ជាតិ
សង្គមជាតិ
ហេតុអ្វីមន្ត្រីធំរួមទាំងគ្រួសារក្នុងបន្ទុក គួរតែប្រកាសទ្រព្យសម្បត្តិនិងបំណុល ជាសាធារណៈ?
09, Sep 2023 , 6:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
រូបពីទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ភ្នំពេញ៖ អ្នកច្បាប់ រួមទាំងអ្នកស្រាវជ្រាវ និងតស៊ូមតិ ចង់ឱ្យច្បាប់ស្ដីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅប្រទេសកម្ពុជា ប្រកាសជាសាធារណៈ សម្រាប់មន្ត្រីធំ រួមទាំងគ្រួសារក្នុងបន្ទុកទាំងមូល ដើម្បីបង្ហាញពីគណនេយ្យភាព តម្លាភាព និងដើម្បីជាគំរូសម្រាប់មន្ត្រីថ្នាក់ក្រោម។ ពួកគេជឿជាក់ថា ការធ្វើបែបនេះ នឹងធ្វើឱ្យការទប់ស្កាត់អំពើពុករលួយ កាន់តែមានប្រសិទ្ធភាពខ្ពស់។



តើអ្វីជាការប្រកាសទ្រព្យសម្បត្តិ និងបំណុល?

 
ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺជាមធ្យោបាយទប់ស្កាត់អំពើពុករលួយ ទប់ស្កាត់នឹងការលាងលុយកខ្វក់ ទប់ទល់នឹងការគេចពន្ធ។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល មានពីរប្រព័ន្ធ គឺការប្រកាសទ្រព្យសម្បត្តិ និងបំណុល មន្ត្រីសាធារណៈ ក្រោមច្បាប់ប្រឆាំងអំពើពុករលួយ និងការប្រកាសទ្រព្យសម្បត្តិ ស្វែងរកប្រាក់ចំណូល របស់ប្រជាពលរដ្ឋទូទៅ ដើម្បីដកពន្ធ ក្រោមច្បាប់ពន្ធដារ។
 
ការប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្រោមច្បាប់ប្រឆាំងអំពើពុករលួយ គឺសម្រាប់កាត់បន្ថយអំពើពុករលួយ របស់មន្ត្រីសាធារណៈ។ ចំណែកការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្រោមច្បាប់ពន្ធដារ គឺក្នុងគោលបំណង ទប់ទល់នឹងការលាងលុយកខ្វក់ និងការគេចពន្ធជាទូទៅ។

 
ហេតុអ្វីមន្ត្រីធំរួមទាំងគ្រួសារក្នុងបន្ទុក គួរតែប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ជាសាធារណៈ?
 
ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន លោក សុក សំអឿន បានប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជាគួរតែកំណត់ឱ្យមន្ត្រីមានមុខតំណែងធំៗ ប្រកាសទ្រព្យសម្បត្តិជាសាធារណៈ លើប្រព័ន្ធឌីជីថលមួយ ដែលសាធារណជនអាចចូលមើលបាន ដើម្បីបញ្ជាក់ពីតម្លាភាព។ បន្ថែមពីនោះ លោកថា ប្រពន្ធ ឬប្ដី និងកូនក្នុងបន្ទុក របស់មន្ត្រីនោះ ក៏គួរប្រកាសទ្រព្យសម្បត្តិរបស់ពួកគេដែរ ព្រោះមានទ្រព្យសម្បត្តិរួមគ្នា។
 
លោក សុក សំអឿន បន្ថែម៖«ប្រទេសគេផ្សេងៗ ឱ្យប្រកាសជាសាធារណៈ ចំពោះមន្ត្រីថ្នាក់ធំ និងថ្នាក់កំពូល។ ប្រទេសកម្ពុជា គួរតែកំណត់ឱ្យប្រកាសជាសាធារណៈដែរ ដូចជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី។ ACU មានអំណាច ឱ្យប្ដី ឬប្រពន្ធ ឬកូនប្រកាសទ្រព្យដែរ ប្រសិនមានសង្ស័យ។ ប៉ុន្តែទាល់តែសង្ស័យ ទើបប្រកាស ដូច្នេះវាពិបាកគ្រប់គ្រង។ ឧទាហរណ៍ថា ប្ដីរកប្រាក់បាន បញ្ចូលប្រាក់នោះទៅប្រពន្ធ ហើយប្រពន្ធយកទៅចាយ តើមានក្រដាសស្នាមពីណា?»។

