អន្តរជាតិ
អាស៊ាន
នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសពង្រឹងការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
06, Sep 2023 , 9:59 pm        
រូបភាព
លោក​ អ៊ូ​អិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (ឆ្វេង) ប្រគល់សោរឡាន ជូន លោក លី ធុជ ប្រធានអាជ្ញាធរមីន នៅថ្ងៃទី៥កញ្ញា។ រូបថត៖ ហ្វេសប៊ុក លោក លី ធុជ
លោក​ អ៊ូ​អិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (ឆ្វេង) ប្រគល់សោរឡាន ជូន លោក លី ធុជ ប្រធានអាជ្ញាធរមីន នៅថ្ងៃទី៥កញ្ញា។ រូបថត៖ ហ្វេសប៊ុក លោក លី ធុជ
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 

ពីវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក (AIPF) នៅទីក្រុងហ្សាកាតា នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូប្រកាសថា ជប៉ុននឹងពង្រឹងការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ីអាគ្នេយ៍ក្នុងវិស័យចំនួន៦ រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការល្បាតដែនសមុទ្រ។


 
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ដែលចូលកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី បានបង្ហាញជំហររបស់ជប៉ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសមាជិកអាស៊ាន បន្ថែមពីលើអ្វីដែលមានស្រាប់។
 
«យើងនឹងអភិវឌ្ឍគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គម»។ នាយករដ្ឋមន្រ្តីជប៉ុននិយាយបែបនេះនាវេទិកានៅថ្ងៃទី៦ ខែកញ្ញា។
 
បន្ថែមពីលើនេះ ប្រមុខរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ជប៉ុននឹងផ្តល់ការបណ្តុះបណ្តាលដល់មនុស្សចំនួន៥ពាន់នាក់ត្រឹម៣ឆ្នាំខាងមុខនៅក្នុងវិស័យចំនួន៦រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការលើបណ្តាញអ៊ីនធឺណិត និងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមានការសាងសង់កំពង់ផែសមុទ្រ ផ្លូវថ្នល់ ផ្លូវដែក និងអាកាសយានដ្ឋាន។
 
លើសពីនេះ ជប៉ុននឹងជួយបង្កើនសមត្ថភាពអនុវត្តច្បាប់ដែនសមុទ្រដោយការបណ្តុះបណ្តាលបុគ្គលិកមន្រ្តីភ្នាក់ងារឆ្មាំសមុទ្រ និងប៉ូលិស ក៏ដូចជាការផ្តល់នាវាល្បាតដល់រដ្ឋអាស៊ានផងដែរ។ ជាមួយគ្នានេះ ជប៉ុននឹងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយអាស៊ានដើម្បីធានាឱ្យបាននូវការចែកចាយទំនិញ និងសន្តិសុខស្បៀងប្រកបដោយស្ថិរភាពបន្ទាប់ពីរងការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងសង្រ្គាមនៅអ៊ុយក្រែន។ 
 
គួរបញ្ជាក់ថា ទីក្រុងតូក្យូគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ានក្នុងខែធ្នូខាងមុខនេះ ដើម្បីអបអរសាទរខួប៥០ឆ្នាំនៃទំនាក់ទំនងទ្វេភាគី៕ 
 
 

Tag:
 ជប៉ុន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com