កីឡាអន្តរជាតិ
អន្តរជាតិ
រត់ប្រណាំងម៉ារ៉ាតុនទីក្រុងម៉ិកស៊ិក ដកសិទ្ធិអ្នកប្រកួត ១១,០០០នាក់ ដែលបន្លំ និងបោកប្រាស់
07, Sep 2023 , 4:01 pm        
រូបភាព
អ្នករត់ប្រណាំងប្រមាណ ១១,០០០នាក់ នៅក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុនទីក្រុងម៉ិកស៊ិក ត្រូវបានដកសិទ្ធិសម្រាប់ការបន្លំ និងបោកប្រាស់។ នេះបើតាមរបាយការណ៍ដែលផ្សាយដោយកាសែត Marca របស់អេស្ប៉ាញ ថ្ងៃទី៦ ខែកញ្ញា។



តាមរយៈរបាយការណ៍របស់ Marca អ្នករៀបចំការប្រណាំងកាលពីថ្ងៃទី២៧ ខែសីហា បានស៊ើប​អង្កេត​មួយ បន្ទាប់ពីទទួលបានពាក្យបណ្តឹងថា អ្នកចូលរួមរត់ប្រណាំងបានប្រើប្រាស់រថយន្ត, កង់ និងមធ្យោបាយជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយផ្នែកនៃការរត់។ អ្នករត់ប្រណាំងចំនួន​ ១១,០០០នាក់ នឹងត្រូវដកសិទ្ធិចេញពីការប្រកួតសម្រាប់ជុំទី៣ ក្នុងចំណោមអ្នកចូលរួមប្រកួតប្រមាណ ៣ម៉ឺននាក់។
 
«វិទ្យាស្ថានកីឡានៃទីក្រុងម៉ិកស៊ិក បានផ្តល់ដំណឹងថា នឹងបន្តកំណត់អត្តសញ្ញាណករណីទាំងនោះ ដែលអ្នកចូលរួមការប្រកួតរត់ម៉ារ៉ាតុn XL Mexico City Telcel ​2023 បានបង្ហាញអាកប្បកិរិយាមិនមែនកីឡាករ ក្នុងអំឡុងពេលព្រឹត្តិការណ៍ ហើយនឹងធ្វើឱ្យពេលវេលាចុះឈ្មោះ ហើយនឹងលុបចោលការចុះឈ្មោះរបស់ពួកគេ។
 
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែតំណាងឱ្យការប្រារព្ធពិធីដ៏អស្ចារ្យ សម្រាប់ប្រជាជនទាំងអស់ក្នុងទីក្រុង និងប្រទេសម៉ិកស៊ិក ហើយក៏ជាឱកាសដើម្បីបញ្ជាក់ឡើងវិញ នូវគុណតម្លៃនៃកីឡាផងដែរ។»។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់អ្នករៀបចំទៅកាន់កាសែត Marca។
 
ការរត់ប្រណាំងម៉ារ៉ាតុនទីក្រុងម៉ិកស៊ិក ទទួលបានការផ្តល់ការកោតសរសើរ ឋានៈមេដាយមាសពិភពលោក ដែលរង្វាន់នេះ ត្រូវបានផ្តល់ដល់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននេះ ដែលរក្សាភាពស្តង់ដារតឹងរ៊ឹងបំផុត សម្រាប់ការធ្វើផែនការ ការរៀបចំ និងការចែកចាយ។
 
ការមិនទទួលបានសិទ្ធិ គឺជារឿងធម្មតាទៅហើយក្នុងការរត់ប្រណាំងប្រចាំឆ្នាំកាលពីមុនមក។ នៅក្នុងឆ្នាំ ២០១៧ អ្នករៀបចំមិនបានផ្តល់មេដាយដល់អ្នករត់ប្រណាំងប្រហែល ៦ពាន់នាក់ ​ក្រោយពួកគេពេលរត់ដល់ទី ក្រោមការចោទប្រកាន់ថាបានបន្លំ។ ដោយឡែកក្នុងឆ្នាំ ២០១៨ អ្នករត់ប្រមាណ ៣,០៩០នាក់ ក៏ត្រូវបានដកសិទ្ធិដែរ៕
 

Tag:
 ម៉ិកស៊ិក
  ម៉ារ៉ាតុង
© រក្សាសិទ្ធិដោយ thmeythmey.com