កីឡាអន្តរជាតិ
អន្តរជាតិ
UEFA នឹងចំណាយប្រាក់ពីហោប៉ៅដល់ក្លិប ធ្លាក់វគ្គជម្រុះ UCL, UEL និង UECL
07, Sep 2023 , 8:59 pm        
រូបភាព
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នៅទីថ្ងៃទី៦ ខែកញ្ញា ប្រកាសផ្តល់ប្រាក់មួយចំនួនដល់ក្លិបនៅអឺរ៉ុប ដែលមិនអាចឆ្លងផុតវគ្គជម្រុះក្នុងពានរង្វាន់អឺរ៉ុបកំពូលទាំង៣។ ការផ្តល់ជូននេះ នឹងធ្វើទៅចាប់ពីរដូវកាល ២០២៤-២៥ ពោលនៅពេលកំណែទម្រង់នៃការប្រកួតពានរង្វាន់ Champions League ថ្មីចាប់ផ្តើមដំណើរការ។



បើតាមសេចក្តីថ្លែងការណ៍ UEFA និង សមាគមក្លិបបាល់ទាត់អឺរ៉ុប (ECA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារថ្មីមួយរហូតដល់ឆ្នាំ ២០៣០ ដោយកិច្ចព្រមព្រៀងនោះ នឹងពង្រឹងស្ថិរភាពរយៈពេលវែង និងកំណើនប្រាក់ចំណូលប្រកបដោយនិរន្តរភាពនៅក្នុងបាល់ទាត់តំបន់អឺរ៉ុប។
 
ការផ្លាស់ប្តូរនេះនឹងត្រូវចាប់ផ្តើមពីរដូវកាល ២០២៤-២៥ ស្របពេលដែលទម្រង់ការប្រកួតថ្មីនៅក្នុង UEFA Champions League, Europa League និង Europa Conference League ដំណើរការចាប់ពីរដូវកាលក្រោយទៅដូចគ្នា។
 
ស្ថិតក្រោមទម្រង់ថ្មីនៃការប្រកួតសម្រាប់ឆ្នាំ ២០២៤​ ដល់ឆ្នាំ ២០២៧ ប្រាក់ចំណូល ៧ភាគរយ ដែល UEFA រកបានពីការប្រកួតពានរង្វាន់ទាំង៣ Champions League, Europa League និង Europa Conference League នឹងត្រូវបែកចែកសម្រាប់ក្លិបដែលបរាជ័យក្នុងការប្រកួតជម្រុះដើម្បីមានវត្តមានក្នុងការប្រកួតពានរង្វាន់ទម្រង់បែបថ្មី។ ចំនួនទឹកប្រាក់ដែល UEFA នឹងប្រគល់ដល់ក្លិបទាំងនោះកើនឡើង ៣ភាគរយ បើធៀបទៅនឹងការប្រកួតទម្រង់ចាស់ដែលមានវគ្គចែកពូល។
 
បើតាមរយៈសមាគមលីគបាល់ទាត់ទ្វីបអឺរ៉ុប (ELA) ដែលតំណាងឱ្យលីគបាល់ទាត់អាជីពនៅក្នុងតំបន់អឺរ៉ុប បាននិយាយថាការផ្លាស់ប្តូរជាលទ្ធផលនឹងបង្កើនតម្លៃប្រាក់រង្វាន់ការប្រកួតបន្ថែមទៀត ដោយមានចំនួន ៣០៨លានអឺរ៉ូ (៣៣០,០២លានដុល្លារ) ត្រូវបែកចែកសម្រាប់ក្លិបដែលមានវត្តមានប្រជែងក្នុងលីគ Champions League។ តម្លៃនេះមានកើនឡើង ២ដង បើធៀបទៅនឹងតម្លៃការប្រកួតនាពេលបច្ចុប្បន្នមានប្រមាណត្រឹម ១៧៥លានអឺរ៉ូ (២១៩,៧លានដុល្លារ)។
 
«ការប្រកាសនៅថ្ងៃនេះ នឹងជួយដល់ក្លិបទាំងអស់ស្ថិតក្នុងតំបន់អឺរ៉ុបក្នុងការរៀបចំខ្លួនសម្រាប់ការប្រកួតប្រជែងទាំងក្នុងនិងនៅក្រៅទីលាន ខណៈដែលការរក្សាការវិនិយោគលើយុវជន និងការអភិវឌ្ឍន៍ទេពកោសល្យនៃកីឡាករថ្មីត្រូវការជាចាំបាច់។»។ នេះបើតាមការប្រកាសរបស់ ELA៕
 

Tag:
 UEFA
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com