កីឡាអន្តរជាតិ
អន្តរជាតិ
Ballon d’Or៖ Messi នៅមានឈ្មោះ តែបាត់ Ronaldo លើកដំបូង ក្នុងបញ្ជី៣០រូបចុងក្រោយ
07, Sep 2023 , 10:12 am        
រូបភាព
Lionel Messi, Erling Haaland , Kylian Mbappe និងកីឡាករអង់គ្លេស៣រូបទៀតដូចជា Harry Kane, Jude Bellingham និង Bukayo Saka ​បានជា​ប់​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​​៣០​នាក់​ចុងក្រោយ ដើម្បី​ដណ្តើម​ពានរង្វាន់​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក Ballon d'Or ប្រចាំឆ្នាំ ២០២៣​។ Cristiano Ronaldo មិនមានឈ្មោះក្នុងបញ្ជី ប្រជែង​ពាន​ដែល​រៀបចំ​ដោយ​ទស្សនា​វ​ដ្តី​បារាំង France Football នេះ​ជាលើកដំបូង​ គិតចាប់តាំងពីឆ្នាំ២០០៣មក។​



​ចំណោម​បេក្ខភាព ៣០​នាក់​ចុងក្រោយ​ក្នុង​បញ្ជី​ដើម្បី​ប្រជែង​ពានរង្វាន់ Ballon d’Or ផ្នែក​បុរស​ឆ្នាំ​២០២៣​នេះ មាន​១២​រូប​ឯណោះដែលសព្វថ្ងៃ​ប្រកបអាជីពក្នុងក្របខណ្ឌ Premier League ៧រូបពី La Liga របស់អេស្ប៉ាញ ៤រូបពី Serie A របស់អ៊ីតាលី ៣រូបពី Bundesliga របស់អាល្លឺម៉ង់ ពី Ligue 1 បារាំង២រូប រួមជាមួយពីលីគអាម៉េរិក អារ៉ាប៊ីសាអូឌីតចំនួន១រូបដូចគ្នា។
 
ម្ចាស់ពាន៧សម័យ Lionel Messi ដែលផ្លាស់ទៅ Inter Maimi រួមជាមួយ Karim Benzema ជា​ម្ចាស់​ការពារ​តំណែង​ជើងឯកដែលទើបផ្ទេទៅ Al-Ittihad នៅតែមានឈ្មោះ​។ ខ្សែប្រយុទ្ធ Ronaldo ម្ចាស់ពាន៥សម័យ បាត់ឈ្មោះពីក្នុងបញ្ជី៣០ចុងក្រោយជាលើកដំបូងក្រោយរយៈពេល២០ឆ្នាំ។ គិតពីឆ្នាំ២០០៣ ដល់ ២០២២ ប្រធានក្រុមព័រទុយហ្កាល់ដែលផ្លាស់ទៅ Al-Nassr ជាប់ឈ្មោះក្នុងបញ្ជីរហូត។
 
Haaland ដែលជួយ Manchester City ឈ្នះពាន៣ក្នុងមួយរដូវកាល ត្រូវបានគេមើលឃើញថានឹងអាចក្លាយជាម្ចាស់ពាន Ballon d’Or ឆ្នាំ២០២៣នេះ។ ខ្សែប្រយុទ្ធអន្តរជាតិន័រវែស វ័យ២៣ឆ្នាំរូបនេះ ទទួលបានពានកីឡាករឆ្នើមពីទ្វីបអឺរ៉ុប និងអង់គ្លេសរួចហើយ តាមរយៈសមិទ្ធផលដ៏លេចធ្លោរបស់គេ ក្នុងនាមជាកីឡាករស៊ុតចូលច្រើនជាងគេទាំងក្នុងលីគ និងនៅ UEFA Champions League រដូវកាល ២០២២-២៣។
 
មានតែកីឡាករអង់គ្លេស៣រូបប៉ុណ្ណោះដែលជាប់បេក្ខភាព៣០រូបចុងក្រោយ។ ទាំងបីររូបរួមមាន Harry Kane ដែលទើបផ្លាស់ពី Tottenham Hotspur ទៅ Bayern Munich, Jude Bellingham ខ្សែបម្រើលេចធ្លោរបស់ Real Madrid និង Bukayo Saka ខ្សែបម្រើឆ្នើមវ័យក្មេងរបស់ Arsenal។
 
