អន្តរជាតិ
លោក Lula ធានាមិនចាប់ខ្លួនលោកពូទីនតាមដីការICC ប្រសិនបើចូលរួមកិច្ចប្រជុំ G20 នៅប្រេស៊ីល
10, Sep 2023 , 1:59 pm        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានសន្យាថា ប្រសិនបើលោកវ៉ា្លឌីមៀ ពូទីន ចូលរួមកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) លោកនឹងមិនត្រូវបានចាប់ខ្លួន តាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ។

 
នៅក្នុងឆ្នាំ២០២៤ ប្រេស៊ីល នឹងធ្វើជាប្រធានផ្លាស់វេននៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Firstpost នៅក្នុងថ្ងៃទី៩ ខែកញ្ញា ក្រោយកិច្ចប្រជុំG20 លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល បានអះអាងថា លោកនឹងអញ្ជើញសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកិច្ចប្រជុំនៅក្រុង Rio de Janeiro។ 
 
«ខ្ញុំជឿថា លោកពូទីនអាចទៅប្រេស៊ីដោយងាយស្រួល»។ ប្រធានាធិបតីប្រេស៊ីលបានបញ្ជាក់បែបនេះ ដោយបន្តប្រាប់អ្នកសារព័ត៌មានថា វាគ្មានផ្លូវឡើយ ដែលោកពូទីន នឹងត្រូវបានចាប់ខ្លួន។ 
 
តាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកត្រូវបានត្រូវបានចោទពីឧក្រិដ្ឋកម្មសង្រ្គាមពាក់ព័ន្ធនឹងការនាំកុមារចេញពីអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំ G20 នៅឥណ្ឌា លោកពូទីន មិនបានចូលរួមឡើយ។ បន្ថែមពីនេះ ក្នុងកិច្ចប្រជុំ BRICS ដែលរៀបចំនៅអាហ្វ្រិកខាងត្បូងកន្លងទៅ លោកពូទីន ក៏អវត្តមានដែរ។ 
 
សូមបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសដែលឯកភាពគ្នាដោយមេដឹកនាំទាំងអស់ ក្រុមប្រទេស G20 មិនបានរិះគន់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឡើយ ប៉ុន្តែបានទទូចឱ្យរដ្ឋទាំងអស់ មិនឱ្យប្រើប្រាស់កម្លាំងយោធា ដើម្បីទាមទារយកដែនដី៕ 
 

Tag:
 ប្រេស៊ីល
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com