កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់លទ្ធផលប្រកួត៖ សហព័ន្ធបាល់ទាត់បូលីវី លុបចោលការ​ប្រកួតពានរង្វាន់ធំៗចំនួន២
07, Sep 2023 , 12:09 pm        
រូបភាព
សហព័ន្ធបាល់ទាត់ប្រទេសបូលីវី (FBF) នៅថ្ងៃទី៥ ខែកញ្ញា បានសម្រេចចិត្តលុបចោលការប្រកួត ពានរង្វាន់ធំៗចំនួន ២ ក្រោយស៊ើប​អង្កេត​រកឃើញថាមានអំពើពុករលួយ ពាក់ព័ន្ធការរៀបចំកំណត់លទ្ធផលការប្រកួតទុកជាមុន។



ការប្រកាសនេះបានកើតឡើង ក្រោយពេលដែល FBF បានកោះប្រជុំវិសាមញ្ញជាមួយនឹងក្លិប និងប្រតិភូចំនួន ១៧ នៃផ្នែកទីមួយ មកពីសមាគមបាល់ទាត់ក្នុងតំបន់ចំនួន ៩ ដើម្បីសម្រេចអនាគតនៃការប្រកួតលីគថ្នាក់ជាតិរបស់ប្រទេសបូលីវី​ ព្រមទាំងពានរង្វាន់ Simon Bolivar Cup។
 
សហព័ន្ធ ​FBF បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌកាលពីថ្ងៃទី៤ ខែកញ្ញា ទៅកាន់ការិយាល័យរដ្ឋអាជ្ញារបស់ទីក្រុង La Paz ដើម្បីប្រឆាំងនឹងកីឡាករ មន្ត្រី និងអាជ្ញាកណ្តាលដែលជាប់ពាក់ព័ន្ធទៅនឹងការរៀបចំកំណត់លទ្ធផលការប្រកួត ការស៊ីសំណូក និងការភ្នាល់ខុសច្បាប់។
 
ប្រធាន FBF លោក Fernando Costa ប្រាប់អ្នកកាសែតក្នុងសន្និសីទមួយនាថ្ងៃទី៥ ខែកញ្ញាដូច្នេះថា ៖« ការប្រកួតនេះត្រូវបានទទួលការសម្រេចឱ្យលុបចោល នៃពានរង្វាន់ Robin (Robin Tournament) ព្រមទាំងពានរង្វាន់បាល់ទាត់អាជីព ក្រោយរកឃើញថាការប្រកួតទាំងនេះមានការកំណត់លទ្ធផលទុកជាមុន។»។
 
លោក Costa ក៏បានអះអាងថា ការប្រកួតពានរង្វាន់ថ្មីនឹងធ្វើឡើងក្នុងរយៈពេលខ្លី ដោយត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៣ នេះ បើទោះជាដំបូងវាតម្រូវឱ្យមានការយល់ព្រមពីស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អាម៉េរិកខាងត្បូង CONMEBOL ជាមុនសិនក៏ដោយក្តី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com