កីឡាជាតិ
ជាតិ
គ្រូហុងកុង សរសើរអ្នកចាំទីកម្ពុជា ឯ Felix មិនបន្ទោសវឌ្ឍនាកាដែលទាត់ប៉េណាល់ទីមិនចូល
08, Sep 2023 , 10:54 am        
រូបភាព
ក្រុមកីឡាល់ទាត់ជម្រើសជាតិកម្ពុជា មិនទាន់អាចរកបានជ័យជម្នះពីក្រុមហុងកុងបានទេ ក្រោយក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅយប់ថ្ងៃទី៧ ខែកញ្ញា។ Jorn Andersen គ្រូបង្វឹកហុងកុងសរសើរអ្នកចាំទីកម្ពុជា ហ៊ុល គឹមហ៊ុយ ដែលសង្គ្រោះបាល់ជាច្រើនគ្រាប់ ស្របពេលគ្រូកម្ពុជា លោក Felix G.Dalmas មិនបន្ទោស ចាន់ វឌ្ឍនាកា ដែលទាត់បាល់ពិន័យ១១ម៉ែត្រមិនចូល។



ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមភ្ញៀវហុងកុង បានបើកការវាយសម្រុកមកលើម្ចាស់ផ្ទះកម្ពុជាតាំងពីដើមវគ្គទី១ ​រហូតសម្រេចបានគ្រាប់បាល់នាំមុខនៅនាទី២១ ដោយខ្សែប្រយុទ្ធ Everton Camargo។ Camargo កីឡាករប្រេស៊ីល ទើបចូលសញ្ញាតិហុងកុងថ្មីៗនេះ ដើម្បីជួយក្រុមក្នុងការប្រកួតមិត្តភាព និងជម្រុះ World Cup។
 
លទ្ធផល ១-០ រវាងក្រុមទាំងពីររក្សារហូតដល់ចប់វគ្គទី១ បើទោះហុងកុងបន្តឱកាសរកគ្រាប់បាល់ជាច្រើនលើកច្រើនសារ តែមិនបានសម្រេចដ្បិតអ្នកចាំទី ហ៊ុល គឹមហ៊ុយ តែងតែសង្គ្រោះបាន។

ចូលដល់វគ្គទី២ ទំនងជាគ្រូគោព្រៃលោក Felix មានការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី ទើបក្រុមកែប្រែរបៀបលេងប្រសើរជាងវគ្គទី១។ បើទោះយ៉ាងនេះក្តី ក្រុមលោក Andersen នៅតែបង្កើតបានឱកាសនៅមុខទីម្ចាស់ផ្ទះជារឿយៗ ហើយតែងតែត្រូវបាន គឹមហ៊ុយ អ្នកចាំទីក្លិបវិសាខាររាំងបានដដែល។
 
ភាពប្រសើររបស់កម្ពុជាចាប់ផ្តើមកើតមានឡើង បន្ទាប់ពីគ្រូសញ្ជាតិអាហ្សង់ទីន បានប្តូរកីឡាករមួយចំនួនចូលជាបន្តបន្ទាប់ ដូចជា ស៊ិន សុផាណាត់ ចាន់ វឌ្ឍនាកា Nick Taylor និងជាពិសេស ចន្ថា ចន្ទាកា។
 
ចន្ទាកា ខ្សែប្រយុទ្ធលេចធ្លោរបស់ក្លិបបឹងកេត បានបង្កើតឱកាសមាសសម្រាប់គោព្រៃកម្ពុជា បន្ទាប់ពីស៊ុតទៅប៉ះបង្គោលទី មុនពេលអ្នកចាំទីហុងកុងបង្កើតកំហុសដោយធ្វើឱ្យ រ៉ឹង ប៊ុនហៀង ដួលនៅតំបន់គ្រោះថ្នាក់នៅនាទី៨៣។ វឌ្ឍនាកា សមាជិកក្រុមបឹងកេត រ៉ាប់រងការស៊ុតបាល់ពិន័យ១១ម៉ែត្រនេះ ប៉ុន្តែរូបគេធ្វើមិនបានសម្រេចឡើយ បន្ទាប់ពីទាត់ផុតរបាទីខាលើ។
 
 
យ៉ាងណាក៏ដោយ កម្ពុជានៅតែរកបានគ្រាប់តាមស្មើវិញនៅនាទី៨៩ តាមរយៈការទាត់បញ្ចូលទីរបស់ខ្សែការពារវិសាខា កីឡាករ ស៊ិន សុផាណាត់ តាមរយៈការបញ្ជូនបាល់ជ្រុងរបស់វឌ្ឍនាកា។ បញ្ចប់ការប្រកួត កម្ពុជា ស្មើហុងកុង ១-១។

 
 
តាមរយៈលទ្ធផលនេះ គ្រូងហុងកុងលោក Andersen មិនសប្បាយចិត្តនោះឡើយ ដ្បិតក្រុមខ្លួនមានឱកាសច្រើនប៉ុន្តែមិនអាចសម្រេចគ្រាប់បាល់ជាបន្តបន្ទាប់បាន។ ក្នុងសន្និសីតក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លើកសរសើរគឹមហ៊ុយមិនដាច់ពីមាត់ ដ្បិតរូបគេជាអ្នកសង្គ្រោះបាល់ពីការស៊ុតរបស់ហុងកុងជាច្រើនលើកច្រើនសារ។



លោក Felix ឯណោះវិញ បង្ហាញក្តីរីករាយនៅចំពោះមុខអ្នកសារព័ត៌មានក្នុងសន្និសីត ក្រោយក្រុមខ្លួនអាចរកបានគ្រាប់តាមស្មើវិញនៅចុងម៉ោង។ ឆ្លើយនឹងសំនួរអ្នកសារព័ត៌មាន ថាតើលោកមើលឃើញយ៉ាងណាចំពោះទម្រង់លេងរបស់កូនក្រុម និងការខកឱកាសស៊ុតបញ្ចូលទីរបស់វឌ្ឍនាកា លោក Felix ដែលឡើងកាន់តំណែងគ្រូជំនួសលោក Keiseke Honda ឆ្លើយភ្លាមថា៖«យើងចាប់ផ្តើមវិវត្តទៅមុខហើយ។ សម្រាប់វឌ្ឍនាកា ខ្ញុំមិនបន្ទោសគាត់ទេ គាត់ក៏មានសម្ពាធដែរ មិនតែប៉ុណ្ណោះខ្ញុំថែមទាំងលើកទឹកចិត្តទៀតផង ព្រោះនៅមានប្រកួតក្រោយៗទៀត»។



ជុំវិញបញ្ហារបួសរបស់ ឃាន់ សុបិន គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន អះអាងថាខ្សែប្រយុទ្ធវ័យក្មេងរបស់បឹងកេតរូបនេះ​ នឹងមិនអាចបង្ហាញខ្លួននៅជំនួបទល់ម៉ាកាវឡើយ ដោយត្រូវទទួលការមើលថែពីគ្រូពេទ្យលើរបួសត្រង់ជើងរបស់គេ។

 
 
លោក Felix នឹងត្រូវដឹកនាំក្រុមគោព្រៃកម្ពុជា ទទួលភ្ញៀវម៉ាកាវមួយប្រកួតទៀតក្នុងជំនួបមិត្តភាពអន្តរជាតិ ដែលធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនបន្តយុទ្ធនាការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាស៊ី នៅខែតុលា៕
 

Tag:
 មិត្តភាពអន្តរជាតិ
  Felix G.Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com