កីឡាអន្តរជាតិ
អន្តរជាតិ
ទីផ្សារដោះដូរកីឡាករប្រទេសអារ៉ាប៊ីសាអូឌីតបានបិទ ខណៈដែល Salah នៅតែស្នាក់នៅក្លិប Liverpool
10, Sep 2023 , 8:39 am        
រូបភាព
ទីផ្សារដោះដូរកីឡាករនៅក្របខណ្ឌ Saudi Pro league បានបិទនាថ្ងៃទី៧ ខែកញ្ញា ក្រោយការចំណាយប្រាក់បំបែកកំណត់ត្រាយ៉ាងច្រើនរបស់ពួកគេក្នុងការនាំយកកីឡាករល្បីៗលើពិភពលោកមកប្រកួតប្រជែងគ្នា។ ប៉ុន្តែក្លិប Al Ittihad បានបរាជ័យក្នុងការទាក់ទាញយកខ្សែប្រយុទ្ធ Mohamed Salah ឱ្យចេញឆ្ងាយពីក្រុម Liverpool។


 
ក្លិប Al Ittihad ម្ចាស់ជើងឯកពានរង្វាន់ Saudi Pro League បានដាក់សំណើរតម្លៃ ១៥០លានផោន (១៩០លានដុល្លារ) សម្រាប់ការដេញថ្លៃយក Salah ទៅចូលរួមទឹកដីអារ៉ាប៊ីសាអូឌីត តែសំណើរត្រូវបានច្រានចោលពីសំណាក់ក្រុម Liverpool។ ក្លិប Al Ittihad បានបន្ថែមតម្លៃកើនដល់ ២១៥លានផោន (២៧០លានដុល្លារ) នៅពេលជិតបិទទីផ្សារ ហើយក៏ត្រូវក្រុមហង្សក្រហមបដិសេធសារជាថ្មី។
 
ចំពោះការដោះដូរកីឡាករពីសំណាក់ក្លិបនៅក្របខណ្ឌ Saudi Pro League អ្នកចាត់ការក្លិបមួយចំនួននៅក្នុងក្របខណ្ឌ Premier League បានរិះគន់ចំពោះទីផ្សារដោះដូររបស់ប្រទេសស្ថិតក្នុងតំបន់មជ្ឈឹមបូពា៍ ដែលបានបិទក្រោយពេលទីផ្សារលីគកំពូលអង់គ្លេស រយៈពេល ១សប្តាហ៍។


 
ក្រោយពេលដែល Cristiano Ronaldo បានផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ចូលរួមក្លិប Al Nassr កាលពីដើមឆ្នាំ ២០២៣ ក្លិបស្ថិតក្នុង Saudi Pro league ចាប់ផ្តើមវិនិយោគលើកីឡាករ ដើម្បីពង្រឹងសមត្ថភាពប្រជែងពាន។ ក្លិបចំនួន ៤ រួមមាន Al Nassr, Al Ittihad, Ah Ahli និង Ah Hilal ជាក្លិបស្ថិតក្រោមមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់ ក៏ដូចជាវិស័យកីឡាក្នុងប្រទេស ។ ក្លិបទាំង ៤ សុទ្ធសឹងជាក្លិបដែលចំណាយច្រើនជាងគេ។
 
សរុបតម្លៃដែលក្លិបមកពី Saudi Pro League បានចាយវាយលើការផ្ទេរនាទីផ្សាររដូវក្តៅ ជាង ៧០០លានផោនហើយ (៨៩៧លានដុល្លារ) ក្នុងការនាំយកកីឡាករល្បីៗពីតំបន់អឺរ៉ុបច្រើនជាង ២០នាក់។ បើតាមរបាយការណ៍របស់ក្រុមហ៊ុន Deloitte ដែលបានស្រង់ស្ថិតិការផ្ទេរកីឡាកររដូវកាល ២០២៣-២៤ កីឡាករភាគច្រើនទៅកាន់ក្លិបនៅអារ៉ាប៊ីសាអូឌីត គឺផ្ទេរចេញពី Premier League ច្រើនជាងគេ បន្ទាប់មក Ligue 1 របស់បារាំង និងរបស់ អេស្ប៉ាញ La Liga។
 
កីឡាករដែលបានផ្ទេរចេញពី Premier League មានតម្លៃសរុប ២៥០លានផោន (៣១៣,៩លានដុល្លារ)៕
 

Tag:
 Mohamed Salah
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com