កីឡាអន្តរជាតិ
អន្តរជាតិ
​RFEF បញ្ចប់តំណែងគ្រូក្រុមនារីអេស្ប៉ាញ និងសុំទោសចំពោះទង្វើររបស់លោក Rubiales
06, Sep 2023 , 2:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បញ្ចប់តំណែងលោក Jorge Vilda ពី​គ្រូបង្វឹកក្រុមនារីអេស្ប៉ាញ នាថ្ងៃទី៥ ខែកញ្ញា ក្រោយរយៈពេល ១០ថ្ងៃ ក្រោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ព្យួរការងាររបស់ប្រធាន RFEF លោក Luis Rubiales ជុំវិញរឿងអាស្រូវការថើបលើបបូរមាត់កីឡាការិនីបន្ទាប់ពីលើកពាន FIFA World Cup។ RFEF ក៏សុំទោសចំពោះទង្វើររបស់ Rubiales ផងដែរ។



លោកស្រី Montse Tome នឹងត្រូវជំនួសតំណែងលោក Vilda នឹងក្លាយជាគ្រូបង្វឹកស្ត្រីលើកដំបូងសម្រាប់ក្រុមនារីអេស្ប៉ាញ។ អ្នកស្រី Montse Tome បានធ្វើជាជំនួយការរបស់លោក Vilda តាំងពីឆ្នាំ ២០១៨ ហើយចាប់តាំងពីពេលនោះមក អ្នកស្រីបានបង្វឹកកីឡាករសំខាន់ៗជាច្រើននៅក្នុងក្រុមជម្រើសជាតិនារី។
 
ក្រុមប្រឹក្សាថ្មីមួយត្រូវបានបង្កើតឡើង ក្រោយពីការព្យួរប្រធាន RFEF លោក Luis Rubiales ពីសំណាល់ FIFA ជុំរិញការថើបទៅលើកីឡាការិនី Hermoso ដោយមិនមែនជាការយល់ព្រមអំឡុងពេលការប្រារព្ធពិធីជ័យជម្នះ World Cup 2023 កាលពីថ្ងៃទី២០ ខែសីហា។
 
«លោក Vilda បានក្លាយជាគន្លឹះក្នុងការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃកីឡាបាល់ទាត់នារី ហើយចាកចេញពីប្រទេសអេស្ប៉ាញក្នុងនាមជាម្ចាស់ជើងឯក ក៏ដូចជាក្រុមមានចំណាត់ថ្នាក់លេខ ២ នៃ FIFA។»។ ​​នេះបើតាមសេចក្តីថ្លែងការណ៍របស់ RFEF។
 
បញ្ហាកំហឹងពាក់ព័ន្ធនឹងលោក Rubiales បានឈានដល់ការជជែកដេញដោលយ៉ាងឆាប់រហ័សជុំវិញសិទ្ធិស្ត្រី និងអាកប្បកិរិយាបៀតបៀនផ្លូវភេទ។ 
 
ស្ថិតក្នុងសេចក្តីថ្លែងការណ៍ដដែល RFEF បានសុំទោសចំពោះទង្វើមិនសមរម្យរបស់លោក Rubiales ដែលធ្វើឱ្យប៉ះពាល់ដលើវិស័យបាល់ទាត់ធ្ងន់ធ្ងរ ក៏ដូចជាកីឡាក្នុងប្រទេស សង្គមនិងតម្លៃបាល់ទាត់របស់អេស្ប៉ាញដោយផ្ទាល់ និងប្រយោល។
 
បន្ទាប់ពីមានបញ្ហានៃរឿងរ៉ាវអាស្រូវការថើបនេះ ក្រុមបាល់ទាត់នារីអេស្ប៉ាញជើងឯក World Cup 2023 ថាពួកគេនឹងមិនបន្តលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញឡើយ ប្រសិនបើសហព័ន្ធស្ថិតនៅក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំដដែល៕
 

Tag:
 World Cup
  Luis Rubiales
© រក្សាសិទ្ធិដោយ thmeythmey.com