រូបពីទំព័រហ្វេសប៊ុក Transparency International Cambodia

ដូចគ្នាដែរលោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃបណ្ដាញសមាគមយុវជនកម្ពុជា (CYN) ក៏យល់ស្របឱ្យមន្ត្រីមានឋានៈខ្ពស់ ប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួនជាសាធារណៈដែរ។ 
 
លោកថាទៅថ្ងៃមុខ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គួរតែធ្វើឡើងជា២ផ្នែកធំៗ។ ទី១ គឺក្រុមមន្ត្រីសាធារណៈ គួរតែធ្វើឡើងក្នុងទម្រង់បើកឬបិទស្រោមសំបុត្រក៏បាន។ ប៉ុន្តែចំពោះមន្ត្រីនយោបាយ ឬបុគ្គលមានអាណត្តិនយោបាយ ដូចជាតំណាងរាស្ត្រ ប្រធានអង្គភាព ឬសមាជិកគណៈរដ្ឋមន្ត្រី គួរប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនជាសាធារណៈ នៅពេលចូលកាន់តួនាទី ពាក់កណ្ដាលអាណត្តិ និងចេញពីតួនាទី។ លោកថាការធ្វើបែបនេះ ពិតជាមានសារសំខាន់ខ្លាំង ក្នុងការទប់ស្កាត់អំពើពុករលួយ។ 
 
លោក គឹមហុង ពន្យល់៖«ការប្រកាសជាសាធារណៈ ពិតជាមានសារសំខាន់ ព្រោះមានទាំងតម្លាភាព គណនេយ្យភាព ក្នុងការទទួលខុសត្រូវ ថាគាត់ពិតជាបុគ្គលស្អាតស្អំមែន និងអាចឱ្យពលរដ្ឋចូលរួមតាមដានដែរ។ នៅបណ្ដាប្រទេសធំៗ រួមមានសហរដ្ឋអាមេរិកជាដើម គេតែងតែមានប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាពិសេសបុគ្គលសាធារណៈ គេជំរុញឱ្យមានប្រព័ន្ធជាចំហ រហូតអាចស្វែងរកប្រភពចំណូល ថាពួកគាត់មានការងារអី មានមុខរបរអី មានក្រុមហ៊ុនប៉ុន្មាន។ ប្រសិនមិនប្រកាសជាសាធារណៈ មន្ត្រីទាំងនោះ នៅតែអាចលួចប្រព្រឹត្តអំពើពុករលួយបាន»។

លោក ហេង គឹមហុង ប្រធាន​ផ្នែក​​កម្មវិធីស្រាវ​ជ្រាវ និង​តស៊ូមតិនៃ​បណ្ដាញសមាគមយុវជនកម្ពុជា (CYN)

បន្ថែមពីនោះលោក គីហុង ប្រាកដថាកាប្រកាសទ្រព្យនិងបំណុល របស់ប្រពន្ធឬប្ដីនិងកូននៃមន្ត្រីធំ ពិតជាមានប្រសិទ្ធភាពខ្លាំង ក្នុងការទប់ស្កាត់អំពើពុករលួយ៖«ប្រសិនបុគ្គលនោះ ព្យាយាមលាក់បាំង មិនបង្ហាញទ្រព្យសម្បត្តិអស់ ឬព្យាយាមយកឈ្មោះប្រពន្ធ ឬប្ដីឬកូន មកជួសក្នុងការកាន់កាប់ទ្រព្យសម្បត្តិ នោះពុំមានគណនេយ្យភាព និងតម្លាភាពឡើយ ដែលគួរតែស៊ើបអង្កេតជាបន្ទាន់»។
 
ឆ្លើយតបទៅក្រុម អ្នកធ្វើការងារសង្គម លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ ថាដ្បិតបច្ចុប្បន្ន ច្បាប់ស្ដីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងប្រទេសកម្ពុជា មិនបង្ហាញជាសាធារណៈក្ដី ប៉ុន្តែទៅថ្ងៃមុខ មិនប្រាកដថាច្បាប់នោះ នៅតែបែបនេះរហូតទេ គឺអាចនឹងប្រែប្រួលតាមស្ថានភាព ឬកាលៈទេសៈជាក់ស្ដែង។
 
