ភ្នំពេញ៖ «ខ្ញុំនឹងចូលរួមចំណែកមួយផ្នែក ដោយនាំកិត្យានុភាពសិល្បៈវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក»។ នេះគឺជាព្រះទ័យរបស់ព្រះនាងតូច នរោត្តម ចេនណា ក្នុងការនាំសិល្បៈខ្មែរទៅបង្ហាញពិភពលោក នាឱកាសដែលព្រះនាងនឹងទៅសម្ដែងសិល្បៈ សម្រាប់ក្រុមហ៊ុនភាពយន្តអន្តរជាតិ Millennium Media។
ព្រះនាងតូច នរោត្តម ចេនណា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ព្រះនាងថា ព្រះនាងបានទទួលការអញ្ជើញជាផ្លូវការ ពីក្រុមហ៊ុនភាពយន្តអន្តរជាតិ Millennium Media សម្រាប់ដំណើរទស្សនកិច្ចមួយ ទៅទស្សនាកន្លែងថតភាពយន្តនៅអឺរ៉ុប ក្នុងនាមជាភ្ញៀវពិសេស។
ព្រះនាងបន្ថែមថា ក្រុមហ៊ុននឹងរៀបចំការប្រគំតន្ត្រី លក្ខណៈឯកជនមួយ នៅក្នុងស្ទូឌីយូ(Studios) របស់ពួកគេ ដោយព្រះនាងនឹងចូលរួមសម្ដែង ជាមួយតារាសម្ដែងអន្តរជាតិជាច្រើន ដូចជា Ckay (top streamed artist in the world)។ GIMS តារាចម្រៀងបារាំង ដ៏មានប្រជាប្រិយភាព។ Neta Barzilai ដែលបានឈ្នះកម្មវិធី Eurovision នាពេលថ្មីៗនេះ និង Michele Morrone តារាសម្ដែងសំខាន់ នៅក្នុងខ្សែភាពយន្តភាគ នៅលើ Netflix មានចំណងជើងថា 365 Days។
តាមរយៈការអញ្ជើញនេះ ព្រះនាងតូចប្ដេជ្ញាថា នឹងនាំកិត្តិនាមជាតិខ្មែរ តាមរយៈសិល្បៈ ដែលព្រះនាងនឹងសម្ដែង ឱ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់ នូវកិត្យានុភាពជាតិខ្មែរ វប្បធម៌ខ្មែរដ៏ល្អប្រពៃ។
ព្រះនាងតូច បានអរគុណដល់លោក Gaël ដែលជាផលិតករ និងជាអ្នកដឹកនាំទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ដែលបានអញ្ជើញព្រះនាង សម្រាប់កម្មវិធីនោះ។
សារព័ត៌មានថ្មីៗ បានព្យាយាមទាក់ទងទៅជំនួយការផ្ទាល់ របស់ព្រះនាងតូច នរោត្តម ចេនណា តាមរយៈ តេលេក្រាម ដើម្បីសុំការបញ្ជាក់បន្ថែម ពីសិល្បៈ អ្វីខ្លះដែលព្រះនាង នឹងនាំទៅសម្ដែង ប៉ុន្តែពុំទាន់មានការឆ្លើយតបឡើយ។
ព្រះនាងតូច ចេនណា បានបញ្ជាក់ថា ក្រុមហ៊ុន Millennium Media ដែលត្រូវជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនខ្សែភាពយន្ត Nu Boyana Film Studios គឺជាក្រុមហ៊ុនហូលីវូដ ដែលមានអាយុកាលដ៏ចំណាស់ និងទទួលបានការគោរព។ ក្រុមហ៊ុននេះ បានផលិតភាពយន្តប្រមាណ ៤០០រឿង ដែលរួមមានដូចជារឿង the iconic titles Rambo, The Expendables, Hellboy, Hitman, Angel Has Fallen, Tesla, Black Dahlia, Loving Pablo, និង The Mechanic ជាដើម។
សូមរំលឹកថា ព្រះនាងតូច នរោត្តម ចេនណា គឺជាខ្សែរាជវង្សមួយព្រះអង្គ ដែលមានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង ពីប្រជារាស្ត្រខ្មែរ ដោយសារភាពរួសរាយរាក់ទាក់ និងភាពទន់ភ្លន់ មិនប្រកាន់ឋានៈរបស់ព្រះនាង។ ក្រៅពីព្រះកិរិយាដ៏គួរឱ្យគោរព និងជាគំរូនោះ ព្រះនាងក៏មានទេពកោសល្យខ្ពស់ ក្នុងវិស័យសិល្បៈ ទាំងសិល្បៈរបាំបុរាណ ចម្រៀង និងការសម្ដែងភាពយន្តជាដើម៕