កីឡាអន្តរជាតិ
អន្តរជាតិ
Antony ត្រូវដកឈ្មោះចេញពីក្រុមប្រេស៊ីល ក្រោយរងបទចោទរំលោភបំពានអតីតមិត្តស្រី
05, Sep 2023 , 7:39 pm        
រូបភាព
Antony ខ្សែប្រយុទ្ធក្រុម Manchester United ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតវគ្គជម្រុះ FIFA World Cup 2026 ទល់នឹងក្រុមបូលីវី និងប៉េរូ បន្ទាប់ពីរូបគេត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) នៅថ្ងៃទី៤ ខែសីហា។



ការសម្រេចចិត្តនេះកើតឡើងក្រោយពេលដែលប្រព័ន្ធផ្សព្ធផ្សាយរបស់ប្រេស៊ីល UOL បានចេញផ្សាយអំពីការចោទប្រកាន់លើរឿងរ៉ាវរំលោភបំពានលើរាងកាយទៅលើអតីតមិត្តស្រីរបស់គេគឺកញ្ញា ​Gabriela Cavallin។ Antony បានបដិសេធថាមិនបានបង្កកំហុសអ្វីទាំងអស់។
 
«​ដោយសារតែការពិតដែលបានផ្សព្ធផ្សាយជាសារណៈកាលពីថ្ងៃទី៤ ពាក់ព័ន្ធនឹងខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Antony ត្រូវការឱ្យមានការស៊ើប​អង្កេត​ដើម្បីការពារជនរងគ្រោះ ទើបក្រុមប្រេស៊ីល និង CBF សម្រេចចិត្តដកចេញ Antony ពីក្រុម។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ CBF។
 
ចំពោះរឿងរ៉ាវអាស្រូវនេះ Antony បានបដិសេធការចោទប្រកាន់ដែលប្រព័ន្ធផ្សព្ធផ្សាយបានចុះផ្សាយ ហើយកីឡាករក្រុមបិសាចក្រហមរូបនេះ មិនអាចផ្តល់ព័ត៌មានលម្អិតទៅកាន់ប៉ូលិសស៊ើប​អង្កេត​បានច្រើនជាងនេះឡើយ។
 
៖«តាំងពីដើមមក​ ខ្ញុំបានចាត់ចែងរឿងនេះដោយយកចិត្តទុកដាក់បំផុត និងគោរពដោយផ្តល់ការបំភ្លឺចាំបាច់ចំពោះមុខសមត្ថកិច្ច។ ខ្ញុំអាចបញ្ជាក់ដោយទំនុកចិត្តថា ការចោទប្រកាន់នេះគឺមិនពិត ហើយភស្តុតាងដែលមានរួចមក បានបង្ហាញថាខ្ញុំគ្មានកំហុសចំពោះការចោទប្រកាន់នេះឡើយ។ ខ្ញុំជឿជាក់ទៅកាន់ប៉ូលិសស៊ើប​អង្កេត​ ដែលកំពុងបន្តនឹងបង្ហាញការពិតអំពីភាពស្អាតស្អំរបស់ខ្ញុំ។» Antony អះអាងដូច្នេះ។
 
បើតាមការបញ្ជាក់ពីសំណាក់អ្នកនាំពាក្យរបស់លេខាធិការដ្ឋានសន្តិសុខសាធារណៈរបស់ប្រទេសប្រេស៊ីល ក្រុមមន្ត្រីប៉ូលិសប្រេស៊ីល កំពុងតែបើកការស៊ើប​អង្កេតលើករណីនេះនៅឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ទោះជាយ៉ាងណាក្លិប Manchester United មិនបានឆ្លើយតបទៅនឹងបញ្ហានេះឡើយ។ គ្រូបង្វឹកក្រុមប្រេស៊ីលលោក Fernando Diniz បានកោះហៅខ្សែប្រយុទ្ធ Gabriel Jesus របស់ Arsenal ដើម្បីជំនួស Antony។
 
ចំណែកការប្រកួតរបស់ក្រុមប្រេស៊ីលទល់នឹងក្រុមបូលីវីនឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា មុនពេលទៅតទល់ក្រុមប៉េរូ ៤ថ្ងៃបន្ទាប់ សម្រាប់ការប្រកួតជម្រុះព្រឹត្តិការណ៍ World Cup 2026 តំបន់អាម៉េរិកឡាទីន៕
 

Tag:
 Antony
  ប្រេស៊ីល
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com