កីឡាអន្តរជាតិ
អន្តរជាតិ
បារាំងបន្តកំណត់ត្រាឈ្នះ ក្នុងការប្រកួតជម្រុះពានរង្វាន់ ​Euro 2024
08, Sep 2023 , 11:59 am        
រូបភាព
ក្រុមជម្រើសជាតិបារាំងបន្តកំណត់ត្រាដ៏ល្អរបស់ពួកគេ ក្នុងការឆ្ពោះទៅកាន់ការប្រកួតកាន់ការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024 ខណៈការប្រកួតវគ្គជម្រុះជើងទីពីរ នាថ្ងៃទី៧ ខែកញ្ញា យកឈ្នះលើក្រុមអៀរឡង់ ដោយលទ្ធផល ២-០។



ការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Parc des Princes ជំនួសឱ្យកីឡដ្ឋានក្រុមជម្រើសជាតិបារាំង Stade de France ដែលរៀបចំព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកបាល់ឧប រវាងបារាំងទល់ក្រុមនូវែលសេឡង់។ ២គ្រាប់ជ័យជម្នះនៃក្រុមមាន់គកបារាំងរកបានដោយខ្សែបម្រើ Aurelien Tchouameni នៅនាទី១៩ និង Marcus Thuram នៅនាទី៤៨។
 
ឈ្នះអៀរឡង់ គឺជាការប្រកួតទី ៥ របស់បារាំងនៅក្នុងការប្រកួតជម្រុះពានរង្វាន់ UEFA Euro 2024 ក្នុងពូល B ដោយក្រុមបារាំងរកបាន ១៥ពិន្ទុពេញ ពីការប្រកួតចំនួន ៥លើក នឹងមិនទាន់របូតគ្រាប់បាល់មួយគ្រាប់នៅឡើយ នាំមុខក្រុមចំណាត់ថ្នាក់លេខ២ ហូឡង់ចំនួន ៩ពិន្ទុ។ ហូឡង់បំបាក់ក្រុមគ្រិកលទ្ធផល ៣-០។
 
ទោះជាក្រុមបានបន្តយកឈ្នះការប្រកួតយ៉ាងណាក្តី ប៉ុន្តែលោក Didier Dechamps នៅតែនិយាយថាក្រុមរបស់លោកនៅមិនទាន់គ្រប់គ្រាន់ឡើយចំពោះលទ្ធផល ខណៈលោកចង់ឱ្យកូនក្រុមរកបានគ្រាប់បាល់ច្រើនក្នុងការប្រកួត។
 
«​ខ្ញុំមិនអាចពន្យល់បានឡើយ យើងនៅមិនទាន់ជាប់ទៅវគ្គបន្តនៅឡើយ ប៉ុន្តែការប្រកួតរហូតមកដល់ពេលនេះ វាគឺជាយុទ្ធនាការដ៏ល្អមួយសម្រាប់យើង វាមិនងាយឡើយក្នុងការស្វែងរកដំណោះស្រាយ ហើយយើងត្រូវការស្វែងរកគ្រាប់បាល់ឱ្យច្រើនជាងនេះ។»។ លោក Deschamps បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
បារាំងនឹងត្រូវបន្តដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ នៅក្នុងទីក្រុង Dortmund នៅថ្ងៃទី១២ ខែកញ្ញា ដើម្បីបន្តដំណើរការប្រកួតមិត្តភាពរបស់ពួកគេទល់នឹងក្រុមជើងខ្លាំងអាល្លឺម៉ង់៕
 

Tag:
 Euro 2024
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com