កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo៖ ភាពប្រកួតប្រជែងរវាងខ្ញុំនិង Messi បញ្ចប់ហើយ
08, Sep 2023 , 3:20 pm        
រូបភាព
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បាននិយាយថារូបគេនឹង ​Lionel Messi ដែលបានកែប្រែប្រវត្តិសាស្ត្រក្នុងពិភពបាល់ទាត់ជាង១សតវត្សរ៍ បានបញ្ចប់ភាពជាគូប្រកួតប្រជែងនឹងគ្នាហើយ។



Ronaldo និង Messi អំឡុងពួកគេទាំងពីរស្ថិតក្នុងក្របខណ្ឌ La Liga នៃប្រទេសអេស្ប៉ាញ តែងតែប្រឈមមុខដាក់គ្នា ពេលដែលម្នាក់លេងឱ្យ Real Madrid ហើយម្នាក់ទៀតនៅ Barcelona។
 
នាសន្និសីទកាសែតរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់មុនការប្រកួតពានរង្វាន់ UEFA Euro 2024 ខ្សែប្រយុទ្ធដែលមានវ័យ ៣៨ឆ្នាំ បានលើកឡើងថាភាពជាគូប្រជែងរបស់គេជាមួយនឹង Messi​ ត្រូវបានបញ្ចប់។
 
«យើងត្រូវបានគេគោរពទូទាំងពិភពលោក នោះជារឿងសំខាន់បំផុត។ រូបគេបានបង្កើតផ្លូវដើរផ្ទាល់ខ្លួន ខ្ញុំបង្កើតរបស់ខ្ញុំ គេពិតជាធ្វើបានល្អបើតាមអ្វីដែលខ្ញុំបានឃើញ ហើយមរតកនៃបាល់ទាត់នេះនៅតែបន្ត។»។ Ronaldo បាននិយាយបែបនេះ។
  


ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ គ្មានឈ្មោះក្នុងបញ្ជីឈ្មោះកីឡាករប្រជែងពានរង្វាន់ Ballon d’Or ៣០នាក់ លើកដំបូងចាប់តាំងពីឆ្នាំ ២០០៣ ខណៈដែល Messi អាចនឹងឈ្នះពានលើកទី៨ ក្នុងអាជីពរបស់គេ។
 
នៅពេលត្រូវបានអ្នកកាសែតសួរអំពីភាពនៃការប្រកួតប្រជែងរវាងអ្នកគាំទ្ររបស់រូបគេទល់ជាមួយនឹង Messi ខ្សែប្រយុទ្ធប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់លើកឡើងដូច្នេះថា ៖«សម្រាប់អ្នកដែលចូលចិត្ត Cristiano Ronaldo មិនត្រូវស្អប់ Messi ឡើយ ខ្ញុំមិនបានសម្លឹងមើលការប្រកួតប្រជែងបែបនេះឡើយ។»។
 
Ronaldo ថែមទាំងបានអះអាងថាភាព៖«ភាពជាគូប្រជែងបានបញ្ចប់ហើយ វាពិតជាល្អខ្លាំង អ្នកតាមដានពេញចិត្តចំពោះរឿងនេះ យើងបានចែករំលែកអាជីពនៅក្នុងក្របខណ្ឌជាមួយគ្នារយៈពេល ១៥ឆ្នាំ ហើយបានបញ្ចប់ទៅដូច្នេះ ខ្ញុំមិននិយាយថាជាមិត្តភក្ក័ឡើយ តែយើងជាកីឡាករបាល់ទាត់អាជីព យើងជាមិត្តរួមការងារ ហើយយើងគោរពគ្នាទៅវិញទៅមក។»។ 
 
​កំណត់ត្រាសរុបនៃបុរសឆ្នើមលើវិស័យបាល់ទាត់ទាំងពីរ គឺជាកីឡាករដែលឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ព្រមទាំងគ្រាប់បាល់ច្រើនជាងកីឡាករណាទាំងអស់។
 
Ronaldo ជាកីឡាកររកបានគ្រាប់ច្រើនជាងគេនៅ Real Madrid ដោយកំណត់ត្រាគេមាន ៤៥១គ្រាប់ ពីការបង្ហាញខ្លួន ៤៣៨ប្រកួត និងឈ្នះពានរង្វាន់ ១៦ ជាមួយក្លិបយក្សអេស្ប៉ាញ ហើយ Champions league ១លើក La Liga ចំនួន ២លើក និង Copa del Rey ២លើក អំឡុងរយៈពេល ៩ឆ្នាំ នៅទឹកដី Bernabeu។ Ronaldo ជួយព័រទុយហ្កាល់ឈ្នះពានរង្វាន់ UEFA Euro 2016 និង UEFA Nations League 2018 ដែលជាពានរង្វាន់លើកដំបូង។
 
Messi បង្ហាញខ្លួននៅ Barcelona ចំនួន ៧៨១ប្រកួត នឹងបានគ្រាប់បាល់ចំនួន ៦៧៤គ្រាប់ ជាកំណត់ត្រាកីឡាករដែលរកគ្រាប់ច្រើនជាងគេប្រចាំក្លិប។ កីឡាករវ័យ ៣៦ឆ្នាំ ឈ្នះពានរង្វាន់ចំនួន ៣៥ ជាមួយ Barca ក្នុងនោះរួមមាន La Liga ១០លើក Champions League ចំនួន ៤ និង Copa Del Rey ចំនួន ៩លើក។ Messi ជួយអាហ្សង់ទីនឈ្នះពាន World Cup 2022 ថែមទៀត។
 
បច្ចុប្បន្ន Ronaldo កំពុងប្រកបអាជីពនៅទឹកដីអារ៉ាប៊ីសាអូឌីតលេងឱ្យ ​Al Nassr ដោយទទួលបានថ្លៃការងារប្រចាំឆ្នាំប្រមាណ ២២០លានអឺរ៉ូ (២៤០លានដុល្លារ) ក្នុងមួយឆ្នាំ ខណៈដែល Messi បន្តអាជីពជាមួយ Inter Maimi នៅលីគប្រទេសអាម៉េរិក Major League Soccer ដែលជាទីកន្លែងដែលគេមានពេលវេលាច្រើនចំណាយពេលជាមួយនឹងក្រុមគ្រួសារ។
 
ការជួបគ្នាចុងក្រោយបំផុតនៃកីឡាករបាល់ទាត់ដ៏ល្បីល្បាញទូទាំងពិភពលោកទាំងពីរ គឺនៅក្នុងការប្រកួតរវាងក្រុម ​Riyadh All Star XI ទល់នឹងក្រុម Paris Saint Germain ដោយកាលនោះក្រុមជើងឯកមកពីបារាំងយកឈ្នះដោយលទ្ធផល ៥-៤ ដែលជាការប្រកួតមិត្តភាព៕
 

Tag:
 Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com