អន្តរជាតិ
វៀតណាម និងអាម៉េរិក ស្វះស្វែងរកកិច្ចសហប្រតិបត្តិការលើបម្រែបម្រួលអាកាសធាតុ
10, Sep 2023 , 7:39 pm        
រូបភាព
លោក John Kerry ប្រេសិតពិសេសរបស់ប្រធានាធិបតីអាម៉េរិកទទួលបន្ទុកលើកិច្ចការបម្រែបម្រួលអាកាសធាតុ (ឆ្វេង) ចាប់ដៃជាមួយលោក លោក ផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម នៅក្រុងហាណូយ ក្នុងថ្ងៃទី៩ ខែកញ្ញា។ រូបភាព Vietnam News
លោក John Kerry ប្រេសិតពិសេសរបស់ប្រធានាធិបតីអាម៉េរិកទទួលបន្ទុកលើកិច្ចការបម្រែបម្រួលអាកាសធាតុ (ឆ្វេង) ចាប់ដៃជាមួយលោក លោក ផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម នៅក្រុងហាណូយ ក្នុងថ្ងៃទី៩ ខែកញ្ញា។ រូបភាព Vietnam News
លោក ផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម និងលោក John Kerry ប្រេសិតពិសេសរបស់ប្រធានាធិបតីអាម៉េរិកទទួលបន្ទុកលើកិច្ចការបម្រែបម្រួលអាកាសធាតុ នៅថ្ងៃទី៩ ខែកញ្ញា បានស្វះស្វែងរកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការឆ្លើយតបបម្រែបម្រួលអាកាសធាតុ។

 
លោក ផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៩ ខែកញ្ញា បានជួបជាមួយលោក John Kerry ប្រេសិតពិសេសរបស់ប្រធានាធិបតីអាម៉េរិកទទួលបន្ទុកលើកិច្ចការបម្រែបម្រួលអាកាសធាតុ នៅក្រុងហាណូយ ពោលគឺមួយថ្ងៃមុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ 
 
ក្នុងកិច្ចសន្ទនានោះ ប្រមុខរដ្ឋាភិបាលវៀតណាមបានលើកឡើងថា វៀតណាម ជាប្រទេសមួយមានសក្តានុពលក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ហើយលោកក៏បានសុំជំនួយអាម៉េរិក ពាក់ព័ន្ធនឹងវិស័យនេះដែរ។ បើតាមលោក ផាម បម្រែបម្រួលអាកាសធាតុ ជាបញ្ហាសកល ដោយតម្រូវឱ្យមានការចូលរួមពីប្រជាជន និងសកលលោកទាំងមូល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។ 
 
ជាការឆ្លើយតប លោក John Kerry បានអះអាងថា អាម៉េរិក នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍដូចជាវៀតណាម ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ដូចជាអភិវឌ្ឍថាមពលស្អាត។ មិនតែប៉ុណ្ណោះ លោក Kerry ក៏បានចាត់ទុកវៀតណាម មានទំនាក់ទំនងល្អជាមួយអាម៉េរិកផងដែរ។ 
 
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកបៃឌិននៅវៀតណាម ត្រូវបានរំពឹងថា នឹងមានការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ស្របពេលចិន កំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់៕ 
 

Tag:
 វៀតណាម
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com