កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ កីឡា គឺមានតែពាក្យថា «ខ្លាំង ពូកែ គឺឈ្នះ»
10, Sep 2023 , 5:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រូបពី NOCC
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រូបពី NOCC
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យសិស្សានុសិស្ស ដែលជាកីឡាករ-កីឡាការិនី ប្រឹងប្រែងដុសខាតសមត្ថភាពបន្ថែម ដើម្បីដាក់គោលដៅសម្រាប់ការងារជីវិត។ រដ្ឋលេខាធិការរូបនេះ និយាយថា កីឡាគឺមានសារៈសំខាន់សម្រាប់សុខភាព ហើយអ្នក ដែលមានសមត្ថភាពនិងបច្ចេកទេសខ្លាំង គឺជាអ្នកឈ្នះ។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១០ ខែកញ្ញា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។


 
ការប្រកួតកីឡាសិស្សមធ្យមសិក្សា បានបញ្ចប់ជាផ្លូវការ ក្រោយពីបានបើកដំណើរការ កាលពីថ្ងៃទី២ ខែកញ្ញា កន្លងទៅ។ លោក វ៉ាត់ ចំរើន បាននិយាយក្នុងពិធីបិទនេះថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សា បានបង្កើតឡើង នូវអនុស្សាវរីយ៍ល្អ សាមគ្គីភាព មិត្តភាព នៅក្នុងសង្គមកីឡាកម្ពុជា។
 
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះ ក៏បានជំរុញឲ្យសិស្សានុសិស្សទាំងនោះ ប្រឹងដុសខាត់សមត្ថភាពបន្ថែម ដើម្បីឲ្យថ្ងៃអនាគតក្លាយជាកីឡាករ-កីឡាការិនីអាជីព ដើម្បីប្រកួតសម្រាប់ជាតិ។ លោក វ៉ាត់ ចំរើន បន្ដទៀតថា កីឡាជាផ្នែកមួយអាចឲ្យសិស្សានុសិស្សទាំងនោះ សម្រេចគោលដៅជោគជ័យនៃជីវិតបាន ព្រោះកីឡាសំខាន់សម្រាប់ជីវិត ដែលធ្វើឲ្យមានសុខភាពល្អ បង្កើតមិត្តភាព និងសាមគ្គីភាព។
 
«យើងទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែង ដើម្បីដាក់គោលដៅ នៃការងារជីវិតរបស់យើង។ ដើម្បីទទួលបានជោគជ័យ ក្នុងជីវិត ការងារ កីឡា គឺជាការងារសំខាន់ សម្រាប់សុខភាព សម្រាប់មិត្តភាព សម្រាប់សាមគ្គីភាព ។ កីឡា មានតែពាក្យមួយម៉ាត់ គឺខ្លាំង ពូកែ គឺឈ្នះ។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
 
បន្ទាប់ពីការប្រកួតរយៈពេល ៩ថ្ងៃនេះ គ្រប់ ២៥ ខេត្ត-រាជធានីចូលរួម សុទ្ធតែទទួលបានមេដាយ។ ដោយឡែក ភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង ដណ្ដើមបានមេដាយច្រើនជាងគេ។ រាជធានីភ្នំពេញ ឈរចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយសរុប ៥៦ ក្នុងនោះ មាស២៨ ប្រាក់ ១៤ និងសំរឹទ្ធ ១៤ តាមពីក្រោយដោយខេត្តកណ្ដាល មេដាយសរុប៣២ មាស១០ ប្រាក់១៤ និងសំរិទ្ធ៨។ ចំណែកខេត្តឈរចំណាត់ថ្នាក់លេខ៣ ខេត្តបាត់ដំបង ឈ្នះមេដាយសរុប ៣៩ មាស១០ ប្រាក់១២ និងសំរឹទ្ធ១៧។ 
 
គួរបញ្ជាក់ដែរថា ការប្រកួតកីឡាសិស្សមធ្យមសិក្សា ធ្លាប់ធ្វើម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ហើយត្រូវបានខកខាន ៣ឆ្នាំជាប់គ្នា ដោយសារតែវិបត្តិកូវីដ-១៩។ ដោយឡែក ការប្រកួត ក្នុងឆ្នាំ២០២៣ នេះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡា មកពីបណ្ដាល ២៥ខេត្ត-ក្រុង ចំនួន ៣២៥៧ នាក់។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ ១២ប្រភេទកីឡា ក្នុងនោះមាន ១០៥វិញ្ញសា។ ១២ប្រភេទ កីឡានោះមាន៖  កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្ដពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, តេក្វាន់ដូ ITF, ប៊ូល និងប៉េតង់, ល្បុក្កតោ, ហែលទឹក និង ការ៉ាតេ៕

Tag:
 ព្រឹត្តិការណ៍កីឡាមធ្យមសិក្សា
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com