ជាតិ
ជនពិការ មុយ ស៊ើ ច្នៃលួសខ្សែភ្លើងជាគ្រឿងអលង្ការអនុស្សាវរីយ៍
11, Sep 2023 , 7:59 am        
រូបភាព
លោក មុយ ស៊ើ ជាមួយគ្រឿងអលង្ការដើម្បីជូនអភិបាលខេត្តសៀមរាប ប្រាក់ សោភ័ណ
លោក មុយ ស៊ើ ជាមួយគ្រឿងអលង្ការដើម្បីជូនអភិបាលខេត្តសៀមរាប ប្រាក់ សោភ័ណ
សៀមរាប៖ ថ្នាក់ដឹកនាំស្ថាប័ន អង្គភាព មនុស្សម្នាជាច្រើនអមដោយបាច់ផ្កា កន្រ្តកផ្លែឈើ ជាដើម ដើម្បីចូលរួមអបអរក្នុងពិធីប្រកាសអភិបាលខេត្តសៀមរាបថ្មី លោក ប្រាក់ សោ ភ័ណ ។ ខុសពីអ្នកឯទៀត មុយ ស៊ើ គឺជាជនពិការជើង បានយកគ្រឿងអលង្ការមួយឈុត ជូនអភិបាលខេត្តថ្មី។

 
មិនមែនជាគ្រឿងអលង្ការមានតម្លៃរាប់ពាន់ដុល្លារអីទេ គឺមុយ ស៊ើ បានយកលួសខ្សែភ្លើង ពណ៌ទង់ដែង ច្នៃជាខ្សែក ចិញ្ចៀន និងកងដៃ។ ទោះមិនមានតម្លៃក្នុងក្រសែភ្នែកអ្នកខ្លះ តែ សម្រាប់យុវជន មុយ ស៊ើ ជាជនពិការ វាពិតជាពុំមានអ្វីមកកាន់ថ្លៃបាន។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្រោយប្រគល់វត្ថុអនុស្សាវរីយ៍ជូនអភិបាលខេត្តនាថ្ងៃទី៥ កញ្ញា មុយ ស៊ើ ថ្លែងទាំងទឹកមុខរីករាយដូច្នេះថា៖« សម្រាប់ខ្ញុំផ្ទាល់ វត្ថុនេះពិតជាមានតម្លៃមែន ទែន របស់ដែលគេបោះបង់ចោល ហើយយកមកកែច្នៃ ដើម្បីជាការប្រើប្រាស់ឡើងវិញ»។


 
ក្នុងនាមអង្គការខ្មែរជីវិតឯករាជ្យ ដែលប្រមូលផ្តុំដោយជនពិការ មុយ ស៊ើ រំពឹងថា កាដូដែល លោកខំចំណាយពេលធ្វើ៣ថ្ងៃ នឹងទទួលបានកោតសរសើរ ពេញចិត្តពីអភិបាលខេត្ត និងភរិយា។ 
សូមបញ្ជាក់ថា អង្គការខ្មែរជីវិតឯករាជ្យបង្កើតឡើងក្នុងឆ្នាំ ២០១០ ក្នុងបំណងលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារអ្នកមានពិការភាព ដោយក្នុងនោះពួកគេបានច្នៃសម្ភារ ដែលគេបោះបង់ ចោល ជាសម្ភារថ្មីអាចប្រើប្រាស់ឡើងវិញ។ ប្រធានអង្គការ លោក មុយ ស៊ើ រំពឹងថា សាធារណជនខ្មែរជួយគាំទ្រផលិតផលរបស់ជនមានពិការភាព ដែលខំកែច្នៃដោយដៃផ្ទាល់ ដើម្បីជីវភាព និងសហគមន៍ របស់ពួកគេ៕





Tag:
 សិប្បកម្ម
  ជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com