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានស្នើទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជុំវិញការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រដែរ។ ជុំវិញបញ្ហានេះ លោក អាន់វ៉ា បានថ្លែងក្នុងសន្និសីទមួយ នាដំណើរទស្សនកិច្ចនៅកម្ពុជា ឆ្លើយតបសម្ដេច ហ៊ុន សែន វិញថា ម៉ាឡេស៊ីនឹងជួយសម្របសម្រួលករណីនេះ ដល់កម្ពុជា និងសិង្ហបុរី។
 
កាលពីថ្ងៃទី១៥ មីនា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពល Keppel Energy Pte Ltd (KE)របស់សិង្ហបុរី ដើម្បីលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ចំនួន១០០០មេហ្គាវ៉ាត់ ពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរី។
 
ក្រសួងរ៉ែ និងថាមពលកម្ពុជា ចាត់ទុកគម្រោងនេះ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា និងសិង្ហបុរីរួមគ្នាអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី និងត្រៀមបោះជំហានឆ្ពោះទៅរកចក្ខុវិស័យនៃការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន និងលើកកម្ពស់សន្តិសុខ និងចីរភាពថាមពលក្នុងតំបន់។
 
ក្រសួងបន្ថែមថា កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយក្រោមក្របខណ្ឌនៃអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-សិង្ហបុរី ។ បើតាមក្រសួងដដែល គម្រោងពាណិជ្ជកម្មថាមពលខ្នាតធំដំបូងរវាងភាគីទាំងពីរនេះ មានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងសមាហរណកម្មលើវិស័យថាមពលអគ្គិសនី រវាងរដ្ឋសមាជិកអាស៊ាន និងស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ាន២០២៥។ 
 

Tag:
 ហ៊ុន ម៉ាណែត
  អាស៊ាន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com