កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់ប៉ាណាម៉ា Hernandez ត្រូវបានបាញ់សម្លាប់
05, Sep 2023 , 6:19 pm        
រូបភាព
Gilberto Hernandez កីឡាករបាល់ទាត់ Club Atletico Independiente និងជម្រើសជាតិប៉ាណាម៉ាត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុង Colon នៃប៉ាណាម៉ា។ នេះបើតាមការចុះផ្សាយរបស់កាសែត BBC នាថ្ងៃទី៤ ខែកញ្ញា។



ការស្លាប់របស់ Hernandez កើតឡើង បន្ទាប់ពីខ្មានកាំភ្លើងបានបើកការបាញ់ប្រហារទៅកាន់ហ្វូងមនុស្សមួយក្រុម ដោយក្នុងចំណោមនោះក៏មានវត្តមានរបស់កីឡាករវ័យ ២៦ឆ្នាំ រូបនេះ ក្នុងអាគារមួយកន្លែងក្នុងទីក្រុង Colon។ Hernandez បានស្លាប់ ហើយមនុស្សចំនួន ៧នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការបាញ់ប្រហារនេះ។
 
យ៉ាងណាគេនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយថាតើកីឡាករដែលប្រកបអាជីពនៅក្លិប Club Atletico Independiente មួយនេះគឺជាគោលដៅរបស់ខ្មាន់កាំភ្លើង ឬមានអ្វីនៅពីក្រោយការបាញ់ប្រហារមួយនេះយ៉ាងណានោះទេ។
  


ការបាញ់សម្លាប់ទៅលើកីឡាកររូបនេះ បានធ្វើសកម្មភាពនៅពេលរសៀល កាលពីថ្ងៃទី៣ ខែកញ្ញា។ ខ្មាន់កាំភ្លើងបានជួលរថយន្តតាក់ស៊ីមួយគ្រឿង ឱ្យដឹកពួកគេទៅកាន់អាគារដែលកំពុងតែមានការជួបជុំនោះ ហើយនាពេលទៅដល់ពួកគេក៏បានបើកការបាញ់ប្រហារតែម្តង។
 
នៅក្នុងទីក្រុង Colon ប្រទេសប៉ាណាម៉ា កាលពីប៉ុន្មានខែមុន ក៏មានការប៉ះទង្គិចគ្នារវាងក្រុមក្មេងទំនើងនៅតំបន់ផ្លូវរត់ពន្ធគ្រឿងញៀន។ គិតត្រឹមឆ្នាំ២០២៣ យ៉ាងហោចមនុស្សប្រមាណ ៥០នាក់ត្រូវបានសម្លាប់ក្នុងទីក្រុង ​Colon ជាទីក្រុងដែលមានប្រជាជនប្រមាណត្រឹម ៤ម៉ឺននាក់រស់នៅប៉ុណ្ណោះ។
 
បន្ទាប់ពីការបាត់បង់ជីវិតរបស់កីឡាករ Hernandez សហព័ន្ធបាល់ទាត់ប៉ាណាម៉ាបានបង្ហាញក្តីសោកស្តាយនឹងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com