កីឡាអន្តរជាតិ
អន្តរជាតិ
Declan Rice មានតម្លៃខ្លួនផ្ទេរថ្លៃជាងគេបង្អស់ក្នុងការដោះដូរកីឡាករដើមរដូវកាល ២០២៣-២៤
06, Sep 2023 , 8:39 am        
រូបភាព
ខ្សែបម្រើ Declan Rice ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបង្អស់នៅក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាល ២០២៣-២៤។ Rice ផ្ទេរពីក្រុម West Ham United ទៅកាន់ក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃប្រមាណ ១១៦,៦លានអឺរ៉ូ (១២៥,៩លានដុល្លារ)។



ដើមរដូវកាល ២០២៣-២៤ ក្លិបជាច្រើនបានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីប្រជែងនាំយកកីឡាករល្អៗមកចូលរួមក្រុម ដើម្បីពង្រឹងក្រុមប្រកួតប្រជែងនៅក្នុងលីគរៀងខ្លួន។ ក្លិបខ្លាំងៗមួយចំនួនជាពិសេសក្លិបស្ថិតនៅលីគកំពូលអង់គ្លេស, អេស្ប៉ាញ, អាល្លឺម៉ង់ បានចំណាយប្រាក់ក្នុងការផ្ទេរយ៉ាងច្រើនសម្រាប់កីឡាករល្អៗដែលពួកគេចង់បាន។
 
រឿងដែលពិសេសបំផុតនោះសម្រាប់ការផ្ទេរកីឡាករនៅក្នុងក្របខណ្ឌ Premier League នារដូវកាល ២០២៣-២៤ បានចំណាយប្រាក់ក្នុងការដោះដូរកីឡាករប្រមាណលើស ២ពាន់លានផោន (២,៥២ពាន់លានដុល្លារ) លើកដំបូង និងជាតម្លៃបំបែកកំណត់ត្រា។ ក្លិបស្ថិតក្នុងលីគកំពូលអង់គ្លេសដូចជាកាំភ្លើងធំ​ Arsenal បានចំណាយទឹកប្រាក់ជាច្រើនក្នុងការផ្ទេរកីឡាករដើម្បីត្រៀមខ្លួនប្រជែងពានរង្វាន់សារជាថ្មីជាមួយនឹងក្រុមការពារជើងឯក Manchester City។
  


កីឡាករដែលមានតម្លៃខ្លួនថ្លៃនៅក្នុងទីផ្សារដោះដូរ គឹត្រូវបានគេសម្លឹងមើលឃើញថានឹងមានសមត្ថភាពខ្ពស់ក្នុងការផ្តល់ទៅកាន់ក្លិបដែលនាំយករូបគេទៅ អំពីបច្ចេកទេសក្នុងការលេងបាល់ ក៏ដូចជាកំពុងតែមានទម្រង់លេងខ្លាំង។ ភាពខ្លាំងនៃកីឡាករល្អៗទាំងនេះ គឺធ្វើឱ្យក្លិបដែលគេកំពុងប្រកបអាជីពពិបាកក្នុងការដោះលែងកីឡាករល្អនៃក្រុមរបស់គេទៅកាន់ក្លិបដទៃក្នុងតម្លៃមួយដែលទាប។
 
ខាងក្រោមនេះជាកីឡាករដែលមានតម្លៃខ្លួនផ្ទេរថ្លៃបំផុតក្នុងទីផ្សារដោះដូររដូវកាល ២០២៣-២៤៖
 
១ Declan Rice ពី West Ham ទៅ Arsenal តម្លៃ ១១៦,៦លានអឺរ៉ូ
២ Moises Caicedo ពី Brighton & Hove Albion ទៅ Chelsea តម្លៃ ១១៦លានអឺរ៉ូ
៣ ​Jude Bellingham ពី Borussia Dortmund ទៅ Real Madrid តម្លៃ ១០៣លានអឺរ៉ូ
 
៤ Harry Kane ពី Spurs ទៅ Bayern Munich តម្លៃ ១០០លានអឺរ៉ូ
៥ Josko Gvardiol ពី RB Leipzig ទៅ Manchester City តម្លៃ ៩០លានអឺរ៉ូ
៦ Neymar Jr ពី Paris Saint Germain ទៅ Al Hilal តម្លៃ ៩០លានអឺរ៉ូ
 
៧ Rasmus Hojlund ពី Atalanta ទៅ Manchester United តម្លៃ ៧៥លានអឺរ៉ូ
៨ Kai Habertz ពី Chelsea ទៅ Arsenal តម្លៃ ៧៥លានអឺរ៉ូ
៩ Dominik Szoboszlai ពី RB Leipzig ទៅ Liverpool តម្លៃ ៧០លានអឺរ៉ូ
១០ Mason Mount ពី Chelsea ទៅ Manchester United តម្លៃ ៦៤,២លានអឺរ៉ូ។
 


Tag:
 Declan Rice
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com