ទោះជាយ៉ាងណា លោកសង្កត់ធ្ងន់ថា ការប្រកាសទ្រព្យសម្បត្តិដោយសម្ងាត់ មិនមែនមានន័យថា មិនបានបម្រើឱ្យការងារ ទប់ស្កាត់អំពើពុករលួយឡើយ។ លោកថាការប្រកាសទ្រព្យសម្បត្តិ និងបំណុល ធ្វើឡើងដោយសម្ងាត់ក៏ពិតមែន ប៉ុន្តែក្នុងករណីបុគ្គលណាម្នាក់ រងការចោទប្រកាន់ ពីអំពើពុករលួយ នោះនឹងមានការបើកឯកសារប្រកាសទ្រព្យសម្បត្តិ របស់បុគ្គលនោះ។
 
លោក វិចិត្ត ពន្យល់«ច្បាប់សព្វថ្ងៃគ្រប់គ្រាន់ហើយ សម្រាប់ឆ្លើយតប នឹងស្ថានភាពជាក់ស្ដែង របស់ប្រទេសកម្ពុជា។ វាមិនមានការរាំងស្ទះអ្វីទេ ក្នុងការប្រកាសជាសាធារណៈ ហើយនឹងការប្រកាសដោយសម្ងាត់»។ 

រូបពីទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia

យ៉ាងណាក៏ដោយលោក សំអឿន បានមើលឃើញផលប៉ះពាល់តិចតួច ពីការប្រកាសទ្រព្យជាសាធារណៈ។ តែលោកនៅតែមើលឃើញថា ការប្រកាសនោះ មានផលល្អច្រើនលើសលុបជាងផលអាក្រក់។ ព្រោះការប្រកាសទ្រព្យជាសាធារណៈ គឺអាចឱ្យមន្ត្រីទាំងនោះ ទទួលបានទំនុកចិត្តខ្ពស់ពីប្រជាជន និងបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន។
 
លោក សុក សំអឿន ពន្យល់៖«មន្ត្រីថ្នាក់ធំ មានប្រព័ន្ធការពារសុវត្ថិភាពរឹងមាំ ដែលពុំអាចមានហានិភ័យខ្ពស់ឡើយ។ ប៉ុន្តែមន្ត្រីមានមុខតំណែងតូច មិនបាច់ប្រកាសជាសាធារណៈទេ ព្រោះអាចជាហានិភ័យដែរ។ បើខាងលើស្អាតហើយ ខាងក្រោមគង់តែទៅឯងទេ។ ACU ក៏ត្រូវពង្រឹងសមត្ថភាព និងស្វែងរកបច្ចេកទេសយ៉ាងណា ស្វែងយល់ពីការស៊ើបអង្កេតក្នុងកម្រិតខ្ពស់ដែរ»។ 
 
សម្រាប់លោក ហេង គឹមហុង ពាក់ព័ន្ធនឹងហានិភ័យចោរប្លន់មន្ត្រី ដែលបានប្រកាសទ្រព្យជាសាធារណៈ លោកសង្កត់ធ្ងន់ថា នគរបាលជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវតែធានានូវសន្តិសុខជាតិ និងត្រូវតែការពារមន្ត្រីទាំងនោះ។ លោកថាប្រសិនមន្ត្រីធំៗ ព្រួយបារម្ភពីអំពើចោរកម្ម នោះបង្ហាញថា ប្រទេសពុំមានសុខសុវត្ថិភាព។
 
លោក គឹមហុង បន្ថែម៖«មន្ត្រីធំៗ មានប្រព័ន្ធការពាររឹងមាំ ដូច្នេះពុំមានអ្វីត្រូវបារម្ភទេ។ ទោះជាយ៉ាងណា នគរបាលជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវធានាលើរឿងនេះ»។ 
 
លោក គឹមហុង ថាប្រសិនបុគ្គលរូបណា ដាក់ចិត្តដាក់កាយ ធ្វើជាមន្ត្រីនយោបាយ មន្ត្រីដឹកនាំជាតិ មន្ត្រីជំរុញការការពារជាតិ ដើម្បីអភិវឌ្ឍជាតិមាតុភូមិ ត្រូវតែហ៊ានធានានូវអ្វី ដែលជាតម្លាភាពពិតប្រាកដ ហើយធានាថា ខ្លួនគឺជាបុគ្គលស្អាតស្អំ។ 

រូបពីទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia

ហេតុអ្វីបានជាច្បាប់ប្រកាសទ្រព្យសម្បត្តិ និងបំណុល មានសារសំខាន់ ក្នុងការប្រឆាំងអំពើពុករលួយ?
 
