អន្តរជាតិ
អូស្ត្រាលី និងហ្វីលីពីន ដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ
09, Sep 2023 , 11:29 am        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (ឆ្វេង) ជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr.។ រូបភាព AP
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (ឆ្វេង) ជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr.។ រូបភាព AP
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
អូស្ដ្រាលី និងហ្វីលីពីន បានព្រមព្រៀងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិប្រចាំឆ្នាំនៅថ្ងៃទី៨ ខែកញ្ញា ខណៈពេលដែលប្រទេសទាំងពីរ បានដំឡើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ ការដំឡើងកម្រិតទំនាក់ទំនងនេះ ធ្វើឡើងស្របពេល ប្រទេសទាំងពីរប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់ រួមទាំងនៅសមុទ្រចិនខាងត្បូង។

 
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអូស្ត្រាលីទៅកាន់ហ្វីលីពីនក្នុងរយៈពេល២០ឆ្នាំនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr.។ 
 
«អូស្ត្រាលីកំពុងធ្វើការជាមួយដៃគូរបស់យើង រាប់បញ្ចូលទាំងហ្វីលីពីនដើម្បីបង្កើតរក្សាអធិបតេយ្យភាពនៅក្នុងតំបន់មួយនេះ»។ លោក អាល់បានីស បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៨ ខែសីហា។ 
 
ជាមួយគ្នានេះ មេដឹកនាំអូស្ដ្រាលីរូបនេះក៏បានពិភាក្សាអំពីការបន្តការល្បាតរួមរបស់កងទ័ពជើងទឹក ហើយក៏បានគាំទ្រលើសេចក្តីសម្រេចអាជ្ញាកណ្តាលឆ្នាំ២០១៦លើបញ្ហាសមុទ្រចិនខាងត្បូងដែលធ្វើឱ្យការទាមទាររបស់ចិនលើផ្លូវទឹកជាយុទ្ធសាស្ត្រដែលមានតម្លៃប្រហែល៣ពាន់ពាន់លានដុល្លារនៃពាណិជ្ជកម្មឆ្លងតាមកប៉ាល់ក្នុងមួយឆ្នាំៗទៅជាមោឃៈ។
 
ជាការឆ្លើយតប លោកMarcos Jr. បានបញ្ជាក់ពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអូស្រ្តាលី និងហ្វីលីពីនថា វាពិតជាសំខាន់ណាស់ផងដែរ។ 
 
បន្ថែមពីលើនេះ លោក អាល់បានីស ក៏បានបញ្ជាក់កាលពីថ្ងៃទី៧ ខែកញ្ញាថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ចិននៅចុងឆ្នាំនេះ ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអូស្ត្រាលីចាប់តាំងពីឆ្នាំ២០១៦មក។
 
គួរបញ្ជាក់ថា ពាណិជ្ជកម្មភាគច្រើនរបស់អូស្ត្រាលីគឺឆ្លងកាត់សមុទ្រចិនខាងត្បូង ដែលហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ប្រ៊ុយណេ និងតៃវ៉ាន់ កំពុងតែទាមទារតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូងនេះ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com