កីឡាអន្តរជាតិ
អន្តរជាតិ
Man City នឹងត្រូវជួប Club Leon ឬ Urawa Red ក្នុងការប្រកួត Club World Cup
06, Sep 2023 , 8:59 pm        
រូបភាព
ក្រុម Manchester City ម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League នឹងត្រូវជួបប្រកួតតទល់នឹងក្រុម Club Leon មកពីប្រទេសម៉ិកស៊ិក ឬក្រុម Urawa Red Diamonds របស់ជប៉ុន នៅក្នុងព្រឹត្តិការណ៍ FIFA Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅខែធ្នូ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការចាប់ឆ្នោតរួចមកនៅថ្ងៃទី៥ ខែកញ្ញា។



សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដទៃទៀត ក្រុមម្ចាស់ជើងឯកទ្វីបអាម៉េរិកខាងត្បូង Copa Libertadores ស្ថិតនៅកៅអីវគ្គ ១/៤ រួចស្រេច ដោយរង់ចាំតែក្រុមមកពីប្រទេសអារ៉ាប៊ីសាអូឌីតក្លិប Al Ittihad ឬក៏ក្រុមមកពីប្រទេសនូវែលសេឡង់ ក្លិប Auckland City ឬ ក៏ក្លិប Al Ahly មកពីប្រទេសអេហ្ស៊ីប។
 
ក្រុមម្ចាស់ផ្ទះ ក៏ដូចជាជើងឯកនៃទ្វីបអាស៊ី និងក្របខណ្ឌ Saudi Pro League ក្លិប Al Ittihad នឹងចាប់ផ្តើមការប្រកួតដោយត្រូវតទល់នឹងក្រុម Auckland City ជើងឯកពីអូសេអានី។ Al Ittihad សង្ឃឹមថានឹងអាចឆ្លងផុតទៅវគ្គបន្តបន្ទាប់ដូចក្រុម Al Hilal កាលពីឆ្នាំមុន ដោយពួកគេបានឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដោយកាលនោះក្រុម Al Hilal ប្រកួតចាញ់ក្រុម Real Madrid។
 
ក្រុមជើងឯកពានរង្វាន់ Copa Libertadores នឹងត្រូវរកឃើញក្រោយពេលការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមមកពីអាហ្សង់ទីន Boca Juniors ទល់នឹងក្រុមប្រេស៊ីល Palmeiras ចំណែក Fluminense ទល់នឹងក្រុម Internacional ដែលប្រកួតចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា។​​ ម្ចាស់ពាន Copa Libertadores នឹងក្លាយជាក្រុមតំណាងទ្វីប CONMEBOL (ទ្វីបអាម៉េរិកខាងត្បូង)។
 
ព្រឹត្តិការណ៍ Club World Cup នឹងត្រូវប្រកួតចាប់ពីថ្ងៃទី១២ រហូតដល់ទី២២ ខែធ្នូ ធ្វើឡើងនៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីតលើកដំបូង។ ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសអំពីការធ្វើម្ចាស់ផ្ទះកាលពីខែកុម្ភៈ ហើយកីឡដ្ឋានពីរស្ថិតក្នុងទីក្រុង Jeddah នឹងត្រូវរៀបចំការប្រកួតទាំងអស់នេះ។
 
ការប្រកួតក្នុងរដូវកាល ២០២៣-២៤ នៃពានរង្វាន់ FIFA Club World Cup នឹងក្លាយជាទម្រង់ការប្រកួតចុងក្រោយដែលមានចំនួន ៧ក្រុមមកពីទ្វីបនានាលើពិភពលោកដើម្បីប្រកួតប្រជែង មុនពេលការប្រកួតចាប់ពីរដូវកាល ២០២៤-២៥ ការប្រកួត Club World Cup នឹងដំឡើងដល់ ៣២ក្រុម ហើយមានការប្រកួតដូចទៅនឹងទម្រង់ព្រឹត្តិការណ៍ World Cup។ ការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាម៉េរិក។
 
ខាងក្រោមនេះជាការចាប់ឆ្នោតពានរង្វាន់ Club World Cup ៖ 
 
ជុំទីមួយ
ក្លិប Al Ittihad (អារ៉ាប៊ីសាអូឌីត) ជួប Auckland City (នូវែលសេឡង់)
 
ជុំទីពីរ
Al Ahly (អេហ្ស៊ីប) ជួប Al Ittihad ឬ Auckland City
Club Leon (ម៉ិកស៊ិក) ជួប Urawa Red Diamonds (ជប៉ុន)
 
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុមតំណាង CONMEBOL ជួប Al Ahly ឬ Al-Ittihad ឬ Auckland City
Club Leon ឬ Urawa Red Diamonds ជួប Manchester City (អង់គ្លេស)៕
 

Tag:
 Manchester City
  FIFA Club World Cup
© រក្សាសិទ្ធិដោយ thmeythmey.com