កីឡាអន្តរជាតិ
អន្តរជាតិ
Henderson ពិបាកចិត្ត ព្រោះការរិះគន់រឿងផ្លាស់ទៅអារ៉ាប៊ីសាអូឌីត
07, Sep 2023 , 8:39 am        
រូបភាព
Jordan Henderson អតីតខ្សែបម្រើ និងប្រធានក្រុម Liverpool ពិបាកចិត្តក្រោយរងការរិះគន់  ជុំវិញការផ្លាស់ទៅប្រកបអាជីពជាមួយក្លិប Al Ettifaq នៃលីគកីឡាបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត ( Saudi Pro League)។



ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ បានផ្លាស់ពី Liverpool ទៅកាន់ក្រុមក្នុងក្របខណ្ឌ Saudi Pro League កាលពីខែកក្កដា។ ចេញពីហង្សក្រហមក្នុងទឹកដីអង់គ្លេស ទៅកាន់ អារ៉ាប៊ីសាអូឌីត Henderson ត្រូវរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា LGBTQ+ ចំពោះអ្វីដែលរូបគេធ្លាប់សន្យា និងប្តេជ្ញាគោរពសិទ្ធិអ្នកទាំងនោះ។
 
សមាគម LGBTQ+ រិះគន់ខ្លាំង ដោយសារតែសកម្មភាពប្រឆាំងការស្រលាញ់ភេទដូចគ្នា គឺខុសច្បាប់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែល Henderson បានទៅប្រកបអាជីព ជាមួយក្រុម Al Ettifaq។
 
«បំណងរបស់ខ្ញុំមិនបានធ្វើបាបនរណាម្នាក់ឡើង បំណងរបស់ខ្ញុំតែងតែជួយនូវបុព្វហេតុ និងសហគមន៍។ ខ្ញុំខ្វាល់ខ្វាយអំពីបុព្វហេតុផ្សេងៗដែលខ្ញុំបានចូលរួម និងសហគមន៍ផ្សេងៗ ខ្ញុំបានយកចិត្តទុកដាក់លើរឿងនេះ។ ហើយសម្រាប់មនុស្សរិះគន់ខ្ញុំ ថាបែរខ្នងដាក់គេពិតជាធ្វើបាបខ្ញុំពិតមែន។ អ្វីដែលខ្ញុំអាចនិយាយបានគឺថាសុំទោស ខ្ញុំសុំទោសចំពោះការធ្វើឱ្យពួកគេមានអារម្មណ៍បែបនោះ តែខ្ញុំមិនបានផ្លាស់ប្តូរឡើយ។»។ Henderson និយាយប្រាប់កាសែត The Athletic បែបនេះ។
 
ខ្សែបម្រើវ័យ ៣៣ឆ្នាំ បានសម្រេចចិត្តចាកចេញពីទឹកដី Anfield ក្រោយរួមរស់អស់រយៈពេល ១២ឆ្នាំ ហើយអតីតប្រធានក្រុមរូបនេះ បានទៅចូលរួមក្រុមដែលមានអតីតមិត្តរួមក្រុមលោក Steven Gerard នៅក្លិប Al Ettifaq ជាគ្រូបង្វឹក។ 
 
ក្រុមអ្នកគាំទ្រ LGBTQ+ របស់ក្រុម Liverpool បានជំរុញឱ្យកីឡាករ Hendersonឈរលើគោលការណ៍ដែលគេធ្លាប់បានសន្យាក្នុងនាមជាសម្ព័ន្ធមិត្តដែលមានវិជ្ជាជីវៈ និងជាម្ចាស់ជើងឯកនៃសិទ្ធិ LGBT+ សិទ្ធិស្ត្រី និងសេចក្តីថ្លៃថ្នូរ ក្រោយគេបានផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត៕
 

Tag:
 Jordan Henderson
  Al Ettifaq
© រក្សាសិទ្ធិដោយ thmeythmey.com