កីឡាជាតិ
ជាតិ
លោក ស សុខា ជំរុញអត្ដពលិកបន្តពង្រឹងសមត្ថភាព សម្រាប់ព្រឹត្តិការណ៍ប្រកួតអន្តរជាតិនានា
09, Sep 2023 , 8:59 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រូបពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រូបពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជំរុញឲ្យគ្រូបង្វឹក អត្ដពលិក និងមន្ដ្រី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពង្រឹងសមត្ថភាព និងគុណភាព ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នានា ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ និង World Police and Fire Games ឆ្នាំ២០២៥ នៅសហរដ្ឋអាម៉េរិក។ រដ្ឋមន្ដ្រីរូបនេះ ក៏ជំរុញឲ្យមន្ដ្រីកីឡាទាំងនោះ ពង្រឹងនូវការរក្សាទិន្នន័យនៃការចេញប្រកួត និងសកម្មភាពកីឡានានានៃក្រសួងមហាផ្ទៃ ឲ្យបានច្បាស់លាស់ផងដែរ។ លោក ស សុខា បាននិយាយដូច្នេះ ក្នុងកិច្ចសំណេះសំណាលជាមួយ អត្ដពលិកក្រសួងមហាផ្ទៃ ដែលបានចប់ភារកិច្ចប្រកួត នៃព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លតអគ្គិភ័យពិភពលោក នៅទីក្រុង Winnipeg នៃប្រទេសកាណាដា កាលពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។

 
លោក ស សុខា បានសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ប្រសើររបស់កីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ដែលដណ្ដើមបានមេដាយ និងជ័យលាភីផ្សេងៗ ក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្ដរជាតិ។ រដ្ឋមន្ដ្រីរូបនេះ បានបន្ថែមថា អត្ដពលិកក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយប្រមាណ ៤៨% នៃចំនួនមេដាយសរុប២៨២ ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ 
 
បន្ថែមពីលទ្ធផលវិជ្ជមាននេះ អត្ដពលិកក្រសួងមហាផ្ទៃ ៤៨រូប ក៏ដណ្ដើមបាន ៧១មេដាយ ក្នុងនោះមេដាយមាស៣៣ ប្រាក់២៩ និងសំរឹទ្ធ៩ ពីព្រឹត្តិការណ៍ World Police and Fire Games 2023 នៅទីក្រុង Winnipeg ប្រទេសកាណាដា ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣កន្លងទៅផងដែរ។

លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ រូបពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
 
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យគ្រូបង្វឹក និងអត្ដពលិកទាំងអស់ បន្ដការដុសខាតសមត្ថភាព និងគុណភាពប្រកួត ដើម្បីប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ និង World Police and Fire Games ឆ្នាំ២០២៥ នៅសហរដ្ឋអាម៉េរិក។ 
 
សម្រាប់ លោក ស សុខា  ឱកាសពង្រឹងសមត្ថភាពរបស់ អត្ដពលិក និងគ្រូបង្វឹក អាចកើតឡើង តាមរយៈការចូលរួមគ្រប់ព្រឹត្តិការណ៍ប្រកួត ទាំងថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិ។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាការប្រកួតទាំងនោះ គឺជាម៉ែត្រវាស់ និងសម្រួចសមត្ថភាពអត្ដពលិក។
 
ទន្ទឹមនឹងការជំរុញឱ្យគ្រូ និងអត្តពលិកបន្តខិតខំប្រឹងប្រែង លោក ស សុខា ក៏មិនមើលរំលងការចាត់ចែង និងត្រៀមលក្ខណៈសម្រាប់ការប្រកួតនានា របស់មន្ត្រីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនោះដែរ។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ទៅ លោក សរ សិទ្ធិ  អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ យកចិត្តទុកដាក់លើ កីឡាសក្ដានុពល ដែលវាជួយតម្រង់ទិសដល់ការសម្រួច និងពង្រឹងប្រភេទកីឡានោះបន្ថែមជាជាងការពង្រឹងដោយមិនមានការច្បាស់លាស់ ធ្វើឲ្យខាតថវិកាចំណាយ។ 
 
លើសពីនេះ មន្ដ្រីកីឡាក្រសួងមហាផ្ទៃ  ត្រូវពង្រឹងឡើងវិញទិន្នន័យនៃការចូលរួមទាំងក្នុង និងនៅក្រៅប្រទេសរបស់អត្ដពលិក ដែលវាជួយដល់ការវាស់វែងសក្តានុពលកីឡា និងសមត្ថភាពរបស់អត្តពលិកផងដែរ។ «កន្លងមកយើង បានបញ្ជូនកីឡាករ ទៅក្រៅទាំងក្របខណ្ឌប្រដាប់អាវុធ និងក្របខណ្ឌផ្សេងៗ ដែលបណ្ដាប្រទេស ក្នុងតំបន់អាស៊ាន បានរៀបចំ។ ហើយយើងអត់មានទិន្នន័យថា តើយើងបានបញ្ជូនទៅប៉ុន្មានដង? យើងមិនមានទិន្នន័យថាតើកីឡាយើងណាខ្លះខ្លាំង ហើយយើងគួរផ្ដោតសំខាន់ ដើម្បីសម្រួច និងតម្រង់ទិស សម្រាប់កីឡាមួយចំនួន ព្រោះយើងមិនមានទុនដាក់គ្រប់វិស័យកីឡាដូចគេទេ។ អ៊ីចឹងហើយ យើងត្រូវគិតថា កីឡាណា យើងអាចឈ្នះមេដាយ ចាំយើងដាក់ទុន»។ នេះជាការបញ្ជាក់របស់លោក ស សុខា។
 
គួរបញ្ជាក់ផងដែរថា អត្ដពលិកកម្ពុជា ៤៨នាក់ បានចេញទៅប្រកួតព្រឹត្តិការណ៍ The 20th World Police and Fire Games នៅទីក្រុង Winnipeg នៃប្រទេសកាណាដា កាលពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ អត្តពលិកទាំងនោះ ប្រកួតលើ ១៣ប្រភេទកីឡា មានដូចជា៖  វាយកូនឃ្លីលើតុ, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ, កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, វាយកូនគោល, បាល់ទះក្នុងសាល,  Bench Press និងPush Pull Lifting។ កីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយសរុប ក្នុងមាន៖ ៧១មេដាយ ក្នុងនោះមេដាយមាស៣៣ ប្រាក់២៩ និងសំរឹទ្ធ៩៕
 
 

Tag:
 ស សុខា
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com