អន្តរជាតិ
មីយ៉ាន់ម៉ា ទទួលយន្តហោះចម្បាំង Su-30 ពីរុស្ស៊ីលើកដំបូង
10, Sep 2023 , 3:49 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
មីយ៉ាន់ម៉ា បានទទួលការដឹកជញ្ជូនយន្តហោះចម្បាំង Su-30 ចំនួន ២គ្រឿង ជាលើកដំបូងពីរុស្ស៊ី។ លោក Charlie Than រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់យោធាមីយ៉ាន់ម៉ា បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ RIA ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា។

 
នៅក្នុងឆ្នាំ ២០២២ រុស្ស៊ី និងមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើការដឹកជញ្ជូនយន្តហោះចម្បាំង Su-30SME ចំនួន ៦គ្រឿង។ ពេលនេះ យន្តហោះប្រភេទនេះ ចំនួន ២គ្រឿងត្រូវបានដឹកទៅដល់មីយ៉ាន់ម៉ាហើយ។ 
 
«យន្តហោះចម្បាំងចំនួន ២គ្រឿង បានដឹកទៅដល់មីយ៉ាន់ម៉ាហើយ»។ លោក Charlie Than រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់យោធាមីយ៉ាន់ម៉ា បានប្រាប់សារព័ត៌មានរុស្ស៊ី RIA បែបនេះ នៅក្រៅវេទិកាសេដ្ឋកិច្ចខាងកើត។ 
 
វេទិកាសេដ្ឋកិច្ចខាងកើត ត្រូវបានរៀបចំឡើងដោយរុស្ស៊ីនៅក្រុងកំពង់ផែ Vladivostok ដែលមានបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីបរទេស។ 
 
តាមការបញ្ជាក់របស់ក្រុមហ៊ុន Rosoboronexport យន្តហោះចម្បាំង Su-30 ត្រូវបានបំពាក់មុខងារជាច្រើន ដើម្បីកំណត់ពីសត្រូវ ក្នុងនោះមានដូចជា ការប្រយុទ្ធ, ការឈ្លបយកការណ៍, ការហ្វឹកហាត់លើអ្នកបើកយន្តហោះជាដើម។ 
 
កន្លងមក អាម៉េរិក បានព្រមានរុស្ស៊ីពីការលក់អាវុធឱ្យមីយ៉ាន់ម៉ា ក្រោយហេតុផលថា នឹងជួយឱ្យជម្លោះនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាន់តែរីកធំឡើង និងមីយ៉ាន់ម៉ា កាន់តែមានស្ថានភាពអាក្រក់។ ជាញយៗ យោធាមីយ៉ាន់ម៉ា តែងវាយប្រហារលើកម្លាំងសត្រូវតាមរយៈពេលអាកាស ដែលបង្កឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិល និងទ្រព្យសម្បត្តិជាច្រើន៕ 
 

Tag:
 មីយ៉ាន់ម៉ា
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com