សមាជិកកីឡាកររបស់ក្រុម Man City មានចំនួន៧រូប ច្រើនដាច់គេ ឯ Bayern Munich និង Real Madrid មាន៣រូបដូចគ្នា។ Arsenal, Barcelona, Napoli Paris St-Germain និង Inter Milan មាន២រូបដូចគ្នា ក្រៅពីនោះ Manchester United, Liverpool, Inter Miami, Atletico Madrid, Sevilla, Aston Villa, Al-Ittihad មានកីឡាករ១រូបជាប់ក្នុងបញ្ជីរៀងខ្លួន។
 
Ballon d’Or ជា​ពាន​ប្រចាំឆ្នាំ​ដែល​ផ្តួចផ្តើមឡើង​ដោយ​ទស្សនា​វ​ដ្តី​បារាំង France Football តាំងពី​ឆ្នាំ​១៩៥៦​មក ដើម្បី​ប្រគល់ជូន​កីឡាករ​បាល់ទាត់​ឆ្នើម​លំដាប់​ពិភពលោក​​។​ដើម្បីជ្រើសរើសម្ចាស់​ពាន Ballon d’Or នេះ France Football អញ្ជើញ​តំណាង​សារព័ត៌មាន​ទូទាំង​ពិភពលោក ដើម្បី​បោះឆ្នោត​។ ក្នុងចំណោម​៣០​នាក់ អ្នកសារព័ត៌មាន​ត្រូវ​រើសយក​៥​នាក់ ដោយ​ដាក់ពិន្ទុ ទៅតាម​ចំណាត់ថ្នាក់​។ លេខ​មួយ​បាន​៦​ពិន្ទុ លេខ​ពីរបាន​៤​ពិន្ទុ លេខ​បី​បាន​៣​ពិន្ទុ លេខ​បួន​បាន​២​ពិន្ទុ និង​លេខ​ប្រាំ​បាន​១​ពិន្ទុ​។​
 
​ខាងក្រោម​នេះ ជា​បេក្ខភាព​ចុងក្រោយ​៣០​នាក់ ត្រូវ​បង្ហាញខ្លួន​លើ​វេទិកា​ប្រជែង​ពាន Ballon d’Or ឆ្នាំ​២០២៣ ដែលនឹង​ប្រព្រឹត្តិ​ទៅ​នាទី​ក្រុងប៉ារីស ប្រទេស​បារាំង​៖
 
Josko Gvardiol (Manchester City, ក្រូអាស៊ី), Jamal Musiala (Bayern Munich, អាល្លឺម៉ង់), Andre Onana (Manchester United, កាម៉េរូន), Karim Benzema (Al-Ittihad, បារាំង), Mohamed Salah (Liverpool, អេហ្ស៊ីប), Bukayo Saka (Arsenal, អង់គ្លេស), Kevin de Bruyne (Manchester City, បែលហ្ស៊ិក), Jude Bellingham (Real Madrid, អង់គ្លេស), Randal Kolo Muani (Paris St-Germain, បារាំង), Bernardo Silva (Manchester City, ព័រទុយហ្កាល់), Khvicha Kvaratskhelia (Napoli, ហ្សកស៊ី), Nicolo Barella (Inter Milan, អ៊ីតាលី), Emiliano Martinez (Aston Villa, អាហ្សង់ទីន), Ruben Dias (Manchester City, ព័រទុយហ្កាល់), Erling Haaland (Manchester City, ន័រវែស), Martin Odegaard (Arsenal, ន័រវែស), Ilkay Gundogan (Barcelona, អាល្លឺម៉ង់), Yassine Bounou (Sevilla, ម៉ារុក), Julian Alvarez (Manchester City, អាហ្សង់ទីន), Vinicius Jr (Real Madrid, ប្រេស៊ីល), Rodri (Manchester City, អេស្ប៉ាញ), Antoine Griezmann (Atletico Madrid, បារាំង), Lionel Messi (Inter Miami, អាហ្សង់ទីន), Lautaro Martinez (Inter Milan, អាហ្សង់ទីន), Robert Lewandowski (Barcelona, ប៉ូឡូញ), Kim Min-jae (Bayern Munich, កូរ៉ខាងត្បូង), Luka Modric (Real Madrid, ក្រូអាស៊ី), Kylian Mbappe (Paris St-Germain, បារាំង), Harry Kane (Bayern Munich, អង់គ្លេស), Victor Osimhen (Napoli, នីហ្សេរីយ៉ា)៕
 

Tag:
 Ballon d’Or
  Lionel Messi
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com