អន្តរជាតិ
អាម៉េរិកថា លោក គីម នឹង​ទៅ​ជួប​លោក ពូទីន ក្នុងខែនេះ តែវិមានក្រេមឡាំងថា មិនអាចបញ្ជាក់បាន
05, Sep 2023 , 10:29 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើដំណើរទៅកាន់រុស្ស៊ីក្នុងខែកញ្ញានេះដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន អំពីលទ្ធភាពផ្គត់ផ្គង់សព្វាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមមន្រ្តីអាម៉េរិក។ ប៉ុន្តែវិមានក្រេមឡាំងមិនអាចបញ្ជាក់ពីព័ត៌មាននេះឡើយ។

 
នៅក្នុងគម្រោងដំណើរទៅកាន់ក្រៅប្រទេសដ៏កម្រ លោក គីម ជុងអ៊ុន នឹងធ្វើដំណើរពីទីក្រុងព្យុងយ៉ាងដោយរថភ្លើងពិសេសទៅកាន់ទីក្រុងវ្ល៉ាឌីវ៉ូស្តុក​ ដើម្បីជួបលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ។ បើតាមអាម៉េរិក ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីការបញ្ជូនកាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះទៅឱ្យរុស្ស៉ីជាថ្នូរនឹងបច្ចេកវិទ្យាទំនើបរបស់ទីក្រុងមូស្គូសម្រាប់ផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់កូរ៉េខាងជើងវិញ។
 
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក Adrienne Watson និយាយនៅថ្ងៃទី៤ ខែកញ្ញា ថា ការចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើងរីកចម្រើនរហ័ស ហើយអាម៉េរិកក៏មានព័ត៌មានថា លោក គីម រំពឹងបន្តការចរចានេះដែរ និងរួមបញ្ចូលទាំងជំនួបកម្រិតខ្ពស់ផង។
 
នេះមិនមែនជាលើកដំបូងឡើយដែលអាម៉េរិកលើកឡើងពីការចរចារវាងទីក្រុងមូស្គូ និងព្យុងយ៉ាងលើការផ្លាស់ប្ដូរអាវុធនេះ។ កាលពីសប្ដាហ៍មុន ទីក្រុងវ៉ាស៊ីនតោនក៏និយាយម្ដងទៀតពីការចរចាសម្ងាត់ដើម្បីឈានដល់ការផ្គត់ផ្គង់អាវុធសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។
 
យ៉ាងណាមិញ វិមានក្រេមឡាំងមិនអាចផ្ដល់ព័ត៌មានអ្វីលើរឿងនេះឡើយ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំងនិយាយថា លោកមិនអាចបញ្ជាក់ពីជំនួបនេះទេ។
 
ជាមួយគ្នានេះដែរ អង្គភាពសម្ងាត់ជាតិកូរ៉េខាងត្បូងក៏បានប្រកាសនៅថ្ងៃទី៥ ខែកញ្ញានេះថា កូរ៉េខាងត្បូងកំពុងតាមដានយ៉ាងដិតដល់ចំពោះលទ្ធភាពដែលលោក គីម គ្រោងធ្វើទស្សនកិច្ចនៅរុស្ស៊ីក្នុងពេលឆាប់ៗនេះ៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com