ជាតិ
លោក ឃ្លាំង ហួត ដកម៉ូតូ ២៦២គ្រឿង ពីឃ្លាំបញ្ចាំ ប្រគល់ទៅឱ្យពលរដ្ឋ
07, Sep 2023 , 5:43 pm        
រូបភាព
ម៉ូតូដែលសមត្ថកិច្ចរឹបអូសបាន ហើយត្រៀមប្រគល់ទៅពលរដ្ឋវិញ។ រូបពី ហ្វេសប៊ុកលោក ឃ្លាំង ហួត
ម៉ូតូដែលសមត្ថកិច្ចរឹបអូសបាន ហើយត្រៀមប្រគល់ទៅពលរដ្ឋវិញ។ រូបពី ហ្វេសប៊ុកលោក ឃ្លាំង ហួត
ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធបានចុះ បានដកហូតម៉ូតូ២៦២គ្រឿង ពីឃ្លាំងបញ្ចាំ ប្រគល់ឱ្យពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង។

 
អភិបាលរងរាជធានីភ្នំពេញ ស្នងការរងរាជធានីភ្នំពេញ និងមន្ត្រីក្រសួងសេដ្ឋកិច្ច បានចុះប្រគល់ម៉ូតូ២៦២គ្រឿង ដល់ម្ចាស់ដើមដែលមានឯកសារ​គ្រប់គ្រាន់វិញ កាលព្រឹកថ្ងៃទី៧កញ្ញា។ ម៉ូតូទាំងនេះ គឺ លោក ឃ្លាំង ហួត បានរឹបអូស ពីឃ្លាំងបញ្ចាំនាពេលកន្លងមក។  
 
ហេតុនេះ លោក ឃ្លាំង ហួត អំពាវនាវ ឱ្យពលរដ្ឋដែលបាត់ ដាក់ពាក្យបណ្ដឹង ដើម្បីសមត្ថកិច្ចជួយស្វែងរក។ លោកសរសេរលើហ្វេសប៊ុកបែបនេះ៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ ដែលជាអ្នកបានដាក់បញ្ចាំស្របច្បាប់ក្ដី​ ឬជនរងគ្រោះដែលបាត់ម៉ូតូក្ដី​ មេត្តារូសរាន់មកដាក់ពាក្យបណ្ដឹង​ស្នើសុំម៉ូតូបន្ថែម តាមរយៈការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ​ ដើម្បីឆាប់បានក្រុមការងារបន្តនីតិវិធីលើម៉ូតូដែលសេសសល់ផ្សេងទៀត»។ 
 
ក្នុងប្រតិបត្តិការ ចុះរឹបអូសម៉ូតូកន្លងមក លោក ឃ្លាំង ហួត បានដកហូតម៉ូតូជាង១,០០០គ្រឿង ពីឃ្លាំងបញ្ចាំក្នុងរាជធានីភ្នំពេញ។ ហើយលោកក៏បានប្រគល់ ទៅពលរដ្ឋវិញ ជាហូរហែដែរ។ ចំនួនម៉ូតូនៅសល់ពីការរឹបអូស មានប្រមាណ៩០០គ្រឿងទៀត ដែលទុកនៅឃ្លាំង OCIC រង់ចាំពលរដ្ឋទៅពិនិត្យនិងស្នើសុំយកទៅវិញ។ 
 
កន្លងមក លោក ឃ្លាំង ហួត អះអាងថា ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំ គឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម៕ 
 
 
 

Tag:
 បញ្ចាំម៉ូតូ
© រក្សាសិទ្ធិដោយ thmeythmey.com