អន្តរជាតិ
G20 អនុញ្ញាតឱ្យសហភាពអាហ្រ្វិកក្លាយជាសមាជិកអចិន្រ្តៃយ៍
09, Sep 2023 , 9:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
សហភាពអាហ្វ្រិក ដែលមានរដ្ឋសមាជិកចំនួន ៥៥ប្រទេស ត្រូវបានអនុញ្ញាតឱ្យក្លាយជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅក្នុងអំឡុងកិច្ចប្រជុំ នៅក្រុងញូវដែលី ឥណ្ឌា ក្នុងថ្ងៃទី៩ ខែកញ្ញា។

 
សហភាពអាហ្វ្រិក ដែលជាអង្គការតំបន់មួយ និងមានសមាជិកចំនួន ៥៥ប្រទេស បានទទួលឋានៈជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ហើយ ពោលគឺមានឋានៈដូចសហភាពអឺរ៉ុប (EU) ដែរ។ កន្លងមក សហភាពអាហ្វ្រិក មានឋានៈត្រឹមអង្គការអន្តរជាតិ ដែលទទួលការអញ្ជើញចូលរួមកិច្ចប្រជុំប៉ុណ្ណោះ។ 
 
ក្នុងពិធីបើកកិច្ចប្រជុំG20 នៅក្នុងក្រុងញូវដែលី ប្រទេសឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី បានអញ្ជើញសហភាពអាហ្វ្រិក ដែលមានតំណាងដោយលោក Chairperson Azali Assoumani ឱ្យមកអង្គុយនៅតុមេដឹកនាំ។ 
 
«ជាកិត្តិយសសូមអញ្ជើញសហភាពអាហ្វ្រិកជាសមាជិកអចិន្រ្តៃយ៍នៃគ្រួសារ G20។ នេះនឹងពង្រឹងក្រុមប្រទេស G20 រួមទាំងសំឡេងរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍ»។ លោក ម៉ូឌី បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម X របស់ខ្លួន។ សំណើជាសមាជិកអចិន្រ្តៃយ៍នេះ ត្រូវបានស្នើដោយលោកម៉ូឌី នៅក្នុងខែមិថុនាកន្លងទៅ។ 
 
កន្លងមក G20 មានសមាជិកចំនួន ១៩ប្រទេស និងសហភាពអឺរ៉ុប។ ក្រុមប្រទេសមួយនេះ មានទំហំផលិតផលក្នុងស្រុកសរុបសកលប្រមាណ ៨៥ភាគរយ និងទំហំពាណិជ្ជកម្មសកលច្រើនជាង ៧៥ភាគរយ៕ 

Tag:
 G20
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com