លោក ហេង គឹមហុង ថាច្បាប់ស្ដីពី ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ពិតជាមានឥទ្ធិពលខ្លាំង ក្នុងការទប់ស្កាត់អំពើពុករលួយ ព្រោះវាអាចតាមដានការវិវឌ្ឍនៃទំហំទ្រព្យសម្បត្តិ របស់មន្ត្រីនីមួយៗ។ អាចដឹងពីប្រភពចំណូលទាំងអស់ របស់មន្ត្រីទាំងនោះ ថាចូលមកតាមភាពស្របច្បាប់ ឬខុសច្បាប់។ ទោះជាយ៉ាងណា លោកថាការវាយតម្លៃជាក់លាក់ និងមានការផ្សាយជាសាធារណៈ គឺជារឿងដ៏ចាំបាច់ ដែលអាចប្រាកដថា ការប្រកាសទ្រព្យសម្បត្តិនោះ ពិតជាសុក្រឹតនិងទៀងត្រង់។ 
 
«ការវាយតម្លៃជាក់លាក់ គឺមន្ត្រីជំនាញនៃអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវមើលបន្ថែមទៀត ទៅលើស្ថានភាពជីវភាពរបស់មន្ត្រី។ ប្រសិនការវាយតម្លៃនោះ មើលឃើញថា ជីវភាពមានការប្រែប្រួលខ្លាំង ប៉ុន្តែកម្រិតនៃការប្រកាសទ្រព្យសម្បត្តិនោះ ហាក់ដូចជាមិនបានបង្ហាញ ពីភាពស្មោះត្រង់ មានការលាក់បាំង នោះអាចសង្ស័យថា មានការពាក់ព័ន្ធជាមួយនឹង អំពើពុករលួយហើយ»។ នេះជាការវិភាគរបស់លោក គឹមហុង។
 
ចំណែកលោក សយ ច័ន្ទវិចិត្ត ថាការប្រកាសទ្រព្យសម្បត្តិនិងបំណុល ប្រៀបបាននឹងសរសៃឈាមមួយ ដ៏មានប្រសិទ្ធភាព ក្នុងការចូលរួមចំណែក ទប់ស្កាប់និងប្រឆាំងអំពើពុករលួយ។ ដ្បិតការប្រកាសទ្រព្យសម្បត្តិនិងបំណុល មានន័យថាបុគ្គលនោះ បានបង្ហាញនិងបញ្ជាក់អំពីការទទួលខុសត្រូវ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់ខ្លួន។ 
 
លោក វិចិត្ត បន្ថែម៖«វាពិតជាមានសារសំខាន់ណាស់ ទាំងប្រទេសកម្ពុជា ប្រទេសក្នុងតំបន់ រួមទាំងពិភពលោកដែរ យើងបានមើលឃើញថា ច្បាប់ស្ដីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ ពិតជាបានជួយដល់ ការទប់ស្កាត់អំពើពុករលួយបានមែន»។

យោងតាមការស្រាវជ្រាវរបស់ធនាគារពិភពលោក មានប្រទេសចំនួន ១៦០ បានបង្កើតឱ្យមានប្រព័ន្ធ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលមានប្រព័ន្ធផ្សេងៗគ្នា ទៅតាមប្រទេសរៀងៗខ្លួន។ នេះបើតាមឯកសារស្ដីពី របបប្រកាសទ្រព្យ និងបំណុល របស់លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន។
 
សូមបញ្ជាក់ថា នៅកម្ពុជា បុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលត្រូវបានបញ្ជាក់ក្នុងជំពូក៤ ស្ដីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល។ មន្ត្រីសាធារណៈ ដែលមានអាណត្តិជ្រើសតាំង។ សមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ប្រធានអនុប្រធាន និងមន្ត្រីទាំងអស់នៃអង្គភាព ប្រឆាំងអំពើពុករលួយ។ 
 
មន្ត្រីរាជការស៊ីវិល យោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀត ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ។ មន្ត្រីផ្សេងទៀត ដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមបញ្ជីដែលរៀបចំឡើង ដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីបានពិគ្រោះយោបល់ ជាមួយក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ។ ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការីក្រឡាបញ្ជី និងអាជ្ញាសាលា។ រួមទាំងថ្នាក់ដឹកនាំនៃសង្គមស៊ីវិល៕
  

Tag:
 ទ្រព្យសម្បត្តិ
  បំណុល
  ច្បាប់
  មន្ត្រី
  ច្បាប់ប្រកាសទ្រព្យសម្បត្តិ និងបំណុល
© រក្សាសិទ្ធិដោយ thmeythmey.com